អានតួអត្ថបទ
សហរដ្ឋអាមេរិក

លទ្ធផល​នៃកិច្ច​សន្ទនា​តាម​ទូរស័ព្ទ​របស់​ដូណាល់ ត្រាំ​ ជាមួយ​មេដឹក​នាំ​ធំៗ

កាលពី​ថ្ងៃ​សៅរ៍​ទី​២៨​ មករា ​លោក​ដូណាល់ ត្រាំ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ បាន​ទូរស័ព្ទ​និយាយ​ឆ្លើយឆ្លង ​ជា​លើក​ដំបូង​បង្អស់ ​ជាមួយ​មេដឹកនាំ​ធំៗ​ពិភពលោក ​ មាន​លោក​ប្រធានាធិបតី​រុស្ស៊ី ​លោកស្រី​អធិការបតី​អាល្លឺម៉ង់ ​លោក​នាយករដ្ឋ​មន្ត្រី​ជប៉ុន ​និង​លោក​ប្រធានាធិបតី​បារាំង។ ការ​សន្ទនា​តាម​ទូរស័ព្ទ​នេះ ​ គឺ​ជា​ឱកាស​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ថ្មី ​ត្រូវ​បង្ហាញ​គោល​ជំហរ ​ស្តីពី​នយោបាយ​កិច្ចការ​បរទេស ​ព្រមទាំង​សហប្រតិបត្តិការ ​ជាមួយ​ប្រទេស​មហាអំណាច​ផ្សេងទៀត។

លោកដូណាល់ ត្រាំ ​ដៃ​កាន់​ទូរស័ព្ទ​និយាយ នៅក្នុង​​សេតវិមាន
លោកដូណាល់ ត្រាំ ​ដៃ​កាន់​ទូរស័ព្ទ​និយាយ នៅក្នុង​​សេតវិមាន REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​គេ​រំពឹង​រងចាំ​តាម​ដាន​ជា​យូរ​មកហើយ ​បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៨មករា​​ នៅ​ពេល​​ដែល​លោក​ដូណាល់ ត្រាំ ​បាន​ទូរស័ព្ទ​ទៅ​និយាយ ​ជាមួយ​មេដឹកនាំ​ប្រទេស​មហាអំណាច​ផ្សេងទៀត​ មាន​ជប៉ុន​ បារាំង ​អាល្ហឺម៉ង់ ​និង​រុស្ស៊ី។ អ្វីដែល​ធ្វើ​ឲ្យ​គេ​ចង់​តាមដាន​ ក៏​ដោយសារតែ​កន្លង​មក​នេះ ​ លោក​ដូណាល់ ត្រាំ ​បាន​និយាយ​រិះគន់​សហភាព​អឺរ៉ុប​ និង​ជា​ពិសេស​លោកស្រី​អង់ហ្គេឡា ​មែរគែល ​ដោយ​ចំហរ។ បន្ថែម​ពីនេះ ​លោក​ដូណាល់ ត្រាំ​ បាន​សម្រេច​ដក​ខ្លួន​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​អន្តរ​ប៉ាស៊ីហ្វិក ​ធ្វើ​ឲ្យ​ជប៉ុន​ខកចិត្ត​ជា​ខ្លាំង។ ហើយ​ចុងក្រោយ ​គឺ​គេ​ចង់​ដឹង​ថា​ លោកត្រាំ ​ ប្រកាន់សំដី​បែបណា​ជាមួយ​លោក​ពូទីន​ ប្រធានាធិបតី​រុស្ស៊ី​ ដែល​គ្រប់​គ្នា​ជឿ​ថា ​ បាន​ជួយ​ជ្រោមជ្រែង​ឲ្យ​លោក​ដូណាល់ ត្រាំ ​បាន​ឈ្នះឆ្នោត​។

 
អ្វីដែល​គេ​សង្កេត​ឃើញ ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោកត្រាំ ​ជាមួយ​មេដឹកនាំ​ប្រទេស​ទាំង​៤ ​ គឺ​លោក​ត្រាំ​ហាក់​ប្រកាន់​ជំហរ​កណ្តាល ​ មិន​ក្អេងក្អាង​ត្រគោះ​បោះបោក​ដូច​សព្វ​មួយ​ដង។

ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​ លោកត្រាំ​បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​ នឹង​បន្ត​បំពេញ​តួនាទី​ ធានា​សន្តិសុខ​ជូន​ជប៉ុន​យ៉ាង​ម៉ដ្ឋចត់។ ក្នុង​ន័យ​នេះ ​យើង​អាច​យល់​បាន​ថា ​លោក​ដូណាល់ ត្រាំ​ចង់​សំដៅ​ដល់​ការ​គំរាម​កំហែង​របស់​ចិន​ដោយ​ប្រការ​ណាមួយ ​មក​លើ​ជប៉ុន ​ ហើយ​ថា​អាមេរិក ​នៅ​ខាង​ជប៉ុន​ជានិច្ច។ លោក​ ស៊ិន ហ្សូអាបេ ​នឹង​អញ្ជើញ​មក​ជួប​លោក​ត្រាំ ​នៅ​ថ្ងៃ​១០​កុម្ភៈ​ខាង​មុខ។ គួរ​រំលឹក​ដែរ​ថា ​លោក​ដូណាល់ ត្រាំ ​មិន​បាន​ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​លោក​ស៊ី ជីនពីង ​ប្រធានាធិបតី​ចិន​ទេ។

ជាមួយ​នឹង​លោក​ស្រី​អង់ហ្គេឡា មែរគែល ​ លោក​ដូណាល់ត្រាំ ​បាន​ទប់​មាត់​ទប់ក ​ មិន​រិះគន់​លោកស្រី​ ដូចកាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ទេ។ បើ​យោង​តាម​លិខិត​ជូន​ដំណឹង​របស់​សេតវិមាន​ ស្តីពី​កិច្ច​សន្ទនា​នេះ​ មេ​ដឹកនាំ​ទាំងពីរ ​អាមេរិក​ អាល្លឺម៉ង់ ​បាន​យល់​ឃើញ​ដូចគ្នា​ពី​តួនាទី​របស់​OTAN ​ក្នុង​ការ​រក្សា​ស្ថិរភាព ​និង​សន្តិសុខ ​ក្នុង​តំបន់​អាត្លង់ទិក​ខាង​ជើង។ លោកត្រាំថា​លោក​នឹង​អញ្ជើញ​លោកស្រី​ អង់ហ្គេឡា មែរគែល​ មក​វ៉ា​ស៊ីងតុន​ ក្នុង​ពេល​ខាង​មុខ។

ចំណែក​ជាមួយ​លោក​ពូទីន​ ប្រធានាធិបតី​រុស្ស៊ី​វិញ ​មេដឹកនាំ​ទាំង​ពីរ​ បាន​សន្យាថា​ នឹង​រួម​កម្លាំង​គ្នា ​ដើម្បី​វាយ​កម្ទេច​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​នៅ​ស៊ីរី។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​វិមាន​ក្រឹមឡាំង។ ជា​ការពិត ​ខាង​សេតវិមាន ​ បាន​ព្រលយ​ពាក្យ​ឲ្យ​ដឹង​ជា​មុន​ថា ​ រដ្ឋាភិបាល​លោក​ត្រាំ ​មាន​គម្រោង​បញ្ជូន​កម្លាំង​ទៅ​សហការ​ជាមួយ​កងទ័ព​រុស្ស៊ី ​នៅ​ស៊ីរី។ ក្រៅពី​នេះ ​លោកត្រាំ ​និង​លោក​ពូទីន ​ បាន​សន្យា​ថា​នឹង​ចាប់​ដៃ​គ្នា ​ធ្វើ​សហប្រតិបត្តិការ​ដោយ​ស្មើភាព​គ្នា ​ ក្នុង​ន័យ​កសាង​ និង​បាន​ផល​ប្រយោជន៍​ឈ្នះៗ​ទាំង​អស់គ្នា។

ជាចុង​ក្រោយ ​មាន​តែ​លោក​ប្រធានាធិបតី​បារាំង​ម្នាក់ទេ ​ ដែល​ហ៊ាន​បញ្ចេញ​យោបល់ ​រិះគន់​ និង​ក្រើន​​រំលឹក​លោក​ដូណាល់ ត្រាំ។ លោក​ហ្វ្រង់ស័រ ហូឡង់ ​បាន​លើកឡើង​ពី​គ្រោះថ្នាក់​ នៃ​នយោបាយ​បិទទ្វារ​សំងំ​យក​សុខ​តែ​ម្នាក់​ឯង​របស់​លោកត្រាំ។ សម្រាប់​លោក​ហូឡង់ ​ នយោបាយ​បែប​នេះ ​ គឺ​រឹតតែ​ធ្វើ​ឲ្យ​ពិភពលោក​បែកបាក់​ ស្អប់គ្នា ​ ប្រកាន់​គ្នា ​ ហើយ​ស្រប​ពេល​នេះ ​ចលនា​ចរន្ត​គំនិត​ជ្រុល​និយម​ នឹង​កាន់​តែ​មាន​កម្លាំង។ លោក​ប្រធានាធិបតី​បារាំង ​បាន​និយាយ​បែប​ដាស់តឿន​លោក​ត្រាំថា​ ក្នុង​នាម​ជា​មេដឹកនាំ​មហា​អំណាច​ប្រជាធិបតេយ្យ ​យើង​ត្រូវ​ធ្វើ​គំរូ​ល្អ ​ដើម្បី​ការពារ​គោលការណ៍​គ្រិះ​នៃ​ប្រជាធិបតេយ្យ។ ការ​ទទួល​យក​ជនភៀសខ្លួន​ ដែល​រត់គេច​ពី​សង្រ្គាម ​ពី​ការ​កាប់​សម្លាប់ ​ក៏​គឺជា​តំលៃ​មួយ​ នៃ​ប្រជាធិបតេយ្យ​ដែរ។

សូម​បញ្ជាក់​ថា ​បន្ទាប់​ពី​និយាយ​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំង​៤​ខាងលើ ​នៅ​ថ្ងៃអាទិត្យ​នេះ ​ លោកត្រាំ ​ និង​ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​ព្រះចៅ​សាល់ម៉ាន់​ នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត ​ បន្ទាប់​មកទៀត ​ជាមួយ​ព្រះអង្គ​ម្ចាស់ ​Mohammed Ben Zayed ​នៃ​ប្រទេស​អេមៀរ៉ាត់​អារ៉ាប់រួម​ ហើយ​និង​ចុងក្រោយ ​គឺលោក​ត្រាំ​នឹង​ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​លោក​ប្រធានាធិបតី​ស្តីទី ​របស់​កូរ៉េ​ខាងត្បូង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ