អានតួអត្ថបទ

ការ​បាញ់​ប្រហារ​នៅ​អាមេរិក បំផុសសំនួរជា​ថ្មី​ជុំ​វិញ​ច្បាប់​គ្រប់គ្រង​អាវុធ

សហរដ្ឋ​អាមេរិក​បាន​កាន់​ទុក្ខ​ជា​ថ្មី នៅ​ថ្ងៃ​សុក្រ​ទី ៦​មករា​ម្សិលមិញ ដោយ​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​បើក​ការ​បាញ់​រះ​សម្លាប់​មនុស្ស​អស់​៥​នាក់ និង​របួស​៨​នាក់។ គេ​នៅ​ពុំ​ទាន់​ដឹង​អំពី​មូលហេតុ​ដែល​ជំរុញ​ឱ្យ​ខ្មាន់​កាំភ្លើង​បង្ក​សកម្មភាព​សោកនាដកម្ម​ទេ ប៉ុន្តែ​​គ្រប់​គ្នា​ចាប់​ផ្តើម​ចោទ​សួរ​ជា​ថ្មី​អំពី​ច្បាប់​គ្រប់គ្រង​អាវុធ ព្រោះ​ថាជនសង្ស័យ បាន​ប្រើ​កាំភ្លើង​ដែល​ថ្លឹង​ផ្ញើជា​អីវ៉ាន់​​តាម​យន្តហោះ​។

អាកាសយានដ្ឋាន  Fort Lauderdale ដែល​មាន​ការ​បាញ់​ប្រហារ​ស្លាប់​មនុស្ស​៥​នាក់​និង​របួស​៨​នាក់ ថ្ងៃទី ៦ មករា ២០១៧
អាកាសយានដ្ឋាន Fort Lauderdale ដែល​មាន​ការ​បាញ់​ប្រហារ​ស្លាប់​មនុស្ស​៥​នាក់​និង​របួស​៨​នាក់ ថ្ងៃទី ៦ មករា ២០១៧ REUTERS/Andrew Innerarity
ផ្សាយពាណិជ្ជកម្ម

ការ​បាញ់​ប្រហារ​បាន​កើត​ឡើង​នៅក្នុង​​អាកាសយានដ្ឋាន​អន្តរជាតិ​រដ្ឋ​Florida នៅ​ត្រង់​កន្លែង​រង់ចាំ​ទទួល​អីវ៉ាន់ សម្លាប់​មនុស្ស​អស់​៥​នាក់ និង​របួស​៨​នាក់។ ក្រោយ​ពី​បាញ់​អស់​គ្រាប់ ខ្មាន់​កាំភ្លើង ដែល​មាន​ឈ្មោះ​ថា Esterban Santiago ​អាយុ ២៦​ឆ្នាំ បាន​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​តាម​សម្រួល។

ជា​អតីត​នាយ​ទាហាន​ នៃ​កង​ការពារជាតិ Porto Rico និង Alaska Esterban Santiago ​ធ្លាប់​បាន​ចុះ​ទៅ​សមរភូមិ​អ៊ីរ៉ាក់ ពី​ខែ​មេសា​២០១០ ដល់​ខែ​កុម្ភៈ​២០១១។ ក្រុម​អ្នក​អង្កេត​កំពុង​តែ​សាក​ល្បង​ស្វែង​រក​មូល​ហេតុ​នៃ​ទង្វើ​បាញ់​ប្រហារ​នេះ។ ដាន​ភេរវកម្ម​ក៏​មិន​ត្រូវ​បាន​ច្រាន​ចោល​ទាំង​ស្រុង​ដែរ។

ប៉ុន្តែហេតុការណ៍ហិង្សា​ ក្នុង​ប្រទេស​ជួប​ប្រទះ​ករណី​បាញ់​ប្រហារ​ញយៗ ដោយ​​ពលរដ្ឋ​មាន​សិទ្ធិ​កាន់​អាវុធ​គ្រប់​គ្នា​ កំពុង​បំផុស​ចំណោទ​ជុំ​វិញ​ការ​គ្រប់គ្រង​អាវុធ​ជា​ថ្មី​ទៀត។ ព្រោះ​ថា​ ម្សិលមិញ Esterban Santiago បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​​មក​ពី​រដ្ឋ​អាឡាស្កា ជាមួយ​នឹង​អាវុធ​និង​ និង​គ្រាប់កាំភ្លើងរបស់​គេ​ ដែល​ដាក់​ផ្ញើ​​ក្នុង​វ៉ាលី​បញ្ញើ​ថត​ថ្លឹង​​នៅ​បាត​យន្តហោះ។ នៅ​ពេល​មក​ដល់ និង​បាន​ទទួល​វ៉ាលី​វិញ Esterban Santiago បាន​ទៅ​បន្ទប់​ទឹកដើម្បី​បញ្ចូល​គ្រាប់ រួច​ចេញ​មក​វិញ​បាញ់​រះ​លើ​មនុស្ស​ម្នា​តែ​ម្តង។

តាម​ច្បាប់​សុវត្ថិភាព​​ដឹកជញ្ជូន​ផ្លូវ​អាកាស គេ​ហាម​ហាត់​មិន​ឱ្យ​អ្នក​ដំណើរ​យក​អាវុធ​ដាក់​តាម​ខ្លូន​ជិះ​យន្តហោះ​ទេ តែ​អាច​ដឹកជញ្ជូន​តាម​វ៉ាលី​ថ្លឹង​បាន និងដោយ​ត្រូវ​ដោះកៃ ព្រមទាំងត្រូវ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។ ជាតិ​ផ្ទុះ​ត្រូវ​ហាម​ឃាត់ តែ​យន្តហោះ​អាច​ទទួល​ដឹក​គ្រាប់​បែក​បាន​នៅ​បាត​យន្តហោះ​ ប្រសិន​បើ​មាន​ការប្រកាសអនុញ្ញាត​ត្រឹម​ត្រូវ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​មាន​ការ​វាយប្រហារ​ដោយ​ប្រើ​អាវុធ​ដឹក​តាម​យន្តហោះ។ កាលពី​ឆ្នាំ​១៩៧២ ទាហាន​ក្រហម​ជប៉ុន​បី​នាក់ បាន​ដឹក​ជញ្ជូន​អាវុធ និង​គ្រាប់​បែក​ដៃ ជា​ច្រើនក្នុង​យន្តហោះ​ ដើម្បី​មក​ធ្វើ​ភេរវកម្ម​នៅ​​​អាកាសយានដ្ឋាន​ក្រុង​ទែលអាវីល ប្រទេស​អ៊ីស្រាអែល ដែល​កាល​ណោះ​បាន​សម្លាប់​មនុស្ស​អស់​២៦​នាក់៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ