អានតួអត្ថបទ
អាមេរិក-កាតា

រដ្ឋមន្ត្រី​​ការពារជាតិ​​​​អាមេរិក​​ជួប​​មេដឹកនាំ​​កាតា​

នៅថ្ងៃសៅរ៍​២២មេសា​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក​ Jim Matthis បាន​ធ្វើដំណើរ​ទៅដល់​កាតា ជួប​មេដឹកនាំ​សំខាន់ៗ​កាតា ដើម្បី​ជជែក​ពី​ស្ថានភាព​តំបន់​បូព៌ា។ ​កាតា​ជាប្រទេស​សំបូរប្រេង និង​មាន​មូលដ្ឋាន​ទ័ពអាកាស សម្រាប់​ប្រតិបត្តិការ​យោធា​អាមេរិក នៅ​តំបន់​ដើម​បូព៌ា។

Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​ដំណើរទស្សនកិច្ច​នៅ​តំបន់​ដើម​បូព៌ា រដ្ឋមន្ត្រី​​ការពារជាតិ​អាមេរិក លោក Jim Matthis​ បានបន្ត​ដំណើរ​​ទៅដល់​កាតា និង​ជួប​មេដឺកនាំ​សំខាន់ៗ នៅ​ក្រុ​ង​ដូហា។ ថ្ងៃសៅរ៍នេះ លោក​ម៉ាទីសបាន​​​ជួប​អេមៀ ​ឆេក តាមីម បិន ហាម៉ាត អាល់ ថានី។

ដូចជា​នៅ​តាម​បណ្តា​ប្រទេសតំបន់​បូព៌ាផ្សេងទៀត​នៃ​ដំណើរទស្សនកិច្ច​​​ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​​ ​ផ្តោត​ការ​ពិភាក្សា​ជាមួយ​មេដឹកនាំ​ប្រទេស​ទាំងនេះ ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ភេរវជន​ជីហាត​រដ្ឋអ៊ីស្លាម ​ពី​ជម្លោះ​សង្គ្រាម​ស៊ីរី ​រឺ​ក៏​ការព្រួយបារម្ភ​​ចំពោះ​សកម្មភាព​អ៊ីរ៉ង់ក្នុង​តំបន់​ជាដើម។ នៅ​កាតា ​អាមេរិក​មា​ន​​ទាហាន​​ជិត​១ម៉ឺននាក់​ ដាក់ពង្រាយ​នៅ​មូលដ្ឋាន​ទ័ពអាកាស ​អាល់ យូដេដ។

ជាទូទៅ ​គឺ​នៅប្រទេស​កាតា​នេះឯង​ ដែល​គេរៀបចំ​ប្រតិបត្តិការ​​វាយប្រហារ​ផ្លូវអាកាស កំចាត់​ក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម នៅ​អ៊ីរ៉ាក់ និង​ស៊ីរី។ កន្លងមក កិច្ចព្រមព្រៀង​រវាង​កាតា​និង​អ៊ីរ៉ង់ ​បាន​ជួយ​​​​ជម្លៀស​មនុសុ្ស​​ជាង​១ម៉ឺន១ពាន់​នាក់ ពីតំបន់​រងការ​ឡោមព័ទ្ធ​នៅ​ស៊ីរី។ ប៉ុន្តែ ដោយសារ​កាតា​គាំទ្រ​ក្រុម​ឧទ្ទាម​ស៊ីរី មេដឹកនាំ​​​ប្រទេស​លោក​ខាងលិចមួយចំនួន​បាន​ចោទ​​កាតា ថា​មិនបាន​ចូលរួម​ពេញដៃពេញជើង ​​ដើម្បី​​ទប់ស្កាត់​​ចំណូល​ថវិកា​របស់​​​​​ក្រុម ជ្រុលនិយម​​អ៊ីស្លាមទេ​។

ដោយឡែក ក្នុង​ទំនាក់ទំនង​ពាណិជ្ជកមុ្ម​អាមេរិក-កាតា ក្រុមហ៊ុនQatar Airways​ ទើប​នឹង​បាន​ទិញ​យន្តហោះ​បូអ៊ីង​ជាង​១០០គ្រឿង ​ក្នុង​តម្លៃ​១៨ ៦០០ដុល្លារ។ ​

វិល​មករក​ស្ថានភាព​នយោបាយ​វិញ ដើមខែ​មេសា​នេះ​​ ​អាមេរិក​បាន​បាញ់​មីស៊ីល​៥៩ដើម ទៅ​លើ​មូលដ្ឋានយោធា​ស៊ីរី បន្ទាប់​ពី​មា​នការវាយប្រហារ​ដោយ​អាវុធ​គីមី​សម្លាប់​មនុស្ស​៩០នាក់ នៅ​តំបន់​​ខាន់ ឆេកឃូន។ ថ្ងៃសុក្រ​ម្សិលមិញ ក្នុង​​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល ឆ្លើយសំណួរ​ថា តើ​ទាហាន​ស៊ិរី​បាន​បញ្ជូន​យន្តហោះ​ទៅ​មូលដ្ឋានយោធា​រុស្ស៊ី​នៅ​ឡាតាខ្ចេ ភាគខាងលិច​ស៊ីរិ​ដែរទេ? លោក​ ម៉ាទីស​ បាន​ឆ្លើយ​ថា​ ទាហាន​​ស៊ីរី​​​​ពិតជា​​បាន​​រាយប៉ាយ​យន្តហោះ​ខ្លួនមែនហើយ​​។ ម្សិលមិញ​នេះដែរ​​​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បានទទួល​ជួប​លោក​ម៉ាទីស​ និង​​បាន​​លើកសរសើរពី​​នយោបាយ​​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ។

ក្នុងទស្សនកិច្ច​នៅ​ដើមបូព៌ា ប្រមុខ​ការពារជាតិ​​អាមេរិក ជីម ម៉ាទីស ​បានទៅ​អារ៉ាប៊ីសាអូឌីត ​អេហ្ស៊ីប និង​អ៊ីស្រាអែល​រួចហើយ។ បន្ទាប់​ពី​កាតា ថ្ងៃសៅរ៍នេះ ​ថ្ងៃអាទិត្យ​ស្អែក​ លោក​នឹង​បន្ត​ដំណើរ​ទៅ​ដល់​ប្រទេស​ជីប៊ូទី៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ