អានតួអត្ថបទ
សហរដ្ឋអាមេរិក

​ផលប៉ះពាល់​នៃ​ការដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក​

ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​ថ្ងៃ​ព្រហស្បតិ៍ទី ១៧ ធ្នូ បាន​ប្រតិកម្ម​វិជ្ជមាន​ទៅនឹង​ការដំឡើង​អត្រា​ការប្រាក់ ជា​លើក​ដំបូង​បង្អស់ របស់​ធនាគារ​កណ្តាល​អាមេរិក ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​ចុងក្រោយ​នេះ។ កាលពី​ថ្ងៃ​ពុធ ធនាគារ​កណ្តាល​អាមេរិក ដែល​បាន​រក្សា​អត្រា​ការប្រាក់​ក្បែរ​សូន្យ​អស់ ជាង៧​ឆ្នាំ​នោះ បាន​ដំឡើង​អត្រា​ការប្រាក់​ប្រមាណ ០,២៥%។

បុគ្គលិក​នៅទីផ្សារ​លក់​ភាគហ៊ុន​នៅ​ញូវយ៉ក​តាម​ស្តាប់​ការប្រកាស​របស់លោកស្រី​Janet Yellen ប្រធាន​ធនាគារ​កណ្តាល​អាមេរិក ថ្ងៃពុធទី ១៦ ធ្នូ ២០១៥
បុគ្គលិក​នៅទីផ្សារ​លក់​ភាគហ៊ុន​នៅ​ញូវយ៉ក​តាម​ស្តាប់​ការប្រកាស​របស់លោកស្រី​Janet Yellen ប្រធាន​ធនាគារ​កណ្តាល​អាមេរិក ថ្ងៃពុធទី ១៦ ធ្នូ ២០១៥ ©REUTERS/Lucas Jackson
ផ្សាយពាណិជ្ជកម្ម

ធនាគារ​កណ្តាល​អាមេរិក​បាន​ប្រកាស​ដំឡើង​អត្រា​ការប្រាក់​ប្រមាណ ០,២៥%។ ជា​ចំណាត់ការ​មិនធ្លាប់​មាន ក្នុង​រយៈពេល ជិត ១០​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ មិនមែន​ដំណឹង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ។ លុយ​ដុល្លារ​ដែល​ចាប់​ឡើងថ្លៃ ជា​សញ្ញា​ឲ្យ​គេ​ដឹងថា ធនាគារ​កណ្តាល​អាមេរិក​ត្រូវ​ដំឡើង​អត្រា​ការប្រាក់​របស់ខ្លួន ដែល​ត្រូវ​បាន​រក្សា​ស្មើ​សូន្យ អស់​រយៈពេល ៧​ឆ្នាំ។ វិធានការ​របស់​ធនាគារ​កណ្តាល​អាមេរិក​​​បាន​ធ្វើ​ឲ្យ​តម្លៃ​លុយ​ដុល្លារ បាន​ឡើង​ថ្លៃ នៅ​ថ្ងៃ​ព្រហស្បតិ៍ បើ​ប្រៀបធៀប​នឹង​រូបិយប័ណ្ណ​បរទេស​ផ្សេង​ទៀត ដូចជា​លុយ​យេន​របស់​ជប៉ុន ឬ​លុយ​ដុល្លារ​អូស្រ្តាលី​ជាដើម។

 

 
នៅ​ចន្លោះ​ឆ្នាំ ២០០៧ និង​ឆ្នាំ ២០០៨ ធនាគារ​កណ្តាល​អាមេរិក បាន​ទម្លាក់​អត្រា​ការប្រាក់​របស់ខ្លួន ពី ៥,២៥% រហូត​ដល់​សូន្យ ក្នុងទិសដៅ ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​របស់​អាមេរិក​ដែល​បាន​ស្គាល់​ការដើរ​ថយក្រោយ ដោយសារ​តែ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក ឆ្នាំ ២០០៨។ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​អាមេរិក កាលណោះ ធនាគារ​កណ្តាល​អាមេរិក បាន​ចាក់​បញ្ចូល​ផងដែរ សាច់ប្រាក់​២៥០០ ពាន់​លាន​ដុល្លារ ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​អាមេរិក។ ក្នុង​រយៈពេល ៧​ឆ្នាំ ធនាគារ​កណ្តាល​អាមេរិក​បាន​រក្សា​អត្រា​ការប្រាក់​នៅ​ត្រឹម​សូន្យ។

នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ម្សិលមិញ លោកស្រី Janet Yellen ប្រធាន​ធនាគារ​កណ្តាល​អាមេរិក បាន​មាន​ប្រសាសន៍​ថា ការដែល​ធនាគារ​កណ្តាល សម្រេច​ដំឡើង​អត្រា​ការប្រាក់​នៅ​ពេល​នេះ ដោយមក​តែ​ពី​ធនាគារ​បាន​សម្រេច​គោលដៅ​របស់ខ្លួន នោះ គឺ​ចំនួន​អ្នកអត់​ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​នៅ​អាមេរិក មក​នៅ​ត្រឹម​៥%។ លើស​ពី​នោះ អត្រា​អតិផរណា​ក៏​បាន​កើនឡើង ដល់​២​ភាគរយ​ដែរ។ ការថយចុះ​នៃ​អ្នកគ្មាន​ការងារ​ធ្វើ ហើយ​និង​អតិផរណា​កើនឡើង គឺ​ជា​កត្តា​សំខាន់​ពីរ​ដែល​បង្ហាញ​ថា សេដ្ឋកិច្ច​របស់​អាមេរិក​បាន​ចាប់​រឹងមាំ​ឡើងវិញ បន្ទាប់​ពីបាន​ដើរ​ថយក្រោយ​ខ្លាំង ដោយសារ​​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨។ ការប្រកាស​ដំឡើង​អត្រាការប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក​ក៏​ជា​ជំហាន​មួយ​សំខាន់ ដែល​បង្ហាញ​ថា អ្វីៗ​បាន​ត្រលប់​ទៅ​រកភាព​ធម្មតា ហើយ​ដែល​គេ​ជឿទុកចិត្ត​ថា សេដ្ឋកិច្ច​របស់​អាមេរិក​បាន​ចាប់​ល្អ​ប្រសើរ​ឡើងវិញ។

ធនាគារ​កណ្តាល​អាមេរិក​នៅ​បាន​ព្យាករ​ថា សេដ្ឋកិច្ច​អាមេរិក​នឹង​បន្ត​កើន​ឡើង​បន្តិច ពីរ ២,៣% ទៅ ២,៤%​នៅ​ឆ្នាំ​ក្រោយ។ ដោយសារមក​តែ​ពី ការដំឡើង​អត្រា​ការប្រាក់​មិនធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច អ៊ីចឹង​ហើយ​បាន​ទីផ្សារ​ហិរញ្ញវត្ថុ​អាមេរិក និង​នៅ​កន្លែង​ផ្សេងទៀត ដូចជា​នៅ​អាស៊ី ឬ​អឺរ៉ុប ស្វាគម​អបអរ រហូត​ធ្វើ​ឲ្យ​តម្លៃ​ភាគហ៊ុន នៅ​ទីផ្សារ​មូលប័ត្រ បាន​កើន​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ធនាគារ​កណ្តាល​អាមេរិក​បាន​បញ្ជាក់ដែរថា អត្រា​ការប្រាក់​នឹង​ត្រូវ​ដំឡើង​ដោយ​សន្សឹមៗ មិន​គំហុក​នោះទេ។ គេ​រំពឹង​ថា អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក​នឹង​ឡើង​ដល់ ៣,៣​នៅ​ឆ្នាំ ២០១៩។

ផល​ប៉ះពាល់​នៃ​ការដំឡើង​អត្រា​ការប្រាក់ របស់​ធនាគារ​កណ្តាល​អាមេរិក
អ្នក​ដែល​ទទួល​ប្រយោជន៍​ពី​ការដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក គឺ​ក្រុម​អ្នកសន្សំ​ប្រាក់​នៅ​អាមេរិក និង​ក្រុម​អ្នកវិនិយោគទុន​បរទេស ដែល​សង្ឃឹម​ថា នឹង​បាន​ប្រាក់​ចំណេញ ដែល​បាន​មក​ពី​អត្រា​ការប្រាក់​ខ្ពស់ ពីទឹកប្រាក់​វិនិយោគ ដែល​ខ្លួន​ឲ្យ​គេ​ខ្ចី។

ក្នុង​រយៈពេល​វែង ការដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក ​នឹង​មិន​ប៉ះពាល់​ដល់​ប្រជាជន​អាមេរិកាំង​ទេ ជាពិសេស អ្នក​ដែល​ខ្ចីប្រាក់​ពី​ធនាគារ​សម្រាប់​ទិញផ្ទះ​ជាដើម ព្រោះ​ពួកគេ​ខ្ចី​ក្នុង​រយៈពេល​វែង ជាមួយ​នឹង​អត្រាការប្រាក់​ដែល​គេ​កំណត់ តាំង​ពី​ពីមុន​ការប្រកាស​ដំឡើង​អត្រាការប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក។ ចំនួន​ប្រជាជន​អាមេរិកាំង ដែល រស់នៅ​ ជំពាក់​បំណុល​គេ ក៏​មាន​កាន់តែ​តិច បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៨។

ដូច្នេះ ការដំឡើង​អត្រា​ការប្រាក់​នឹង​ប៉ះពាល់​តិចតួច​បំផុត ជីវភាព​របស់​ប្រជាជន​អាមេរិក ដែល​មួយចំនួន​ត្រូវការ​ខ្ចីប្រាក់​ដើម្បី ទិញ​សំភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​នេះ​មិនមែន​មាន​ន័យ​ថា វា​ជា​ដំណឹង​ល្អ ១០០% សម្រាប់​ប្រទេស ឬ​ក្រុមហ៊ុន​ដែល​មាន​ជាប់​បំណុល ជា​លុយ​ដុល្លារ​នោះ​ទេ។ ការដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក​នឹង​ធ្វើ​លុយ​ដុល្លារ ឡើង​ថ្លៃ ជា​ស្វ័យប្រវត្តិ (អ្នកដែល​ចាយ​លុយ​បរទេស នឹង​ឃើញ​ការចំនាយ​របស់ខ្លួន​កើនឡើង នៅពេល​គេ​ធ្វើដំណើរ​កំសាន្ត​នៅ​ទឹកដី​អាមេរិក)។ គេ​ព្រួយ​បារម្ភ​ថា ក្រុមហ៊ុន​ដែល​កំពុង​ជំពាក់​បំណុលច្រើន នឹង​អាច​ជួបវិបត្តិ ព្រោះថា ការដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក​នឹង​លើក​ទឹកចិត្ត​ឲ្យ​គ្រប់​ធនាគារ​ផ្សេង​ទៀត នៅ​លើ​ពិភពលោក​ដំឡើង​អត្រា​ការប្រាក់​ដែរ។

ជាក់ស្តែង ក្រុមហ៊ុន​ខាង​នាំ​ចេញ​វត្ថុធាតុ​ដើម និង​ក្រុមហ៊ុន​ប្រេង​ជាដើម ដែល​មាន​ប្រាក់​ចំណូល​ធ្លាក់​ចុះ រួច​ទៅ​ហើយ ដោយសារ​តម្លៃ​ប្រេង​ធ្លាក់ចុះ នឹង​ត្រូវ​រង​សង្កត់​ក​មួយ​ជាន់ទៀត ដោយ​ត្រូវ​ចំណាយ​លុយ​បន្ថែម ដើម្បី​បង់​ថ្លៃ​ការប្រាក់​ដែល​ឡើង​ខ្ពស់។

តើប្រទេស​ណាខ្លះ ដែលប៉ះពាល់​ខ្លាំង​ជាងគេ?
ប្រទេស​ដែល​ទើប​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ថ្មី ដែល​ត្រូវ​រងប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ការប្រកាស​ដំឡើង​ការប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក។ តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ អាមេរិកាំង CNN ប្រេស៊ីល តួកគី និង​អាហ្រ្វិក​ខាងត្បូង​ជាដើម នឹង​រងគ្រោះ​ដោយសារ​ការដំឡើង​អត្រាការប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក។

ប្រេស៊ីល ដែល​កំពុង​ជាប់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច កំពុង​ឃើញ​តម្លៃ​រូបិយប័ណ្ណ​ជាតិ​របស់ខ្លួន ធ្លាក់​ចុះ​ខ្លាំង​បើប្រៀបធៀប​នឹង​លុយ​ដុល្លារ​អាមេរិក។ ប្រេស៊ីល​ជា​ប្រទេស​ទី ២ នៅក្នុង​ពិភពលោក បន្ទាប់​ពី​ចិន ដែល​មាន​បំណុល​របស់​ខ្លួន ជា​ដុល្លារ។ ក្នុង​រយៈពេល ជិត ១០​ឆ្នាំ​ចុងក្រោយនេះ ដោយ​ឃើញ អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​មាន​តម្លៃ​ស្មើ​សូន្យ ​ក្រុមហ៊ុន​ប្រេស៊ីល​ជាច្រើន​បាន​ខ្ចី​លុយ​រាប់ពាន់​លាន​ដុល្លារ។ ដូច្នេះ បើសិន​ប្រាក់ដុល្លារ ឡើង​ថ្លៃ ដោយ​មក​ពី​ការដំឡើង​អត្រា​ការប្រាក់ របស់​ធនាគារ​កណ្តាល​អាមេរិក នោះ ក្រុមហ៊ុន និង​រតនាគារ​ជាតិ​ប្រេស៊ីល​នឹង​អាច​ជួប​វិបត្តិ​ប្រាក់បំណុល។

តួកគី​វិញ ដែល​បាន​ចំណេញ​ច្រើន​បំផុត ដោយសារ​អត្រា​ការប្រាក់​សូន្យ​របស់​ធនាគារ​កណ្តាល​ជាង ៧​ឆ្នាំ​រហូត​មក នឹង​ត្រូវ​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​វិធានការ​របស់​ធនាគារ​កណ្តាល​អាមេរិក នៅថ្ងៃ​ម្សិលមិញ។ អត្រា​ការប្រាក់​សូន្យ របស់​ធនាគារ​កណ្តាល​អាមេរិក​ធ្លាប់​បាន​ជំរុញឲ្យ​ក្រុមហ៊ុន​បរទេស ទៅ​បោះទុន វិនិយោគ​យ៉ាង​គំហុក និង​បាន​ជួយ​ឲ្យ​តួកគី​មាន​កំណើន​សេដ្ឋកិច្ច​ដល់​ទៅ ៩ ភាគរយ ពី​ឆ្នាំ​២០១០ ដល់ឆ្នាំ ២០១១។

ឆ្នាំនេះ កំណើន​សេដ្ឋកិច្ច​របស់​តួកគី​មាន​ត្រឹម ៣ភាគរយ។ ប្រាក់​ដុល្លារ​ឡើង​ថ្លៃ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​តួកគី​កាន់តែ​យាប់យ៉ឺន ព្រោះថា តួកគី​រស់ពឹង​ដោយ​ការនាំចូល ច្រើនជាង ការនាំចេញ។ អត្រាការប្រាក់​ខ្ពស់​របស់​អាមេរិក​នឹង​ធ្វើ​ឲ្យ​ការនាំចូល​របស់​តួកគី​មាន​តម្លៃឡើង​ថ្លៃ ខ្ពស់​កប់ពពក។

ចុងក្រោយ គឺ​អាហ្វ្រិក​ខាងត្បូង ដែល​រស់​ដោយសារ​ការវិនិយោគ​ពី​បរទេស។ ដូច្នេះ តម្លៃ​លុយ​ដុល្លារ​ខ្ពស់​នឹង​ធ្វើ​ឲ្យសេដ្ឋកិច្ច​របស់​អាហ្រ្វិក​ខាងត្បូង កាន់តែ​ពិបាក។ នេះ​គេ​នៅមិនទាន់​និយាយ​ពី​វិបត្តិ​ដែល​អាហ្វ្រិក​ខាងត្បូង​កំពុង​ជួប​ពេលបច្ចុប្បន្ន​ដោយសារ​តែ តម្លៃ​ធនធាន​រ៉ែ របស់​ខ្លួន ធ្លាក់​ចុះ​ថ្លៃ ដោយសារ​តែ​តម្រូវការ​ថយចុះ ក្នុង​ទីផ្សារ​ពិភពលោក ជាពិសេស​នៅ​ចិន ដែល​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច មិន​ដើរទៅមុខ។

ការដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក​អាច​ជា​សញ្ញា​ល្អ​បញ្ជាក់ថា សេដ្ឋកិច្ច​របស់​មហាអំណាច​អាមេរិក​រឹងមាំ​ឡើងវិញ ប៉ុន្តែ ជាមួយ​គ្នានេះ វា​បានផ្តល់​ផលវិបាក​ច្រើន​ដល់​ប្រទេស ដែល​មាន​ជាប់បំណុល​ជា​ប្រាក់​ដុល្លារ។ តាម​អ្នកវិភាគជាច្រើន នេះ​មិនមែន​ជាពេលវេលា​ល្អ​ដែល​គេ​ត្រូវ​ដំឡើង​អត្រាការប្រាក់​ទេ។ ប្រទេស​ជាច្រើន ដែល​កំពុង​មាន​សេដ្ឋកិច្ច​មិន​ដើរ​ទៅមុខ ឬ​មាន​តែ​ដើរថយ​ក្រោយ កំពុង​ត្រូវការ​ប្រាក់វិនិយោគ ក្នុង​អត្រាការប្រាក់​ទាប។ ជំហរ​របស់​ធនាគារ​កណ្តាល​របស់​អាមេរិក​កំពុង​ដើរ​ផ្ទុយស្រឡះ​ពី​ធនាគារ​កណ្តាល​អឺរ៉ុប​ដែល​នៅ​ដើម​ខែ​ធ្នូ បាន​បញ្ចុះ​អត្រា​ការប្រាក់ មក​នៅ​ត្រឹម ០,៣% និង​ចាក់​សាច់​លុយ​ប្រមាណ​៦០​ពាន់​លាន​អឺរ៉ូ ដើម្បី ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​អឺរ៉ុប។ នៅថ្ងៃ​ព្រហស្បតិ៍ លុយ​អឺរ៉ូ​បាន​ធ្លាក់​ចុះ​បន្តិច បើប្រៀបធៀប​នឹង​លុយដុល្លារ ពី ១,០៩៣០​មក​១,០៨៦៨ដុល្លារ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ