អានតួអត្ថបទ

កាណាដា ៖ មាន​ការ​បាញ់​រះ​ក្នុង​​វិទ្យាល័យ ដល់​ស្លាប់

មានហេតុការណ៍​​បាញ់​រះ​សម្លាប់មនុស្ស​មួយ​បាន​កើត​ឡើង ទាំង​កណ្តាល​ថ្ងៃ​ត្រង់ នៅ​ក្នុង​វិទ្យាល័យ​ ឡាឡូហ្ស នៃ​ខេត្ត Saskatchewan ​ភាគ​ខាង​កណ្តាល​ប្រទេស​កាណាដា។ ​មាន​ស្លាប់​បួន​នាក់​និង​របួស​ជា​ច្រើន​នាក់ ជន​សង្ស័យ​ត្រូវ​ចាប់​ខ្លួន​បាន​មួយ​រំពេច។

វិទ្យាល័យ​ La Loche នៅ​ខេត្ត​ Saskatchewanភាគ​កណ្តាល​ប្រទេស​កាណាដា
វិទ្យាល័យ​ La Loche នៅ​ខេត្ត​ Saskatchewanភាគ​កណ្តាល​ប្រទេស​កាណាដា REUTERS/Raymond Dauvin/Handout
ផ្សាយពាណិជ្ជកម្ម

 

នៅ​វេលា​ម៉ោង​១​ថ្ងៃ ម៉ោង​នៅ​ប្រទេស​កាណាដា ថ្ងៃ​សុក្រ​ទី ២២​មករា យុវជន​មា្នក់​ប្រដាប់​ដោ​យ​កាំភ្លើង​វែង បានស្ទុះ​ចូល​ទៅ​ក្នុង​បរិវេណ​សាលា​រៀន​ ហើយ​បាញ់​រះ​ជា​ច្រើន​ប្រាវ បង្ក​ឱ្យ​មាន​រត់​ភ័យ​ស្លន់​ស្លោ ស្រែក​យ៉ាង​ទ្រហឹង​ពេញ​សាលា។ ជា​សរុប​មាន​សម្លាប់​ ​បួន​នាក់ និង​របួស​ជា​ច្រើន​នាក់។ បើ​តាម​សាក្សីជា​ច្រើន​ដែល​បាន​ឃើញ​ហេតុការណ៍ ខ្មាន់​កាំភ្លើង​នោះធ្លាប់​ជា​ក្មេង​ បាន​រៀន ឬ រៀន​នៅ​ក្នុង​វិទ្យាល័យ​La Loche នេះ​។

La Loche គឺ​ជា​ក្រុង​តូច​មួយ​ប្រជាជន​រស់​នៅ​ប្រមាណ ៣ពាន់​នាក់ ភាគ​ច្រើន ជា​ជនជាតិដើម Chipewyans ជនជាតិ​ភាគ​តិចរស់​នៅ​តំបន់​ទឹកកក​កាណាដា​ដំបូង​គេ​បង្អស់។ ក្រុង​នេះ​ស្ថិត​នៅ​មាត់​ព្រៃ និង​ដាច់​ស្រយ៉ាល​បំផុត។ ក្នុង​ហេតុការណ៍​បាញ់​រះនេះ អាជ្ញាធរ​កាណាដា បានបញ្ជូន​កម្លាំង​ប៉ូលិស​ជា​ជំនួយបន្ថែម និង​បញ្ជូន​ឧទ្ធម្ភាគចក្រ​វេជ្ជសាស្ត្រ​ទៅ​សង្គ្រោះ​អ្នក​រង​របួស។​​

ជា​ហេតុការណ៍​ដ៏​គួរ​ឱ្យ​តក់​ស្លុត​បំផុត សម្រាប់​ឪពុក​ម្តាយ ! នេះ​ជា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​កាណាដា​ ពី​​ទីក្រុង​ដាវ៉ូស ទី​ដែល​លោក​កំពុង​ចូលរួម​​ក្នុង​ជំនួប​ប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​​នៅ​ប្រទេស​ស៊្វីស មុន​នឹង​បន្ថែម​ថា ប៉ូលិស​បានចាប់​​ឃាត់​ និង​ឃុំ​ខ្លួន​ជន​សង្ស័យ​ខ្មាន់​កាំភ្លើង​នោះហើយ។

ផ្ទុយ​ពី​សហរដ្ឋ​អាមេរិក ការ​បាញ់​រះ​កម្រ​កើត​មាន​ណាស់​នៅ​កាណាដា ! ព្រោះ​ប្រទេស​នេះ​មាន​ច្បាប់​តឹង​តែង​ណាស់ ខាង​គ្រប់​គ្រង​អាវុធ។ នេះ​ជា​​បាញ់​រះ ដ៏​​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​កើត​ទេ នៅ​ប្រទេស​កាណាដា​គិត​ចាប់​តាំង​ពី​២៦​ឆ្នាំ​មក។ គេ​ត្រូវ​ត្រលប់​ទៅ​​​ទសវត្សរ៍​ឆ្នាំ​៩០ ទើប​ឃើញ​មាន​ការ​បាញ់​រះ​ស្លាប់​មនុស្ស​ច្រើន​នាក់ នៅ​ក្នុង​សាលា​រៀន​ដូច្នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ