អានតួអត្ថបទ
សហរដ្ឋអាមេរិក

ក្រឹត្យ​អន្តោប្រវេសន៍​ថ្មី​របស់​លោកដូណាល់ ត្រាំត្រូវ​ជាប់​គាំង​ជាថ្មី

ក្រឹត្យ​អន្តោប្រវេសន៍​ថ្មី​របស់​លោកដូណាល់ ត្រាំ បាន​ចូល​ជា​ធរមាន ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍នេះ។ ប៉ុន្តែ នៅ​ប៉ុន្មាន​ម៉ោង មុន​ចាប់​មាន​សុពលភាព ក្រឹត្យ​ថ្មី​របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ​ត្រូវ​ពើបប្រទះ​នឹង​ការប្រឆាំង​ទាត់ចោល​របស់​តុលាការ​រដ្ឋហាវ៉ៃ។ ហាវ៉ៃ ជារដ្ឋ​ដំបូងគេ​ដែល​បាន​ចេញមុខ​ប្រឆាំង ក្រឹត្យ​ថ្មី​របស់​លោកដូណាល់ ត្រាំ។ លោកដូណាល់ ត្រាំ​បាន​សុខចិត្ត កែសម្រួល​ក្រឹត្យ​អន្តោប្រវេសន៍​ចាស់ ដែល​ត្រូវ​គេរិះគន់ និង​វាយតម្លៃថា មាន​លក្ខណៈ​ប្រកាន់ រើសអើង​ពូជសាសន៍ និង​សាសនា។

រដ្ឋុមន្រ្តី​យុត្តធម៌​របស់​រដ្ឋ​ហាវ៉ៃលោក Douglas Chin ដែល​ដាក់​បណ្តឹង​ប្រឆាំង​ច្បាប់​អន្តោប្រវេសន៍​ថ្មី​របស់​លោកត្រាំ នៅថ្ងៃទី ១៥​មីនា​២០១៧
រដ្ឋុមន្រ្តី​យុត្តធម៌​របស់​រដ្ឋ​ហាវ៉ៃលោក Douglas Chin ដែល​ដាក់​បណ្តឹង​ប្រឆាំង​ច្បាប់​អន្តោប្រវេសន៍​ថ្មី​របស់​លោកត្រាំ នៅថ្ងៃទី ១៥​មីនា​២០១៧ © REUTERS/Hugh Gentry
ផ្សាយពាណិជ្ជកម្ម

ចៅក្រម​របស់​តុលាការ​សហព័ន្ធ នៅ​ហាវ៉ៃ​ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ចេញ​សម្រេច ហាម​មិន​ឲ្យ​គេ​អនុវត្ត​ក្រឹត្យ​អន្តោប្រវេសន៍​ថ្មី​របស់​លោក​ដូណាល់ ត្រាំ។ សេចក្តី​សម្រេច​របស់​ចៅក្រម​ដែល​នឹង​ត្រូវ​គេ​អនុវត្ត គោរព​តាម នៅ​ទូទាំង​ប្រទេស​អាមេរិក ប្រៀបបាន​នឹង​ការសំពង​មួយ​ព្រនង់ លើ​រដ្ឋបាល​លោកដូណាល់ ត្រាំ ដែល​បាន​​ចាត់ទុក ក្រឹត្យ​ប្រឆាំង​អន្តោប្រវេសន៍ ​ជា​វិធានការ​ចំបង លេចធ្លោ​ជាងគេ នៅក្នុង​ដើមអាណត្តិ​របស់​លោក​ដូណាល់។

 

នៅក្នុង​សេចក្តី​សម្រេច​របស់ខ្លួន ចៅក្រម​សហព័ន្ធ​ក្នុង​រដ្ឋហាវ៉ៃ លោក​Derrick Watson​បាន​ពន្យល់ថា គេ​ត្រូវ​ផ្អាកព្យួរ​ ក្រឹត្យ​ប្រឆាំង​អន្តោប្រវេសន៍​របស់​រដ្ឋាភិបាល ជា​បណ្តោះអាសន្ន​សិន ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​កំហុស ការបែកបាក់ ដែល​គេ​មិនអាច​ផ្សះផ្សារ​ឡើងវិញ​បាន។​ តាម​អាជ្ញាធរ​រដ្ឋហាវ៉ៃ ដែល​ជា​ម្ចាស់​ដើមបណ្តឹង ក្រឹត្យ​ថ្មី​របស់​លោក​ដូណាល់ ត្រាំ នឹង​បន្ទុចបង្អាក់ ធ្វើ​ឲ្យ​រដ្ឋ​ហាវ៉ៃ ខាតបង់​ចំណូល​ដែល​បាន​មក​ពី​ទេសចរណ៍ ហើយ​និង​ការសិក្សា​របស់​និស្សិត​បរទេស។

 
ដើម្បី​ពន្យល់​ការសម្រេចចិត្ត​របស់ខ្លួន លោកចៅក្រម​សហព័ន្ធ បានផ្អែក​លើ​ការប្រកាស​ជាច្រើន​ដង​របស់​លោកដូណាល់ ត្រាំ ជាពិសេស នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជាទី​ដែលលោក​បាន​សន្យា​ហាម​មិន​ឲ្យ​អ្នកកាន់​សាសនា​អ៊ីស្លាម​ចូល​ទឹកដី​អាមេរិក នៅ​ពេល​លោកឈ្នះ​ឆ្នោត​ប្រធានាធិបតី។ ជា​ការសន្និដ្ឋាន​របស់​ចៅក្រម ក្រឹត្យ​អន្តោប្រវេសន៍​របស់​លោកដូណាល់ ត្រាំ​នៅ​តែ​មាន​​បង្កប់​ច្រើន​ដោយ​ការស្អប់ ចងគំនុំ​ខាងផ្នែក​សាសនា។

ក្រឹត្យ​ប្រឆាំង​អន្តោប្រវេសន៍​ថ្មី របស់​លោកដូណាល់ ត្រាំ ដែល​ពេលនេះ ត្រូវ​គេ​ផ្អាកព្យួរ​ជាថ្មី តាមពិត​ជា​លទ្ធផល​នៃ​ការកែសម្រួល​ក្រឹត្យ​ចាស់ ដែល​ធ្លាប់​ត្រូវ​បានចៅក្រម​រដ្ឋ​Settles​ហាម​មិន​ឲ្យ​អនុវត្ត​នៅ​ដើម​ខែ​កុម្ភៈ។ ទៅតាម​ក្រឹត្យ​ថ្មី រដ្ឋបាល​អាមេរិក បាន​ដក​អ៊ីរ៉ាក់ ចេញ​ពី​បញ្ជីប្រទេស​ដែល​គេហាម​មិន​ឲ្យ​មាន​ប្រជាជន​ចូល​ទឹកដី​អាមេរិក។ យ៉ាងណាក៏ដោយ​ក្រឹត្យ​ថ្មីនេះ នៅ​តែ​បិទ ជា បណ្តោះ​អាសន្ន​ព្រំដែន​អាមេរិក មិន​ស្វាគមន៍​ជនភៀសខ្លួន ហើយ​ផ្អាកព្យួរ មិន​ផ្តល់​ទិដ្ឋាការ​ដល់​ប្រជាជន​មក​ពី​ប្រទេស​ចំនួន ដូចជា​អ៊ីរ៉ង់ ស៊ីរី លីប៊ី សូម៉ាលី ស៊ូដង់ ហើយ​និង​យេម៉ែន។

តាំង​ពី​កន្លែង​ប្រជុំ​នៅ​ទីក្រុង​Nashville របស់​រដ្ឋ​ Tennessee លោកដូណាល់ ត្រាំ​បាន​បរិហារ​ ការសម្រេច​ចិត្ត​ខុសរឿង​របស់​ចៅក្រម​រដ្ឋហាវ៉ៃ និង​ការរំលោភ​អំណាច​របស់​ចៅក្រម ដែលមិនធ្លាប់​មាន​ពីមុនមក។ លោកដូណាល់ ត្រាំ​បានលើកឡើង​ពី​ច្បាប់ នៅក្នុង​រដ្ឋធម្មនុញ្ញ ដែល​ផ្តល់​អំណាច​ដល់​ប្រធានាធិបតី ក្នុង​ការផ្អាកព្យួរ​លំហូរ​អន្តោប្រវេសន៍ បើសិន​ប្រធានាធិបតី​វាយតម្លៃ​ថា វា​ចាំបាច់​សម្រាប់​ផលប្រយោជន៍ជាតិ។ នៅក្រោយ​ការសម្រេច​របស់​ចៅក្រម​រដ្ឋហាវ៉ៃ លោកដូណាល់ ត្រាំ​បាន​សន្យា បន្ត​ប្តឹង​សេចក្តី​សម្រេច​របស់​ចៅក្រម​រដ្ឋ​ហាវ៉ៃ ទៅ​តុលាការ​កំពូល​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ