អានតួអត្ថបទ
កាណាដា

លទ្ធផល​ស្តួច​ស្តើង​នៃ​ជំនួប​កំពូល​ក្រុម​ប្រទេស G២០ ក្នុង​ទីក្រុង​តូរ៉ុងតូ

ជំនួប​កំពូល​ក្រុម​ប្រទេស G២០​បាន​បិទ​បញ្ចប់​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី២៧ មិថុនា ក្នុង​ទីក្រុង​តូរ៉ុងតូ ប្រទេស​កាណាដា។ ជា​លទ្ធផល​ផ្លូវការ G២០​បាន​ដាក់​ចេញ​នូវ​គោលការណ៍​សំខាន់ៗ​មួយ​ចំនួន​មាន​ជា​អាទិ៍៖ ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច និង​​កាត់​បន្ថយ​បំណុល​សាធារណៈ។ ក្នុង​ករណី​នេះ G២០​បាន​ទុក​ឲ្យ​ប្រទេស​នីមួយៗ​ចាត់​វិធានការ​​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង​ របស់​ខ្លួន។ ទាក់​ទង​នឹង​ការ​យក​ពន្ធអាករ​លើ​សេវា​ធនាគារ​រវាង​ប្រទេស និង​ប្រទេស​ដែល​ជា​សំណើ​របស់​ប្រទេស​អាឡឺម៉ង់ និង​បារំាង G២០​បាន​ទុក​សិទ្ធិ​ឲ្យ​ប្រទេស​នីមួយៗ​ជា​អ្នក​សម្រេច​​ដោយ​ខ្លួន​ឯង ដើម្បី​ចៀសវាង​កុំ​ឲ្យ​កើត​វិបត្តិ​ជា​ថ្មី​ទៀត។

សមាជិក​នៃ​ក្រុម​ប្រទេស G២០ នាឱកាស​ជំនួប​កំពូល​ក្នុង​ទីក្រុង​តូរ៉ុងតូ ប្រទេស​កាណាដា
សមាជិក​នៃ​ក្រុម​ប្រទេស G២០ នាឱកាស​ជំនួប​កំពូល​ក្នុង​ទីក្រុង​តូរ៉ុងតូ ប្រទេស​កាណាដា ©Reuters
ផ្សាយពាណិជ្ជកម្ម

02:18

បទអន្តរាគមន៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

តើ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច ដោយ​មិន​បង្កើន​បំណុល​សាធារណៈ ? នេះ​ហើយ​ជា​ការ​ចង់​បាន​របស់​ក្រុម​ប្រទេស G២០។ ទីបំផុត​ទៅ G២០​បាន​សម្រុះ​សម្រួល​ដោយ​មិន​ឲ្យ​ភាគី​​ណា​មួយ​បាក់​មុខ មាត់​ទេ ទំាង​សហរដ្ឋអាមេរិក ក៏​ដូច​សហភាព​អឺរ៉ុប។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម G២០​បាន​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ដូច​ការ​ចង់​បាន​របស់​អាមេរិក តែ​ទន្ទឹម​គ្នា​នេះ G២០​ក៏​បាន​ស្នើ​ឲ្យ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​កាត់​បន្ថយ​បំណុល​សាធារណៈ​របស់​ខ្លួន​ចំនួន​ពាក់​កណ្តាល​ចាប់​ពី​ពេល​នេះ ទៅ​ទល់​នឹង​ឆ្នំា ២០១៣ ដូច​ដែល​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​បាន​អនុវត្ត​កន្លង​មក។

យ៉ាង​ណា​ក៏​ដោយ គ្រប់​វិធានការ​ទំាង​អស់​ខាង​លើ G២០​បាន​ទុក​សិទ្ធិ​ឲ្យ​ប្រទេស​នីមួយៗ​ជា​សម្រេច​ដោយ​ខ្លួន​ឯង ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់​ស្តែង​របស់​ប្រទេស​នីមួយៗ។ ឧទាហរណ៍ ប្រទេស​ជប៉ុន​ដែល​កំពុង​មាន​បំណុល​ដ៏​ច្រើន​សម្បើម មិន​អាច​កាត់​បន្ថយ​ឲ្យ​បាន​ឆាប់​នូវ​បំណុល​របស់​ខ្លួន​ទេ និយាយ​បែប​ផ្សេង ប្រទេស​នីមួយៗ​ចាត់​វិធានការ​ទៅ​តាម​លទ្ធភាព និង​សមត្ថភាព​ដែល​ខ្លួន​មាន។

ទាក់​ទង​នឹង​ការ​យក​ពន្ធអាករ​លើ​សេវា​ធនាគារ​រវាង​ប្រទេស និង​ប្រទេស​ដែល​ជា​សំណើ​របស់​ប្រទេស​អាឡឺម៉ង់ និង​បារំាង G២០ មិន​បាន​ចាប់​បង្ខំ​ប្រទេស​ណា​មួយ​ឲ្យ​អនុវត្ត​ទេ។ តែ​លោក​ប្រធានាធិបតី​បារំាង Nicolas Sarkozy និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាឡឺម៉ង់ Angela Merkel បាន​​ប្រកាស​ប្រាប់​ឲ្យ​ដឹង​ថា គេ​នឹង​ផ្តើម​អនុវត្ត​វិធានការ​នេះ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

ទាក់​ទង​នឹង​ក្រុម​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​លូតលាស់ ឬ​ហៅ​ប្រទេស​អ្នក​មាន​ថ្មី G២០ បាន​ស្នើ​ឡើង​នូវ​ពីរ​ចំណុច ទីមួយ៖ ធ្វើ​ឲ្យ​មាន​សមតា​នៅ​ក្នុង​តម្រូវការ​ពិភពលោក និង​ទីពីរ៖ កំណត់​អត្រា​តម្លៃ​រូបិយប័ណ្ណ​ជាតិ​របស់​ខ្លួន​ឲ្យ​ស្រប​តាម​តម្លៃ​ទីផ្សារ​សេរី។ ត្រង់​ចំណុច​នេះ G២០ ចង់​និយាយ​សំដៅ​ប្រទេស​ចិន​ដែល​បាន​រក្សា​តម្លៃ​ប្រាក់​យ័ន​របស់​ខ្លួន ឲ្យ​មាន​តម្លៃ​ទាប​ជ្រុល​ប្រៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិកំាង។

ចុង​ក្រោយ G២០ បាន​ជំរុញ​ក្រុម​ប្រទេស​អ្នក​មាន​ឲ្យ​គោរព​ពាក្យ​សន្យា​របស់​ខ្លួន ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​ដល់​ក្រុម​ប្រទេស​ក្រីក្រ។ កន្លង​មក ក្រុម​ប្រទេស​អ្នក​មាន​បាន​សន្យា​ច្រើន​រាប់​មិន​អស់​ក្នុង​ការ​ជួយ​ប្រទេស​ក្រីក្រ តែ​ពាក្យ​សន្យា​មាន​តែ​នៅ​លើ​ក្រដាស ដោយ​គ្មាន​ការ​អនុវត្ត​ន៍​ជាក់​ស្តែង​ទេ។

សរុប​មក​វិញ ជំនួប​កំពូល​ក្រុម​ប្រទេស G២០ ក្នុង​ឆ្នំា ២០១០ នៅ​ប្រទេស​កាណាដា បាន​បិទ​បញ្ចប់​ទៅ ដោយ​គ្មាន​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ទេ។ ជំនួប​កំពូល​ក្រុម​ប្រទេស G២០ នៅ​ឆ្នំា ២០១១ ខាង​មុខ នឹង​ត្រូវ​រៀប​ចំ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ