អានតួអត្ថបទ
កូឡុំប៊ី

រដ្ឋាភិបាល​កូឡុំប៊ី និង​ក្រុម​ឧទ្ទាម​Farc សម្រេច​បាន​កិច្ចព្រមព្រៀង​សន្តិភាព​ថ្មី​មួយទៀត

កិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​រដ្ឋាភិបាល​កូឡុំប៊ី ​និង​ក្រុម​ឧទ្ទាម​ទ័ពព្រៃ​Farc​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​ឡាហាវ៉ាន ​ប្រទេស​គុយបា ​កាល​ពី​ថ្ងៃ​សៅរ៍ ​ទី​១២​ វិច្ឆិកា។ នេះ​ជា​កិច្ច​ព្រមព្រៀង​ទីពីរ ​ដែល​ភាគី​ទាំងពីរ​បាន​សម្រេច​បាន ​បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​ទីមួយ ​ត្រូវ​បាន​ប្រជាជន​កូឡុំប៊ី ​បោះឆ្នោត​ប្រជាមតិ​មិន​ព្រម​ទទួល​យក។ លោក​ប្រធានាធិបតី​កូឡុំប៊ី ​ដែល​ទើប​តែ​ទទួល​បាន​ពាន​រង្វាន់​ណូបែល​សន្តិភាព​នោះ ​បាន​ប្រកាស​ថា ​មាន​ចំណុច​ជា​ច្រើន ​ត្រូវ​បាន​កែប្រែ ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ថ្មី​នេះ ​ ហើយ​វា​ជា​កិច្ច​ព្រមព្រៀង​ល្អ​បំផុត ​ដើម្បី​កសាង​សន្តិភាព​នៅ​កូឡុំប៊ី។

មេដឹកនាំក្រុម​ចរចារបស់​ក្រុម​ឧទ្ទាម​Farc ឈរ​និយាយ​ក្នុង​ពេល​​ប្រជុំ​នៅ​ក្រុង​ឡាហាវ៉ាន​ ថ្ងៃទី​១២ វិច្ឆិកា​ ២០១៦
មេដឹកនាំក្រុម​ចរចារបស់​ក្រុម​ឧទ្ទាម​Farc ឈរ​និយាយ​ក្នុង​ពេល​​ប្រជុំ​នៅ​ក្រុង​ឡាហាវ៉ាន​ ថ្ងៃទី​១២ វិច្ឆិកា​ ២០១៦ REUTERS/Enrique de la Osa
ផ្សាយពាណិជ្ជកម្ម

លោក​ប្រមុខរដ្ឋ​កូឡុំប៊ី ​Juan Manuel Santos បាន​ប្រកាស​ថា ​ កិច្ច​ព្រមព្រៀង​ថ្មី​គឺ​ជា​កិច្ច​ព្រមព្រៀង​ដ៏​ល្អ​ឥតខ្ចោះ ​ដើម្បី​បញ្ចប់​សង្រ្គាម​ស៊ីវិល​រ៉ាំរ៉ៃ ​រវាង​រដ្ឋាភិបាល ​និង​កងទ័ព​ព្រៃ​កុម្មុយនីស្តិ​Farc។ យ៉ាង​ណា​មិញ​ លោក​ប្រមុខរដ្ឋ​កូឡុំប៊ី ​ក៏​ធ្លាប់​បាន​ប្រកាស​ដូច​គ្នា​នេះ​ដែរ ​ ក្រោយ​សម្រេច​បាន​កិច្ច​ព្រមព្រៀង​លើក​មុន​ កាល​ពី​ចុង​ខែ​កញ្ញា។ តែ​ទី​បំផុត​ទៅ ​ ប្រជាជន​កូឡុំប៊ី ​បាន​បោះឆ្នោត​ប្រជាមតិ​មិន​ទទួល​យល់​ព្រម​កិច្ច​ព្រមព្រៀង​នោះ ​ ​នៅ​ថ្ងៃ​២​ តុលា។

 
ក្រុម​ការងារ​ចរចា​ ដោយ​មាន​មន្ត្រី​ការទូត​ន័រវ៉េស ​និង​គុយបា ​ជា​អ្នក​សម្រប​សម្រួល ​ បាន​ចាប់ផ្តើម​ជួប​ប្រជុំ​គ្នា ​យ៉ាង​សស្រាក់​សស្រាំ ​ចាប់​ពី​ថ្ងៃ​ទី​២២ ​តុលា ​មុន​នឹង​សម្រេច​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ថ្មី ​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១២​ វិច្ឆិកា​ ម្សិលមិញ​ នៅ​ទីក្រុង​ឡាហាវ៉ាន។

សូម​រំលឹកថា ​លទ្ធផល​ប្រជាមតិ​កាល​ពី​ថ្ងៃ​ទី​២ ​តុលា ​ដែល​សម្លេង​ភាគ​ច្រើន ​ ​គឺ​ជា​ការ​ប្រឆាំង​មិន​ទទួល​យក​កិច្ច​ព្រមព្រៀង​សន្តិភាព​នោះ ​ បាន​ធ្វើ​ឲ្យ​មតិ​អន្តរជាតិ​ មាន​ការ​ខកចិត្ត ​និង​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង។ តាម​ការ​វិភាគ ​ ក្រុម​ប្រជាជន​ដែល​ប្រឆាំង​មិន​ទទួល​យក​កិច្ច​ព្រមព្រៀង​នោះ ​គឺ​ដោយសា ពួក​គេ​យល់​ថា​ រដ្ឋាភិបាល​កូឡុំប៊ី​ធ្វើ​សម្បទាន​ច្រើន​ជ្រុល​ហួស​ហេតុ ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ទ័ពព្រៃ ​Farc ដែល​ជា​ច្រើន​ទសវត្ស​មក​នេះ ​ បាន​ធ្វើបាប​ប្រជាជន​កូឡុំប៊ី​ឥត​ប្រណី។ យោង​តាម​កិច្ច​ព្រមព្រៀង​លើក​ទីមួយ ​ក្រុម​ឧទ្ទាម​ Farc នឹងក្លាយ​ខ្លួន​ជា​គណបក្ស​នយោបាយ ​ហើយ​ពុំមាន​ការ​ចាប់​យក​ទៅ​ទទួល​ទោស​ឲ្យ​បាន​តឹងរឹង​ ចំពោះ​ទង្វើរ​ដែល​ក្រុម​ឧទ្ទាម​នេះ​ បាន​ធ្វើ​កន្លង​មក​ទេ។

យោង​តាម​របាយការណ៍ ​អាន​ដោយ​អ្នក​តំណាង​កិច្ច​ចរចា ​កិច្ច​ព្រមព្រៀង​ថ្មី​នេះ ​មាន​កំណត់​នូវ​ការ​ចូលរួម​កសាង​សន្តិភាព​ពី​គ្រប់​វិស័យ​នៃ​សង្គម ​ហើយ​វា​មាន​តំលៃ​សាមគ្គី ​ប្រមូល​គ្រប់​ទំរង់​និង​ចលនា​នយោបាយ​ទាំងអស់ ​ ជាជាង​ការ​ស្អប់​គុំគួន​បែក​បាក់​គ្នា។ អ្នក​តំណាង​កិច្ច​ចរចា​បន្ត​ថា ​ ខ្លឹមសារ​លំអិត​ ​នៃ​ចំណុច​ដែល​បាន​កែប្រែ ​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ពីរ​នេះ ​ និង​មាន​ផ្សាយ​ជូន​ប្រជាពលរដ្ឋ​កូឡុំប៊ី ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

យ៉ាងណា​ក៏ដោយ ​គេ​មិន​ទាន់​ដឹង​ថា ​តើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ថ្មី​នេះ ​នឹង​ត្រូវ​រដ្ឋាភិបាល​កូឡុំប៊ី ​យក​ទៅ​ដាក់​ជូន​ប្រជាពលរដ្ឋ​បោះឆ្នោត​ប្រជាមតិ​ដូច​កាល​ពី​លើក​មុន​ដែរ​រឺ​ទេ។ ដោយឡែក ​ លោក ​Alvaro Uribe  ​អតីត​ប្រធានាធិបតី ​និង​ជា​អ្នក​ដឹកនាំ​ចលនា​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​លើក​មុន ​បាន​បញ្ជាក់​ថា ​ រូប​លោក​បាន​សំណូមពរ​ទៅ​កាន់​លោក ​Juan Manuel Santos ​ថា​មិន​ត្រូវ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ថ្មីនេះ​ ដោយ​គ្មាន​ការ​សុំ​យោបល់ ​ពី​ប្រជាពលរដ្ឋ​កូឡុំប៊ី​ជាមុន​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ