អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

យុវជន​ម្នាក់​ប្រើ​កាំភ្លើង​បាញ់​រះ​ទៅ​លើ​អ្នក​យាម​​សន្តិសុខ​នៅ​ព្រលាន​យន្តហោះLos Angeles

នៅ​សហរដ្ឋ​អាមេរិក​មាន​ការផ្ទុះ​អាវុធ​សម្លាប់​ហ្វូង​មនុស្ស​ជាថ្មី​ដោយ​លើក​នេះ​កើតមាន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ ​ក្នុង​ទីក្រុង​Los Angeles​ដែល​ជា​ព្រលាន​យន្តហោះធំទី​បី ​របស់​អាមេរិក។​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ​បន្ទាប់ពី​បាន​បាញ់​សម្លាប់ ​ភ្នាក់ងារសន្តិសុខ ​ព្រលាន​យន្តហោះ​ម្នាក់​និង​ធ្វើ​ឲ្យ​របួស​ជាច្រើន​នាក់​ឃាតករ​ដែល​មានអាយុ ​២៣​ឆ្នាំ ​ត្រូវ​បាន​ប៉ូលិស​បាញ់​ឲ្យ ​របួស ​និង​ចាប់​ខ្លួន។

ព្រលាន​យន្ត​ហោះ Los Angeles ដែលកើតព្រឹត្តិការណ៍បាញ់​ប្រហារ
ព្រលាន​យន្ត​ហោះ Los Angeles ដែលកើតព្រឹត្តិការណ៍បាញ់​ប្រហារ REUTERS/Lucy Nicholson
ផ្សាយពាណិជ្ជកម្ម

តាម​រូបភាព​បង្ហាញ ​ដោយ​ទូរទស្សន៍​រដ្ឋ ​Los Angeles​ ចលាចល ​កើត​មាន​ពេញ​ព្រលាន​យន្តហោះ ​បន្ទាប់ពី​យុវជន​ម្នាក់​លេច​មុខ​នៅ​ជិត​ច្រក​ត្រួត​ពិនិត្យ​សន្តិសុខ ​បាន​ដក​កាំភ្លើង​ចេញ​ពី​ស្បោង​និង​បាញ់​រះ​ទៅលើ​ហ្វូង​មនុស្ស ​ដែល​កំពុង​រង់ចាំ ​ត្រៀម​ឡើង​យន្តហោះ។ ​ប៉ូលិស​សហព័ន្ធ ​FBI​បាន​កំណត់​មុខ​យុវជន​ដែល​មាន​ឈ្មោះថា​Paul Anthonu​ Ciancia​រស់​នៅរដ្ឋ​Los Angeles​ប៉ុន្តែ​មាន​កំណើត​មក​ពី​រដ្ឋ ​New Jersey។

អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​គឺ​យុវជន​រូប​នេះ​ដែល​មាន​អាវុធ ​ជាប់​ខ្លួន​និង​គ្រាប់​កាំភ្លើងជាច្រើន​គ្រាប់ ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ ​និង​ចូល​យ៉ាង​ជ្រៅ ​ទៅជិត​ដល់​ច្រក​ត្រួត​ពិនិត្យ ​ចុងក្រោយ ​គឺ​នៅ​ជិត​កន្លែង​ដែល​អ្នកធ្វើ​ដំណើរ​ត្រៀម​ឡើង​យន្តហោះ។ ​តាម​ប៉ូលិស​ព្រលាន​យន្តហោះ ​ដែល​បាន​បាញ់​ឧក្រិដ្ឋជន ​ឲ្យ​របួស​ឧក្រិដ្ឋជន​អាច​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង​ប៉ុន្តែ​ប៉ូលិស​សហព័ន្ធ ​FBI​បាន​ស៊ើប​អង្កេត​ដើម្បី​រកមនុស្ស ​ដែល​អាច​ផ្សំ ​គំនិត ​ជាមួយ​ជន​ដៃដល់។ ​តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​យុវជន​ដែល​មាន​កាន់​កាំភ្លើង ​ពាក់កណ្តាល ​ស្វ័យប្រវត្តិ​អាច​មាន​គំនិតគុំ​គួន ​ព្រោះគេ​បាន​បាញ់​រះ ​សំដៅ​តែ​ទៅ​លើ ​បុគ្គលិក​ទីភ្នាក់ងារ​រក្សា​សន្តិសុខ​ព្រលាន​យន្តហោះ ​TSA ដែល​កំពុង​ធ្វើការ ​ឆែកឆេរ ​នៅ​ច្រក ​ត្រួតពិនិត្យ។ ​ក្រុមហ៊ុន ​TSA Transportation Security Administration ​បាន​បញ្ជាក់​ថា​បុគ្គលិក​របស់​ខ្លួន​បីនាក់​ទទួល​រង​របួស ​ដែលម្នាក់ ​បាន​ស្លាប់ ​នៅ​មន្ទីរពេទ្យ ​ដោយសារ​មុខ​របួស​ធ្ងន់ធ្ងរ។

រហូត​មក​ដល់​ពេល​នេះ ​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ ​ដែល​ជំរុញ​ឲ្យ​យុវជន​អាយុ​២៣​ឆ្នាំ​ធ្វើ​សកម្មភាព​បាញ់រះ ​សម្លាប់​មនុស្ស ​នៅ​ព្រលាន​យន្តហោះ ​នៅ​ឡើយ​ទេ​ប៉ុន្តែ​នៅ​លើ​ខ្លួន​ឧក្រិដ្ឋជន​ប៉ូលិស​រក​ឃើញ ​កូន​សំបុត្រ​តូច​មួយ​ដែល​ឧក្រិដ្ឋជន​បាន​សរសេរ​ពី​ការ​មិន​សប្បាយ​ចិត្ត​របស់​ខ្លួន ​នឹង​រដ្ឋាភិបាល។​ក្រុម​គ្រួសារ​របស់​ជនដៃ​ដល់បាន​និយាយ​ប្រាប់​ប៉ូលិស​ថា​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​គេ​បាន​ទទួល​សំបុត្រ​មួយ​ដែល​យុវជន​Paul​បាន​សរសេរ​ថា​គេ​ចង់​ធ្វើ​អត្តឃាត ​សម្លាប់​ខ្លួន។

យោង​តាម​ចៅហ្វាយ​ក្រុង ​Los Angeles ​ឧក្រិដ្ឋជន​មាន​ចេតនា​ប៉ង​សម្លាប់​រង្គាល​នៅ​ព្រលាន​យន្តហោះ ​ព្រោះខ្លួន​គេ​មាន​ផ្ទុក​គ្រាប់​កាំភ្លើង ​ជាប់​ខ្លួន ​ដល់​ទៅ​ជាង ​១០០​ការទូស។​ នៅ ក្រោយ​ហេតុការណ៍ ​បាញ់​សម្លាប់​នៅ​ព្រលាន​យន្តហោះ ​ជើង​ហោះហើរ​ទាំងអស់ ​ត្រូវ​ផ្អាក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ