អានតួអត្ថបទ
លីប៊ី

អន្តរការី​នៃ​សហភាព​អាហ្រ្វិក​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​ Tripoli​និង​Benghaz​i

ប្រមុខរដ្ឋ​អាហ្រ្វិក​ចំនួន​៤​នាក់​និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស អ៊ូហ្កង់ដា ដែល​ជា​អន្តរការី​នៃ​សហភាពអាហ្រ្វិក ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​លីប៊ី​នា​ព្រឹក​ថ្ងៃ​អាទិត្យ​១០​មេសា​២០១១​នេះ។ គឺ​មាន​ប្រធានាធិបតី​ម៉ាលី លោក ​Amadou Toumani ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Zacob Zuma ប្រធានាធិបតី​កុងហ្គោ លោក Denis Sassou Nguesso ប្រធានាធិបតី ម៉ូរីតានី​លោក Mohamed Ould Abddel Aziz ក៏ព្រមទាំង​ប្រមុខ​ការទូត អ៊ូហ្កង់ដា លោក Henry Oryem Okello បាន​រួម​ប្រជុំ​គ្នា​ក្នុង​ជំនួប​កំពូល​តូច​មួយ​នៅ Nouakchott ក្នុង​ប្រទេស​Mauritanie​ដើម្បី​​កំណត់​​​តួនាទី​របស់ខ្លួន។

អស់​​រយៈពេល​ជា​ច្រើន​ថ្ងៃ​​មក​ហើយ​​ទាហាន​បះបោរ​លីប៊ី​ពុំ​បាន​បោះ​ជំហាន​ទៅ​មុខ​ឡើយ​នៅ​ទី​សមរភូមិ​ខាង​កើត​ប្រទេស​​(ទាហាន​បះបោរ​​លីប៊ី)
អស់​​រយៈពេល​ជា​ច្រើន​ថ្ងៃ​​មក​ហើយ​​ទាហាន​បះបោរ​លីប៊ី​ពុំ​បាន​បោះ​ជំហាន​ទៅ​មុខ​ឡើយ​នៅ​ទី​សមរភូមិ​ខាង​កើត​ប្រទេស​​(ទាហាន​បះបោរ​​លីប៊ី) REUTERS/Andrew Winning
ផ្សាយពាណិជ្ជកម្ម
02:06

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

គោលដៅ​សំខាន់​របស់​អន្តរការី​សហភាពអាហ្រ្វិក​នៅ​លីប៊ី​ គឺ​អំពាវនាវ​ឲ្យ​ភាគី​បដិបក្សទាំង​ពីរ​នៅ​ក្នុង​ប្រទេស​ឈប់បាញ់គ្នា​ជា​បន្ទាន់ និង​រក​ដំណោះស្រាយ​សម​ស្រប​មួយ​ដើម្បីចេញឲ្យ​ផុត​ពីវិបត្តិ​បច្ចុប្បន្ន។ ដូច្នេះហើយ បាន​ជា​អន្តរការី​សហភាព​​​អាហ្រ្វិក​ត្រូវ​ចូល​ជួប​សន្ទនា​ជាមួយ​ប្រមុខដឹកនាំលីប៊ី លោក កាដាហ្វី​និង​បន្ទាប់មក​ជាមួយ​អ្នកដឹកនាំ​នៃចលនាបះបោរ​លីប៊ី​នៅ​ក្នុងទីតាំង​​របស់​​គេ​នៅក្រុង Benghazi។

គួរ​រំលឹក​ថា កាលពី​មួយ​ខែ​មុន ការ​ប៉ុនប៉ង​លើក​ទី​មួយ​របស់​ប្រមុខរដ្ឋ​អាហ្វ្រិក ឆ្ពោះ​ទៅកាន់​ទីក្រុង TRIPOLI ត្រូវអាក់ខាន​ទៅ​វិញ ដោយ​ហេតុ​គ្មាន​ការ​អនុញ្ញាត​ឲ្យ​យន្តហោះ​បើកឆ្លង​កាត់​តំបន់​ហាមប្រាម។

ប៉ុន្តែ​ក្នុងពេលនេះ ស្ថានការណ៍​បាន​ប្រែប្រួល។ ប្រតិបត្តិការ​អន្តរាគមន៍​​របស់​អង្គការ​អូតង់​តាម​អាកាស ក៏​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ទ័លច្រក ជំរុញ ឲ្យ​កងទ័ព​ចលនា​បះបោរ​នៅ​លើ​ដី​ត្រូវ​បរាជ័យ។ ហេតុ​នេះហើយ​បានជា ប្រមុខរដ្ឋអាហ្រ្វិក ងាកមករក​ដំណោះស្រាយ​តាម​ផ្លូវទូត​វិញ។

ម្យ៉ាងទៀត ផែនការសន្តិភាព របស់​ប្រមុខរដ្ឋ​អាហ្រ្វិក​ដែល​មាន​បួន​ចំណុច​នោះ ក៏​ពុំ​មាន​​ប្រែប្រួល​អ្វី​ទេ​និង​ក៏ត្រូវ​បង្កើត​សម័យ​អន្តរកាល​មួយ​នៅ​លីប៊ី ប្រកបដោយ​ចំណុច​​ដ៏​សំខាន់ គឺ ស្ថាប័ន​ប្រជាធិបតេយ្យ។

ខាង​លោក Mouammar Kadhafi វិញ ក៏​បាន​ទទួល​យល់ព្រម​ហើយ​ចំពោះ​ផែនការ​សន្តិភាព​នេះ និង​បាន​ថ្លែង​ថា​លោក​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ឈប់បាញ់គ្នា​មួយ​ដែល ទុកជាបានការ​និង​ពិតប្រាកដ។

ចំណែក ខាង​ចលនាបះបោរលីប៊ី​វិញ បាន​ប្រកាសថា ពួកគេ ទទួល​ស្វាគម​ប្រមុខរដ្ឋ​អាហ្រ្វិក ដោយការ​​គោរពដ៏ជ្រាលជ្រៅ ក៏​ប៉ុន្តែ បានគូសបញ្ជាក់ថា ខ្លួន​នឹងបដិសេធទាត់​ចោល​រាល់​ការ​ឈប់បាញ់​គ្នា ដរាបណា​លោក​វរសេនីយឯក កាដាហ្វី​ឬ កូន​ប្រុស​របស់​លោក​នៅ​តែបន្ត​ក្តោប​ក្តាប់​អំណាច​នៅ​ក្នុងប្រទេស។

លោក​Anders Fogh Rasmussen អគ្គលេខាធិការ​អង្គការ​អូតង់ ទើប​បាន​ថ្លែង​នៅ​ចំពោះ​មុខ​កាសែត​អាល្លឺម៉ង់ Der Spiegel ដែរ​ថា វិបត្តិ​នៅ​លីប៊ី គេពុំ​អាច​ដោះស្រាយ​តាម​ផ្លូវ​យោធា​បាន​ទេនិង មាន​តែ​ដំណោះស្រាយតាម​ផ្លូវ​នយោបាយប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ