អានតួអត្ថបទ

លោក​បាន​គីមូន​សាទរ​​ផែនការ​កាត់​បន្ថយ​​ការបំពុល​បរិស្ថាន​​របស់​​លោក​អូបាម៉ា

កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់​អូបាម៉ា បាន​ស្វាគមន៍​លោក អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បានគីមូន នៅ​ឯ​ការិយាល័យ​ប្រធានាធិបតី «Oval Office» ជាមួយ​នឹង​របៀបវារៈ​សម្រាប់​កិច្ចពិភាក្សា​ទ្វេភាគី រួមមាន​ចាប់ពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ រហូត​ដល់​បញ្ហា​វិបត្តិ​នៅ​ស៊ូដង់​ខាង​ត្បូង។

លោក​អូបាម៉ា ទទួល​ជួប​លោក​បាន​ គីមូន នៅ​សេតវិមាន ថ្ងៃទី ៤ សីហា ២០១៥
លោក​អូបាម៉ា ទទួល​ជួប​លោក​បាន​ គីមូន នៅ​សេតវិមាន ថ្ងៃទី ៤ សីហា ២០១៥ © Reuters
ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃបន្ទាប់ពីការបង្ហាញ​ផែនការ​ថ្មី​នៃ​ការកាត់​បន្ថយ​ការបំពុល​បរិស្ថាន​របស់​សហរដ្ឋ​អាមេរិក នៅ​ព្រឹក​ថ្ងៃ​អង្គារ​លោក អូបាម៉ា​ បាន​ទទួល​ស្វាគមន៍​លោក បាន គីមូន នៅ​ឯការិយាល័យ​ប្រធានាធិបតី «Oval Office»។ កិច្ចប្រជុំ​រវាង​មេដឹកនាំ​ថ្នាក់​ពិភពលោក​ទាំងពីរ​នេះ បាន​ធ្វើ​ឡើង​នៅ​ខណៈពេល​ដែល បុរស​រដ្ឋ​ទាំងពីរ​បាន​និង​កំពុង​ចាប់ផ្តើម​លើក​កម្ពស់​ការផ្តួចផ្តើម​សង្គម​ដ៏​ធំ​ពីរ​នៅ​ក្នុង​របៀបវារៈ​រៀងៗខ្លួន។ ចំពោះ​លោក អូបាម៉ា​កាលពី​ថ្ងៃ​ចន្ទ​ទើប​នឹង​បាន​បង្ហាញ​ផែនការ​ថ្មី​សំដៅ​កាត់បន្ថយ​ការបំពុល​បរិស្ថាន ដោយ​ឧស្ម័ន​កាបូនិក​បញ្ចេញ​ដោយ​រោងចក្រ​ថាមពល​របស់​សហរដ្ឋ​អាមេរិក ឲ្យ​បាន​ចំនួន​៣២% ចាប់ពី ពេលនេះ​ដល់​ឆ្នាំ​២០៣០។ ចំណែក​លោក​បាន​គីមូន​វិញ បាន​និង​កំពុង​លើក​កម្ពស់​កិច្ចព្រមព្រៀង​ថ្មី​មួយ ស្តីពី​ការអភិវឌ្ឍន៍​ជា​សកល ដែល​ទើប​នឹង​ទទួល​ការគាំទ្រ​ពី​ប្រទេស​ជា​សមាជិក​ចំនួន​១៩៣​របស់​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃអាទិត្យ ដែល​កិច្ចព្រមព្រៀង​នោះ​អំពាវនាវ​ឱ្យ​បញ្ចប់​ភាពក្រីក្រ ការសម្រេច​ឲ្យ​បាន​នូវ​សមភាព​យេនឌ័រ និង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​នៅឆ្នាំ​២០៣០។

 
បន្ទាប់ពីជំនួបទល់មុខគ្នា​ក្នុង​ការិយាល័យ​ប្រធានាធិបតី លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​យក​សារពត៌មាន​ថា ពិភពលោក​ត្រូវតែ​មាន​ការបង្កើន​ល្បឿន​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។ ហើយ​លោក​បន្ថែម​ថា​អង្គការ​សហប្រជាជាតិ​នឹង​បន្ត​ជំរុញ​បណ្តា​ប្រទេស​ផ្សេង​ទៀត ដើម្បី​ចាត់វិធានការ​លើ​បញ្ហា​អាកាសធាតុ​នេះ។

ចំណែកលោកអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បានគីមូន​បាន​សាទរ​ចំពោះ​ផែនការ កាត់បន្ថយ​ការបំពុល​បរិស្ថាន​របស់​រដ្ឋបាល​លោក​អូបាម៉ា និង​បាន​មាន​ប្រសាសន៍​ថា បទបញ្ញត្តិ​នៃ​ផែនការ​នេះ​បង្ហាញ​ថា​សហរដ្ឋ​អាមេរិក​អាច​ផ្លាស់ប្តូរ​ពិភពលោក​ដោយ​ដើរ​តួនាទី​ជា​មេដឹកនាំ​គំរូ ទៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លើ​បញ្ហា​ផ្លាស់ប្តូរ​អាកាសធាតុ​នេះ។

យ៉ាណាមិញ​លោកអូបាម៉ា​ត្រូវបាន​គេ​រំពឹងថា​នឹងទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​ផង​ដែរ។

លោកអូបាម៉ាក៏បានមាន​ប្រសាសន៍​ថា លោក បានគីមូន និង​រូប​លោក​ក៏​បាន​ពិភាក្សា​គ្នា​លើ​វិបត្តិ​នៅស៊ីរី យេមែន លីប៊ី និង​ស៊ូដង់​ខាង​ត្បូង​ផង​ដែរ ដោយ​គូស​បាន​បញ្ជាក់​ឡើង​វិញ​ជាថ្មី​ម្តង​ទៀត​នូវ​ជំហរ​របស់​លោក​ថា ភាគី​ទាំង​សង្ខាង​នៅក្នុង​សង្គ្រាម​ស៊ីវិល​នៅ​ស៊ូដង់​ខាង​ត្បូង ត្រូវតែ​បញ្ឈប់​តាម​ការកំណត់​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា​នេះ ដើម្បី​បញ្ចប់​ការ​បង្ហូរ​ឈាម ឬ​បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​ប្រឈម​នឹង​ផលវិបាក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ