អានតួអត្ថបទ

នីហ្សេរីយ៉ា​​សុំ​ជំនួយ​ពី​អាមេរិក​​ដើម្បី​កម្ចាត់​​ក្រុម​ភេរវជន​​បូកូហារ៉ាម

កាលពីថ្ងៃចន្ទម្សិលមិញ លោក​ប្រធានាធិបតី​អាមេរិក ​បារ៉ាក់ អូបាម៉ា បាន​ទទួល​ស្វាគមន៍​ប្រធានាធិបតី នីហ្សេរីយ៉ា លោក ម៉ាម៉ាឌ៊ូ ប៊ូហារី នៅ​ឯសេតវិមាន ដើម្បី​ជជែក​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​មួយ​ចំនួន ពិសេស​លើកិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជុ្រលនិយម បូកូហារ៉ាម។

លោក​ប្រធានាធិបតី​អាមេរិក ​បារ៉ាក់ អូបាម៉ា និង​សមភាគី​នីហ្សេរីយ៉ា លោក ម៉ាម៉ាឌ៊ូ ប៊ូហារី នៅ​ឯសេតវិមាន
លោក​ប្រធានាធិបតី​អាមេរិក ​បារ៉ាក់ អូបាម៉ា និង​សមភាគី​នីហ្សេរីយ៉ា លោក ម៉ាម៉ាឌ៊ូ ប៊ូហារី នៅ​ឯសេតវិមាន REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

នេះគឺជាទស្សនៈកិច្ច​ផ្លូវការ​លើកដំបូង​បង្អស់​នៅ​សហរដ្ឋ​អាមេរិក​របស់​លោក ប៊ូហារី បន្ទាប់ពី​ជាប់​ឆ្នោត​ប្រធានាធិបតី​កាលពី​ខែ​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ។ ជា​ការបោះឆ្នោត​ដែល​ត្រូវ​បាន​គេ​ចាត់ទុក ថា ជា​ការផ្លាស់ប្តូរ​អំណាច​តាម​បែប​ប្រជាធិបតេយ្យ​លើក​ដំបូង របស់​ប្រទេស​នីហ្សេរីយ៉ា ចាប់តាំង​ពី​បាន​ឯករាជ្យ​ពីប្រទេស​អង់គ្លេស​នា​ទសវត្ស​ឆ្នាំ​៦០។

 
ជំនួបផ្លួវរដ្ឋនេះ​ពិតជាបានបង្ហាញ​ពីការខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​នីហ្សេរីយ៉ា​ដែល​ជា​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អាហ្វ្រិក​មាន​ប្រជាជន​ប្រមាណ​ជា​ជាង​១៧០​លាន​នាក់ និង​ក៏​ដើម្បី​ស្វែង​រក​ជំនួយ​បន្ថែម​នៅ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​អ៊ីស្លាម​និយមជ្រុល បូកូហារ៉ាម។ ក្រុម បូកូហារ៉ាម​ដែល​បាន​សម្លាប់​មនុស្ស​ជាង​១៣០០០​ពាន់​នាក់​នៅ​ទូទាំង​ភាគ​ខាង​ជើង​នីហ្សេរីយ៉ា​ក្នុង​ការ​ប្រទូសរ៉ាយ​អស់រយៈពេល​ជាង​៦​ឆ្នាំ និង​មនុស្ស​ប្រមាណ​ជាង​១​លាន​៥​សែន​នាក់ ត្រូវបាន​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ។

ជំនួបនៅឯការិយាល័យ​ប្រធានាធិតបតី​អាមេរិក​នេះ ក៏​ជា​ឱកាស​សម្រាប់​ឲ្យ​ប្រមុខ​រដ្ឋ​ទាំងពីរ​ពិភាក្សា​ពី បញ្ហា​សេដ្ឋកិច្ច​និង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ផងដែរ។ ថ្លែង​ទៅ​កាន់ ក្រុម​អ្នក​យកព័ត៌មាន លោក អូបាម៉ា​បាន​ឱ្យ​ដឹង​ថា​លោក ប៊ូហារី មាន​របៀប​វារៈ​ច្បាស់លាស់ ដើម្បី​កម្ចាត់​ក្រុម​បូកូហារាម និង ដើម្បី​លុបបំបាត់​អំពើ​ពុករលួយ​នៅក្នុង​ប្រទេស​របស់​លោក នេះ​បើ​តាម​សារពត៌មាន The Gardian។

បន្ទាប់ពី​ជំនួបកំពូល​ដ៏មានសារៈសំខាន់​នេះ លោក​ប្រធានាធិបតី​ប៊ូហារី​ក៏គ្រោង​នឹង​ជួប និង​ចូលរួម​ក្នុង​កម្មវិធី​សំខាន់ៗ​មួយ​ចំនួន​ទៀត ទាំង​ក្នុង​ក្របខ័ណ្ឌ​នយោបាយ និង​យុទ្ធសាស្រ្ត​ជំនួញ​សេដ្ឋកិច្ច មាន​ដូចជា ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក អគ្គរដ្ឋអាជ្ញា​អាមេរិក លេខាធិការ​នៃ​រតនាគារជាតិ ក្រុម​វិនិយោគិន​សក្តានុពល ការបរិភោគ​អាហារ​ពេល​ល្ងាច​រៀបចំ​ដោយ សភា​ពាណិជ្ជកម្ម និង​ក្រុម​ប្រឹក្សា​សាជីវកម្ម​អាមេរិក។ ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ​លោក​នឹង​ជួប​ជាមួយ​បុគ្គល​សំខាន់ៗ​ដូចជា ប្រធាន​ធនាគារ​ពិភពលោក អ្នក​តំណាង​នៃ Bill Gates Foundation និង​រដ្ឋមន្ត្រី​ការបរទេស លោក ចនឃែរី ផងដែរ មុន​នឹង​បិទ​បញ្ចប់​ទស្សនៈកិច្ច​ដោយ​កិច្ចប្រជុំ​អន្តរកម្ម ជាមួយ​ប្រព័ន្ធផ្សព្វផ្សាយ​នីហ្សេរីយ៉ា និង​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ