អានតួអត្ថបទ

កូឡុំប៊ីធ្វើ​ប្រជាមតិ​ដើម្បី​​អនុម័ត​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ពួក​ឧទ្ទាមFarc

តើ​មាន​ប្រទេស​ណា ដែលរៀប​ចំ​បោះឆ្នោត​ប្រជាមតិ​​សួរ​យោបល់​ប្រជាពលរដ្ឋ​ ថា​ចង់​រស់​ដោយ​សន្តិភាព​ឬអត់ ?! ​មាន​ ! គឺ ​កូឡុំប៊ី ! នៅ​ថ្ងៃ​អាទិត្យ​នេះ ពលរដ្ឋ​កូឡុំប៊ី​ជាង ៣០​លាន​នាក់​ត្រូវ​ចូល​រួម​បោះឆ្នោត​ប្រជាមតិ ព្រមទទួល​យក​ កិច្ចព្រមព្រៀង​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ ដែល​​​រដ្ឋាភិបាល បាន​​​ចុះ​ហត្ថលេខា​​កាលពី​ថ្ងៃទី ២៦ កញ្ញា ជាមួយ​នឹង​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​បដិវត្តន៍កូឡុំប៊ី ឬ​ហៅ​កាត់​ថា Farc​ ឬ​ក៏​អត់។ ប្រជាមតិ នេះ​ជា​ដំណាក់កាល​ដ៏​សំខាន់​ចុងក្រោយ នៃ​ការ​បិទ​បញ្ចប់​សង្គ្រាម​បង្ហូរ​ឈាម​ជាង​កន្លះ​សតវត្សរ៍។

ក្រុម​អ្នក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព  "no" ជាមួយ​ពួក​ឧទ្ទាម​Farc
ក្រុម​អ្នក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព "no" ជាមួយ​ពួក​ឧទ្ទាម​Farc © Reuters
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​កូឡុំប៊ី ត្រូវ​បញ្ចេញ​មតិ​ ថា​ ព្រម ឬ​មិន​ព្រម នឹង​កិច្ចព្រមព្រៀង​ ដែល​ប្រធានាធិបតី​កូឡុំប៊ី លោក សិនតូស និងមេ​​ក្រុម​ឧទ្ទាមFarc លោក ឡុងដូណូ ហៅ​ ទីម៉ូឆេនកូ បាន​ចុះ​ហត្ថលេខា​ កាលពី​ថ្ងៃ​ចន្ទ​មុន។ ជាកិច្ចព្រមព្រៀង​សន្តិភាព បិទ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​ និង​ស្ថាបនា​ប្រទេស​ឡើង​វិញ ឱ្យ​មាន​ស្ថិរភាព​យូរអង្វែង​និង​ជា​និរន្ត បន្ទាប់​ពី​ឆ្លង​កាត់​ការ​ចរចា​អស់​រយៈ​ពេល​ជាង​បួន​ឆ្នាំ និង​មានគុយបា​ជា​អន្តរការី។

ពលរដ្ឋ​កូឡុំប៊ី​គ្រប់រូប​សុទ្ធ​តែ​យល់​ ការ​បោះឆ្នោត​ថ្ងៃ​នេះ ជា​ការ​បញ្ចេញ​សំឡេង​ដ៏​សំខាន់​បំផុត​ ក្នុង​ចំណោម​ការ​បោះឆ្នោត​នារយៈ​ពេល​២៥​ឆ្នាំ​ចុងក្រោយ​នេះ។ ​តាម​ការ​ស្ទង់​មតិ​ មួយ​ថ្ងៃ​ក្រោយ​ការ​ចុះ​ហត្ថលេខាភ្លាម ខាង​ “ព្រម” មាន​ចំនួន​ប្រមាណ​ពី ៥៥ ទៅ​៦៦%​​ ​ ប៉ុន្តែ​ដើម្បី​ឱ្យ​កិច្ចព្រមព្រៀង​អាច​មាន​សុពលភាព​បាន​ លុះ​ណា​តែ​សំឡេង​គាំទ្រ​ ឡើង​បាន​ដល់​ទៅ ១៣% នៃចំនួន​​ពលរដ្ឋ​កូឡុំប៊ី ៣៣​លាន​នាក់មាន​ឈ្មោះ​ក្នុង​​បញ្ជី​បោះឆ្នោត។ ហើយ​សូម​កុំ​ភ្លេច​ថា នៅ​កូឡុំប៊ី​ អត្រា​អ្នក​អវត្តមាន​មិន​ចូល​រួម​បោះឆ្នោត​ មាន​ដល់​ទៅ​ជាង​៥០%។

 
លោកស្រី អ៊ីងគ្រីត បេតង់គួ អតីត​បេក្ខជនប្រធានាធិបតីកូឡុំប៊ី ដែល​ធ្លាប់​ជាប់​ជា​ចំណាប់​ខ្មាំង​របស់​ពួក​Farc អស់​រយៈ​ពេល ៦​ឆ្នាំ ក៏​ត្រៀម​នឹង​បោះឆ្នោត​ទទួល​យក​​កិច្ចព្រមព្រៀង​សន្តិភាពដែរ​ បើ​ទោះ​បី​ជា​លោកស្រី​ពិបាក​នឹង​អត់​ទោស​ឱ្យ​ពួក​គេ​ក៏​ដោយ។

អតីត​ប្រធានាធិបតី​កូឡុំប៊ី អ៊ុយរីបេ ដែល​ស្ថិត​នៅ​ក្នុង​បក្ស​ប្រឆាំង បាន​ធ្វើ​យុទ្ធនាការ​ “មិនព្រម” ទទួល​យក​កិច្ចព្រមព្រៀង​នេះ ដោយ​យល់​ថា ពួក​ឧទ្ទាមគួរ​​ត្រូវ​តែ​ឆ្លង​កាត់​តុលាការ​ ចំពោះ​ទង្វើ​ឧក្រិដ្ឋ​កន្លង​មក និង​មិន​គួរ​មាន​សិទ្ធិ​​នៅ​ក្នុង​សភា​ឡើយ។ បើតាម​កិច្ចព្រមព្រៀង ​ចលនា​ឧទ្ទាម​Farc គ្រោង​នឹង​ប្តូរ​លក្ខខន្តិកៈ​​​ទៅ​ជា​បក្ស​នយោបាយ​មួយ អាច​ចូល​ប្រកួត​ប្រជែង​តាម​រយៈ​សន្លឹក​ឆ្នោត ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី និង​សភា​ នៅ​ឆ្នាំ​២០១៨ ព្រមទាំង​ធានា​បាន​ថា​មាន​អាសនៈ​១០​ នៅ​ក្នុង​សភា ដោយ​មិន​ឆ្លង​កាត់​ការ​បោះឆ្នោត​រហូត​ល់​ឆ្នាំ ២០២៦។ ការិយាល័យ​បោះឆ្នោត​នឹង​ត្រូវ​បិទ​នៅ​ម៉ោង​៤​រសៀល​ ម៉ោង​នៅកូឡុំប៊ី ហើយ​លទ្ធផល​នឹង​​បាន​ដឹង​នៅ​ពេល​យប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ