ក្រុមប្រទេសក្នុងសម្ព័ន្ធប្រឆាំងនឹងក្រុមជីហាតរដ្ឋអ៊ីស្លាម រួមប្រជុំគ្នានៅវ៉ាស៊ីនតោន
ក្រុមប្រទេសក្នុងសម្ព័ន្ធប្រឆាំងទល់នឹងរដ្ឋអ៊ីស្លាម រួមប្រជុំគ្នាទៅនៅវ៉ាស៊ីនតោននាថ្ងៃពុធនេះ។ ជាកិច្ចប្រជុំថ្នាក់ខ្ពស់និងលើកទីមួយដែរចាប់តាំងពីឆ្នាំ២០១៤ មក និងក៏ជាឱកាសមួយ ដើម្បីវាយតម្លៃឲ្យបានច្បាស់លាស់នៅលើការប្រយុទ្ធប្រឆាំងនៅស៊ីរីនិងអ៊ីរ៉ាក់ ក៏ព្រមទាំងនៅលើជំហររបស់រដ្ឋបាលថ្មីអាមេរិកផងដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៤
ក្រុមប្រទេសសម្ព័ន្ធមិត្តអន្តរៈជាតិដែលធ្វើការប្រយុទ្ធទល់នឹងអង្គការរដ្ឋអ៊ីស្លាមចំនួន៦៨ប្រទេសនិងតំណាងដោយបណ្តារដ្ឋមន្ត្រីការបរទេសរបស់ខ្លួន រួមប្រជុំគ្នានៅវ៉ាស៊ីនតោននាថ្ងៃពុធនេះ។ ការរួមប្រជុំក្នុងកម្រិតថ្នាក់ការទូតនេះ ក៏ជាលើកទីមួយដែរចាប់តាំងពីឆ្នាំ ២០១៤និងក៏ជាឱកាសដើម្បីវាយតម្លៃនៅលើការប្រយុទ្ធប្រឆាំងទល់នឹងពួកអ៊ីស្លាមជីហាតនៅស៊ីរីនិងនៅអីរ៉ាក់ ជាពិសេសនៅលើជំហរនៃការចូលរួមរបស់រដ្ឋបាលថ្មីអាមេរិកដែរ។
នៅលើការប្រយុទ្ធនៅ Mossoul នៅ Irak កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ដែលមានជំនួយពីកងទ័ពសម្ព័ន្ធមិត្ត បានវាយរុលទៅមុខជាលំដាប់។ ក៏ប៉ុន្តែ អង្គការរដ្ឋអ៊ីស្លាមនៅតែតស៊ូក្រាញននាលជានិច្ចដែលជំរុញឲ្យការប្រយុទ្ធគ្នានេះ អាចអូសបន្លាយយូរជាច្រើនខែទៅមុខទៀតមុននឹងរំដោះទីក្រុងទីពីរបាន ។
នៅស៊ីរី កងទ័ពអន្តរជាតិដែលជួយប្រយុទ្ធខាងចលនាឧទ្ទាមស៊ីរី(FDS) និងក្រុមយុទ្ធជនគួដ បានប៉ុនប៉ងចង់វាយដណ្តើមយកទីក្រុង Raqqa ដែនអំណាចត្រួតត្រារបស់អង្គការរដ្ឋអ៊ីស្លាម។ ប៉ន្តែស្ថានការណ៍នៅក្នុងតំបន់ មានភាពស្មុកស្មាញដោយសារតែមានក្រុមពីរផ្សេងទៀតចង់វាយដណ្តើមកាន់កាប់ទីក្រុង Raqqa គឹរបបស៊ីរីគាំទ្រដោយរុស្ស៊ីនិងចលនាឧទ្ទាមអារ៉ាបគាំទ្រដោយតួកគី។
នៅក្នុងបរិបថនេះហើយ ទើបមានសំណួរដ៏ធំមួយចោទឡើង គឺនៅលើកម្រិតនៃការចូលរួមរបស់អាមេរិកនៅក្នុងការប្រយុទ្ធប្រឆាំងទល់នឹងអង្គការរដ្ឋអ៊ីស្លាម។ ដោយអាមេរិកគឺជាប្រទេសនាំមុខកងទ័ពសម្ព័ន្ធ ក៏ប៉ុន្តែរដ្ឋបាលរបស់លោក Trumpនៅតែពុំទាន់កំណត់គោលនយោបាយរបស់ខ្លួនឲ្យបានច្បាស់លាស់នៅឡើយទេ។ លោក Trump ដែលគ្រាន់តែបញ្ចាក់ពីការសន្យារបស់ខ្លួននៅក្នុងការកំចាត់សត្រូវឲ្យរលាយសាបសូន្យតែប៉ុណ្ណោះ។
ក្នុងន័យនេះដែរទើបវិមានប្រធានាធិបតីអាមេរិក បានស្នើបង្កើនថវិកាចំនួន ១០%នៅលើកិច្ច ការពារ ជាតិដោយកាត់បន្ថយលើការចំណាយកិច្ចការទូតចំនួនដល់ទៅ៣០%។
នៅលើសំណុំរឿងទទួលជនភៀសខ្លួននិងការរឹតបន្តឹងទិដ្ឋាការដែលលោក Trump ទាមទារ ក៏នៅពុំទាន់មានចុះនៅក្នុងកម្មវិធីផ្លូវការណ៍ដែរ រួមទាំងច្បាប់ថ្មីដែលហាមអ្នកដំណើរមកពីប្រទេសអារ៉ាប់ចំនួន៨ ប្រទេសសម្ព័ន្ធមិត្តអាមេរិក មិនអោយយកកុព្យុទ័រដាក់ជាប់ជាមួយនឹងខ្លួន។
សូមបញ្ជាក់ថា សម័យប្រជុំនៅវ៉ាស៊ីនតោននាថ្ងៃពុធនេះ ត្រូវប្រព្រឹត្តទៅនៅមុនថ្ងៃនៃកិច្ច ចរចាថ្មីៗទៀតនៅទីក្រុងGenève រវាងរដ្ឋអំណាចស៊ីរីនិងចលនាឱទ្ទាមស៊ីរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ