អានតួអត្ថបទ

អាមេរិកផ្តល់​ឋានៈ “​សម្ព័ន្ធមិត្ត​ចម្បង​” ដល់​ទុយនីស៊ី​

ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ព្រមព្រៀង​ទទួល​យក​ទុយនីស៊ី ដែល​មិនមែន​ជា​សមាជិក​អង្គការ​អូតង់ មក​ធ្វើ​ជា​សម្ព័ន្ធមិត្ត​​ចម្បង​របស់​ខ្លួន។ បាន​ឋានៈ​ជា​សម្ព័ន្ធមិត្ត​ចម្បង គឺ​មាន​ន័យ​ស្មើ​នឹង​ការ​បើក​ផ្លូវ​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការ​​យោធាទ្រង់ទ្រាយ​ធំ​ សហរដ្ឋ​អាមេរិក-ទុយនីស៊ី។

រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ចន ឃែរី និង​ប្រធានាធិបតី​ទុយនីស៊ី លោក  Beji Caïd Essebsi ជួប​គ្នា​កាលពី​ថ្ងៃទី ២០​ឧសភា ២០១៥
រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ចន ឃែរី និង​ប្រធានាធិបតី​ទុយនីស៊ី លោក Beji Caïd Essebsi ជួប​គ្នា​កាលពី​ថ្ងៃទី ២០​ឧសភា ២០១៥ REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

អ្វីដែល​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បានស​ន្យា កាលពី​ខែ​ឧសភា នាឱកាសទទួល​ជួប​ប្រធានាធិបតី​ទុយនីស៊ី នៅ​សេតវិមាន បាន​ក្លាយ​ជា​ការ​ពិត ! ទុយនីស៊ី ដែល​មិនមែន​ជា​សមាជិក​អូតង់​សោះ ពេល​នេះ បាន​ក្លាយ​​សម្ព័ន្ធមិត្ត​ដ៏​ចម្បង​របស់​អាមេរិក

ឋាន្តរសក្តិ ដែល​ជា​និមិត្តរូប​​​នៃ​ចំណង​ទំនាកទំនង​ដ៏​ស្អិត​ល្មួត​រវាង​ប្រទេស​ទាំង​ពីរ ជា​សញ្ញា​ជួង​​ដាស់​ប្រាប់​ពិភពលោក​អំពី​ការ​គាំទ្រឥតងាករេ​​របស់​អាមេរិក​ចំពោះ​​​ទុយនីស៊ី​ ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ក្មេង​ខ្ចី​មួយ​នៅ​លើ​ភពផែនដី។ នេះ​បើ​ជា​ខ្លឹម​សារ​ដែល​ចុះ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេសអាមេរិក។ 

ទុយនីស៊ី ក៏​ដូច​ជា​បណ្តា​ប្រទេស​ក្នុង​តំបន់​ផ្សេង​ទៀត បាន​ឆ្លង​កាត់​ចលនា​បះបោរប្រជាជន​ធ្វើ​បដិវត្តប្រឆាំង​នឹង​របប​កាន់​អំណាច​ផ្តាច់ការ កាលពី​បួន​ឆ្នាំ​មុន ប៉ុន្តែ​ប្រទេស​នេះ បាន​ឆ្លង​អន្តរកាល ឆ្ពោះ​ទៅ​ប្រកាន់​​រក​លទ្ធិ​​​ប្រជាធិបតេយ្យ​​ បាន​ដោយ​រលូន គ្មាន​ការ​បង្ហូរ​ឈាម​បាន​យ៉ាង​ឆាប់​រហ័ស។

នៅ​ខែ​ធ្នូ​ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ​ ទុយនីស៊ី មាន​ប្រធានាធិបតី​ថ្មី​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​សេរី តាម​បែប​ប្រជាធិបតេយ្យ ប៉ុន្តែ​ប្រទេស​ដ៏​តូច​មាន​ពលរដ្ឋ​រស់​នៅ​ជាង​១១លាន​នេះ នៅ​តែ​ប្រឈម​មុន​ជានិច្ច​នឹង​ការ​គំរាម​កំហែង​ភេរវនិយម​ជីហាត ដែល​ហៀ​មក​ពី​ប្រទេស​ជិត​ខាង​លីប៊ី។ ជាក់​ស្តែង​ ភេរវកម្ម​ដ៏​គួរ​ឱ្យ​តក់​ស្លុតកាលពី​ថ្ងៃ​ទី ២៦​មិថុនា បង្កឡើង​ដោយ​ជន​ជីហាត​ប្រដាប់​អាវុធ​ប្រភេទ​អាកា​ នៅ​ទី​​ឆ្នេរដែល​មាន​ទេចរបរទេស​ចូល​ចិត្ត​ខ្លាំង សម្លាប់​មនុស្ស​៣៨​នាក់ ក្នុង​នោះ​៣០​នាក់​ជា​ទេសចរ​ជាតិ​អង់គ្លេស។

ប៉ុន្តែ​ទុយនីស៊ី​មិនចាញ់សំឡុតទេ ! ទុយនីស៊ី មាន​អាមេរិក​នៅ​ពីក្រោយ ! ជាមួយ​នឹង​លក្ខន្តិកៈ​ជា​សម្ព័ន្ធមិត្ត​ចម្បង ទុយនីស៊ីមាន​អភ័យឯកសិទ្ធិ​ខ្ពស់​ក្នុង​ការ​​​ពង្រឹងពង្រីក​​​​ឱ្យ​បាន​ខ្លាំង​កិច្ច​សហប្រតិបត្តិការ​យោធាជាមួយ​​​​អាមេរិក មិន​ថា​ដើម្បី​អភិវឌ្ឍន៍​ និងបំពាក់​សព្វាវុធឡើយ។ គិត​មក​ទល់​នឹង​ថ្ងៃនេះ អាមេរិក​ផ្តល់កិត្តិយស​​​ជា​សម្ព័ន្ធមិត្ត​ចម្បង​ មិនមែន​​អូតង់​ចំនួន​តែ​១៥ ប្រទេសប៉ុណ្ណោះ​ មាន​ជាអាទិ៍ ជប៉ុន អូស្ត្រាលី អាហ្វហ្កានីស្ថាន អេហ្ស៊ីប បារ៉ែន និង​ម៉ារ៉ុក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ