អានតួអត្ថបទ
អាស៊ាន

បណ្តា​ប្រទេស​អាស៊ាន​បារម្ភ​ពី​ផលវិបាក​បង្កដោយ​នយោបាយ​ធនាគារ​កណ្តាល​អាមេរិក​

នៅថ្ងៃ​សៅរ៍​ម្សិលមិញ ​ក្នុង​កិច្ចប្រជុំ​នៅ​ភូមា ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​​បណ្តា​ប្រទេស​អាស៊ានទាំង​១០​ ​​បាន​អំពាវនាវ​អោយ​មាន​ការ​ប្រុងប្រយ័ត្ន​​ចំពោះ​ផលវិបាក​នានា​ដែល​អាច​បង្កឡើង​ដោយ​នយោបាយ​​របស់​ធនាគារ​កណ្តាល​អាមេរិក ហៅកាត់​ថា ធនាគារ​FED។ ធនាគារ​​កណ្តាល​អាមេរិក​កំពុង​ចាប់ផ្តើម​កាត់បន្ថយ​​ជំនួយ​​​​សម្រាប់​សេដ្ឋកិច្ច​​​​​​អាមេរិក ជា​មូលហេតុ​​ធ្វើអោយ​អ្នកវិនិយោគ​​​ដក​​ដើមទុន​រកស៊ី​របស់​ខ្លួន​ ចេញ​ពី​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​ត្រលប់​ទៅ​រកស៊ី​នៅ​អាមេរិក​វិញ។

ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន នៅ​ភ្នំពេញ​ កាលពី​ឆ្នាំ​២០១២
ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន នៅ​ភ្នំពេញ​ កាលពី​ឆ្នាំ​២០១២ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

ក្នុង​ជំនួប​ប្រជុំ​​នៅ​ភូមា​ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​​នៃ​ប្រទេស​អាស៊ាន​ទាំង១០ បាន​សំដែង​ការ​ព្រួយបារម្ភ​ចំពោះ​ផលវិបាក​នានា ដែល​អាច​បង្កឡើង​ដោយ​នយោបាយ​​របស់​ធនាគារ​កណ្តាល​អាមេរិក ហៅ​កាត់ថា ធនាគារ​FED។ មូលហេតុ​គឺ​ថា ​ធនាគារ​FED កំពុង​កាត់បន្ថយ​ការគាំទ្រ​និង​​ជំនួយ​​ដែល​ខ្លួន​ធ្លាប់​ជួយ​ដល់​សេដ្ឋកិច្ច​​សហរដ្ឋអាមេរិក។ ដូច្នេះ អ្នកវិនិយោគ​នានា ដែល​ធ្លាប់​ដាក់​ដើមទុន​រកស៊ី ក្នុង​បណ្តា​ប្រទេស​អាស៊ាន ក៏​ចាប់​ផ្តើម​​ដក​ដើមទុន​របស់​ខ្លួន ដើម្បីត្រលប់​ទៅ​រកស៊ី​នៅ​អាមេរិក​វិញ។ ​

គួរ​រំលឹក​ថា ធនាគារ​កណ្តាល​អាមេរិក​មាន​គោលនយោបាយ​​បង្កើត​រូបិយបណ្ណ ​និង​ទិញ​យក​បំណុល​​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា។ នយោបាយ​នេះ​ជួយ​ជំរុញ​សំទុះ​សេដ្ឋកិច្ច​​ និង​ជំរុញ​ទឹកចិត្ត​សហគ្រាស និង​គ្រួសារ​​​ជាច្រើន​អោយ​ហ៊ាន​ខ្ចី​​ប្រាក់កាស។ ដោយសារ​នយោបាយ​នេះ ចាប់ពី​​ឆ្នាំ​២០០៨មក​ អ្នកវិនិយោគ​ជាច្រើន​បាន​នាំគ្នា​​មកដាក់ទុន​រកស៊ី​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ដែល​មាន​ឧស្សាហកម្ម​កំពុង​រីកលូតលាស់ ​ បែបយ៉ាង​​នៅ​ឥណ្ឌូណេស៊ី ហ្វីលីពីន រឺក៏​ថៃ ដើម្បី​រក​ផលចំណេញ។ ប៉ុន្តែ ​ឥឡូវនេះ សេដ្ឋកិច្ច​អាមេរិក​ចាប់​ផ្តើម​​​ងើបក្បាល​ឡើង​បន្តិច​ម្តងៗ ធ្វើ​អោយ​ធនាគារកណ្តាល​អាមេរិក​​ចាប់ផ្តើម​កាត់បន្ថយ​ជំនួយ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​អាមេរិក​ផងដែរ។ ដូច្នេះ ជាផលវិបាក​ជាក់ស្តែង ​អ្នកវិនិយោគ​ក៏​ត្រូវ​ដក​ដើមទុន​រកស៊ី ពី​បណ្តា​ប្រទេស​អាស៊ាន ត្រលប់​ទៅ​​វិនិយោគ​​នៅ​អាមេរិក​វិញ ហើយរូបិយបណ្ណ​នៅ​ប្រទេស​អាស៊ាន​ដូច​ជា​ឥណ្ឌូណេស៊ី​ បាន​ធ្លាក់ចុះ​ភ្លាមៗ​ផងដែរ។

ជាដំណោះស្រាយ ​​បណ្តា​ប្រទេស​អាស៊ាន​​ផ្តោត​ការ​យកចិត្ត​ទុកដាក់​​​លើ​ការកាត់បន្ថយ​ឱនភាព​ថវិកា​ក្នុង​ស្រុក និង​​​​ទប់ស្កាត់​ការ​​បញ្ចេញ​លុយ​សុទ្ធ​​ចេញ​ពី​បណ្តា​​ប្រទេស​​អាស៊ាន​ទៅ​​បរទេស។ ទោះយ៉ាងនេះ​ក្តី ធនាគារ​អភិវឌ្ឍ​អាស៊ី​ បាន​លើកឡើង​ថា នៅ​ពេលនេះ គ្រឹះ​ម៉ាក្រូសេដ្ឋកិច្ច​​របស់​អាស៊ាន​មានលក្ខណៈ​រឹងមាំ​ជាងកាលពី​​ឆ្នាំ​១៩៩៧ ជាឆ្នាំដែល​អាស៊ាន​រង​វិបត្តិ​​ហិរញ្ញវត្ថុ។

ធនាគារ​អភិវឌ្ឍអាស៊ី​​រំពឹង​ថា អាស៊ាន​នឹង​ជួបកំណើន​ចាប់​ពី​៥ភាគរយ​​ឡើង​ទៅ ក្នុង​ឆ្នាំ​២០១៤នេះ ហើយ​កំណើន​នេះ​ឡើង​ដល់​៥,៤ភាគរយ ​នៅឆ្នាំ​២០១៥។ គួររំលឹក​ដែរ​ថា ចាប់ពី​ពេលនេះ​រហូត​ឆ្នាំ​២០១៥ បណ្តា​ប្រទេស​អាស៊ាន​ដែល​មានប្រជាជន​សរុប​ ៦០០​លាននាក់​នោះ ​​​ចង់​បង្កើត​អោយ​មាន​សហគមន៍​សេដ្ឋកិច្ច​មួយ ដើម្បី​ងាយស្រួល​ប្រកួត​ប្រជែង​​ជាមួយ​ចិន​និង​ឥណ្ឌា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ