អ.ស.ប ត្រៀមខ្លួនស្រេច ដើម្បីបន្តឃ្លាំមើលការអនុវត្តបទឈប់បាញ់នៅកូឡុំប៊ី
អង្គការសហប្រជាជាតិ បានប្រកាសឲ្យដឹងពីការត្រៀមខ្លួន ដើម្បីបន្តឃ្លាំមើល ការអនុវត្តបទឈប់បាញ់នៅក្នុងប្រទេសកូឡុំប៊ី ដែលបានចុះហត្ថលេខា ដោយរដ្ឋាភិបាល និងក្រុមឧទ្ទាមហ្វាក កាលពីថ្ងៃទី ២៩សីហាកន្លងទៅ បើទោះបីជាប្រជាមតិ បានច្រានចោលកិច្ចព្រមព្រៀងសន្តិភាពជាមួយពួកឧទ្ទាមហ្វាកក៏ដោយក្តី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៦
លោក Jean Arnault ដែលជាអ្នកតំណាងពិសេសរបស់អគ្គលេខាធិការអសបនិងជាមេដឹកនាំបេសកកម្មឃ្លាំមើលការអនុវត្តបទឈប់បាញ់នៅកូឡុំប៊ី បានដាក់ជូនរបាយការណ៍មួយស្តីពី”ព្រឹត្តិការណ៍ថ្មីៗនៅប្រទេសកូឡុំប៊ី" ជូនដល់ក្រុមប្រឹក្សាសន្តិសុខនៅទីក្រុងញូវយក។
ក្នុងរបាយការណ៍នោះ លោកបានគូសបញ្ជាក់ដែរ ពី”សារៈសំខាន់នៅលើការមូលមតិគ្នានៅជុំវិញបញ្ហាបទឈប់បាញ់"។ ម្យ៉ាងទៀតប្រជាជនកូឡុំប៊ី ក៏បានសម្តែងមតិយ៉ាងមុតមាំរបស់ខ្លួនដោយបានច្រានចោលមិនឲ្យមានអំពើហិង្សាកើតឡើងនៅក្នុងប្រទេសរបស់ខ្លួនជាថ្មីដែរ" នេះជាការគូសបញ្ជាក់បន្ថែមរបស់អ្នកតំណាងពិសេសរបស់អគ្គលេខាធិការអសប។
ចំណែកឯកអគ្គរដ្ឋទូតរុស្សីលោក Vitali Tchourkine ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខនៅអ.ស.ប.វិញ ក្រោយពីរួមប្រជុំជាអសាធារណៈរួចមក បានថ្លែងបញ្ជាក់ថា”សមាជិកទាំងអស់របស់ក្រុមប្រឹក្សា បានកត់ត្រាទុកលទ្ធផលនៃការបោះប្រជាមតិកាលពីថ្ងៃទី២តុលានៅកូឡុំប៊ីនិងសម្តែងការអបអរសាទរដែរ ចំពោះរាល់សេចក្តីសម្រេចចិត្តរបស់ភាគីទាំងពីរនៅក្នុងការគាំពារថែរក្សាបទឈប់បាញ់ជាឧបតោភាគី”។ ប្រធានក្រុមប្រឹក្សាសន្តិសុខ បានបន្តប្រាប់ទៀតថា”សមាជិកក្រុមប្រឹក្សា បានជម្រុញផងដែរ ឲ្យរាល់គូភាគីនិងសកម្មជននយោបាយកូឡុំប៊ីទាំងអស់ នាំគ្នាខ្នះខ្នែងជូយការពារនារយៈពេលដំណើរការស្វែងរកដំណោះស្រាយ និងបន្តការគាំទ្ររបស់ខ្លួននៅក្នុងកិច្ចប្រឹងប្រែងទាំងអស់នេះដែរ"។
ក្នុងពេលនេះ សមាជិកនៃក្រុមប្រឹក្សា កំពុងតែរង់ចាំ អនុសាសន៍របស់លោក បាន គីមូនអគ្គលេខាធិការអសប នៅលើការបន្តបេសកកម្មរបស់អសបនៅក្នុងប្រទេសកូឡុំប៊ី។
គួររំលឹកថា លោកប្រធានាធិបតីកូឡុំប៊ី Juan Manuel Santos និងក្រុមឧទ្ទាមកូឡុំប៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយនៅថ្ងៃទី២៦កញ្ញាដើម្បីបិទបញ្ចប់ការប្រឈមមុខអាវុធដាក់គ្នា ដែលមានរយៈពលេ៥២ឆ្នាំមកហើយនៅកូឡុំប៊ី។
សង្រ្គាមនៅកូឡុំប៊ីរវាងកងទ័ពរដ្ឋាភិបាលនិងក្រុមកម្លាំងឧទ្ទាមនានានៅក្នុងប្រទេសបានសម្លាប់ជីវិតមនុស្សប្រមាណជា ២៦ម៉ឺននាក់ បាត់ខ្លួនជនចំនួន៤ម៉ឺន៥០០០នាក់និងប្រជាជនផ្លាស់ទីលំនៅជិត៧លាននាក់នៅក្នុងប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ