អានតួអត្ថបទ

សហរដ្ឋ​អាមេរិក ៖ ​​​កំណែទម្រង់ច្បាប់​គ្រប់គ្រង​​អាវុធ​របស់​លោក​អូបាម៉ា ចូល​វគ្គ​ផ្តាច់​ព្រ័ត្រ

ដូច​ដែល​លោក​អូបាម៉ា​ បាន​ប្រកាស​ក្នុង​សារ​ជូន​ពរ​ឆ្នាំ​ថ្មី ទៅ​កាន់​ពលរដ្ឋ​អាមេរិក នៅ​ថ្ងៃចន្ទ​ទី ៤ មករា​២០១៦​នេះ លោកប្រធានាធិបតី​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដើម្បី​បង្ហើយ​គម្រោង​​ច្បាប់គ្រប់គ្រង​អាវុធ។ ច្បាប់​ដែល​ប្រសិន​បើមិន​អាច​ទទួល​បាន​​ការ​គាំទ្រ​ពី​សភា​អាមេរិក​ទេ នឹង​ត្រូវ​ប្រធានាធិបតី​ប្រើ​អំណាចចេញ​ក្រិត្យ។

លោក​អូបាម៉ា និង​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ នៅ​សេតវិមានថ្ងៃទី ១៥​វិច្ឆិកា ២០១៥
លោក​អូបាម៉ា និង​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ នៅ​សេតវិមានថ្ងៃទី ១៥​វិច្ឆិកា ២០១៥ AFP PHOTO/NICHOLAS KAMM
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​ការ​ពារ​សិទ្ធិ​​ប្រើប្រាស់​អាវុធ បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​រស់​រវើក​រួច​ទៅ​ហើយ ប្រឆាំង​នឹង​គម្រោង​ច្បាប់​គ្រប់គ្រង​អាវុធ​នេះ។ នៅ​លើ​វិបសៃត៍​ សមាគម​ National Rifle Association បាន​បង្អើល​​ពលរដ្ឋ​​អាមេរិក​រួចជា​ស្រេច​ហើយ​ថា​ “សិទ្ធិ​កាន់​អាវុធ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ កំពុង​រង​ការ​គំរាម​កំហែង​ជា​ង​ពេល​ណាៗ​ទាំង​អស់ ! ...”។ ​ច្បាប់​គ្រប់គ្រង​អាវុធ​ ​នឹង​ត្រូវ​បង្ហាញជា​សាធារណៈ​នៅ​សប្តាហ៍​នេះ ប៉ុន្តែ​ ក្រុម​អ្នក​ប្រឆាំងបាន​ ​​​ ប្រកាស​សន្យា​មិន​បោះឆ្នោត​គាំទ្រ​បេក្ខភាព​លោកស្រី ហ៊ីឡារី គ្លីនតុន​ បេក្ខនារី​ប្រធានាធិបតី​នៃ​បក្ស​ប្រជាធិបតេយ្យ​ទេ ព្រោះ​លោកស្រី​ក៏​បាន​សន្យា​និងស្វាគមន៍​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​អាវុធ​នេះ​ដែរ។

តាមការពិត សេតវិមាន បាន​លើក​គម្រោង​ច្បាប់ដែល​គ្មាន​លក្ខណៈ​តឹង​តែង​ប្រឆាំ​ង​នឹង​ប្រពៃណី​ប្រើ​អាវុធ​របស់​ពលរដ្ឋ​អាមេរិក​ទេ។ ​គម្រោង​ច្បាប់​ គ្រាន់​តែ​ចង់​ដាក់​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​​អតីតភាព​របស់​អតិថិជន​ មុន​នឹង​អាច​ទិញ​អាវុធ​មក​កាន់​ប្រើ​បាន ហើយបើ​ចង់​លក់​ដូរ​បន្ត​ ច្បាប់​តម្រូវ​ឱ្យ​មាន​ការ​សុំ​អាជ្ញាបណ្ណ។ បើ​យោង​តាមការ​ស្ទង់​មតិ របស់​វិទ្យាស្ថាន Quinnipiac វិធានាការ​នេះ បាន​ទទួល​ការ​គាំទ្រ​ពី​មតិ​សាធារណៈ​ប្រមាណ​៩០%។ ប៉ុន្តែ​ឆន្ទៈ​ចង់​ទប់​ស្កាត់​ការ​លក់​ដូរ​អាវុធ​ខុស​ច្បាប់ នៅ​មាន​កំរិត អាវុធ​ប្រើ​ប្រាស់​សម្រាប់​សម្លាប់​មនុស្ស​ នៅ​អូរីហ្គិន និង​នៅ​កាលីហ្វ័នីញ៉ា កាលពី​ពេល​ថ្មីៗ​នេះ បាន​ទិញ​ដូរ​ដោយ​ស្រប​ច្បាប់​សោះ។

 
គ្រប់​អង្គការ​ដែល​ប្រឆាំង​នឹង​ចរាចរណ៍​អាវុធ​នៅ​អាមេរិក​​សុទ្ធ​តែ​យល់​ថា គម្រោង​ច្បាប់​​គ្រប់គ្រង​អាវុធ​នេះ ជា​ការ​ចាប់​ផ្តើម​ល្អ ប៉ុន្តែ​សម្រាប់​បេក្ខជន​ប្រធានាធិបតី​នៃ​បក្ស​សាធារណរដ្ឋ​វិញ ខ្លះ​បាន​ស្រែក​រួច​ទៅ​ហើយ ថា​នឹង​ត្រលប់​ទៅ​លុប​ក្រិត្យ​ច្បាប់​ដែល​ជា​ការ​សម្លាប់​សេរីភាព​ នៅ​ពេល​ជាប់​ឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ