អាមេរិក៖បងប្អូនប្រុសស្រីចំនួន ១៣នាក់ត្រូវបានឱពុក ម្តាយចាប់ចង និងបង្អត់អាហារនៅកាលីហ្វ័រនីញ៉ា
នៅសហរដ្ឋអាមេរិក ព្រឹត្តិការណ៍ដ៏រន្ធត់មិនគួរឲ្យជឿមួយបានកើតមាននៅក្នុងគ្រួសារមួយរស់ក្នុងស្រុក Perris ស្ថិតប៉ែកអាគ្នេយ៍ទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រនីញ៉ា។ ព្រឹត្តិការណ៍ដ៏រន្ធត់មិនគួរឲ្យជឿនោះគឺថា មានបងប្អូនប្រុសស្រីចំនួន ១៣នាក់ត្រូវបានឱពុក ម្តាយចាប់ចង និងបង្អត់អាហារនៅក្នុងផ្ទះ។ ក្រោយពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងប៉ូលីសក៏បានចាប់ខ្លួនឱពុក ម្តាយដែលមានអាយុ ៥៧ឆ្នាំ និង ៤៩ឆ្នាំទៅឃុំឃាំង។ ចំណែកជនរងគ្រោះបងប្អូនប្រុសស្រីទាំង ១៣នាក់ត្រូវបានបញ្ជូនទៅសម្រាកក្នុងមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០១
ការដែលប៉ូលិសបានដឹងព័ត៌មានស្តីពីឱពុក ម្តាយចាប់ចង និងបង្អត់អាហារកូនបង្កើតខ្លួនឯងទាំង ១៣នាក់នៅក្នុងផ្ទះក៏ដោយសារតែមានជនរងគ្រោះម្នាក់ជាកូនស្រីបានរត់រួចខ្លួនចេញពីផ្ទះទៅរាយការណ៍ប្រាប់ប៉ូលិស។ ប៉ូលិសបានគិតពីដំបូងថា កូនស្រីរត់រួចខ្លួនមានរាងស្គម និងមានមុខមាត់គគ្រិចនោះមានអាយុ ១០ឆ្នាំ តែអាយុពិតប្រាកដរបស់គេ គឺ ១៧ឆ្នាំ។ សេចក្តីប្រកាសព័ត៌មានរបស់ប៉ូលិសបានឲ្យដឹងថា នៅពេលចូលទៅដល់ក្នុងផ្ទះនោះ គេបានឃើញមនុស្សចំនួន ១២នាក់កំពុងជាប់ចំណងនឹងដៃនៅកន្លែងងងឹតស្លុង និងដែលខ្លះជាចំណងច្រវ៉ាក់ចងជាប់នឹងគ្រែមានទាំងចាក់សោទៀតផង។
នៅពេលឃើញដំបូង ប៉ូលិសស្មានថាមនុស្សជាជនរងគ្រោះទាំង ១៣នាក់ដែលគ្មានអាហារទទួលទាន និងគគ្រិចនោះជាកូនក្មេងទាំងអស់ តែដល់ពិនិត្យឲ្យច្បាស់ទៅទើបដឹងថាក្នុងចំណោមជនរងគ្រោះទាំង ១៣នាក់នោះ មាន ៧នាក់ជាមនុស្សធំមានអាយុពី ១៨ ទៅ ២៩ឆ្នាំ និង ៦នាក់ទៀតជាកូនក្មេងដែលម្នាក់ជាទារកទើបមានអាយុ ២ឆ្នាំ។ ភ្លាមៗនោះ ប៉ូលិសបាននាំយកកូនៗទាំង ១៣នាក់នោះទៅឲ្យទទួលទានអាហារ និងដាក់ក្នុងមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព។ ចំណែកឱពុកម្តាយរបស់កូនទាំង ១៣នាក់ ឱពុកឈ្មោះ David អាយុ ៥៧ឆ្នាំ និងម្តាយឈ្មោះ Louise Turpin ត្រូវបានប៉ូលិសអូស ក ទៅឃុំក្នុងបទធ្វើទារុណកម្ម និងបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ។
ព័ត៌មានផ្សាយដោយទូរទស្សន៍ក្នុងស្រុកឈ្មោះ KTLA ឲ្យដឹងថា បុរសជាឱពុកជាអតីតនាយកសាលាឯកជនមួយដែលទើបបានប្រកាសបិទទ្វារ បន្ទាប់ពីបានបើកទ្វារកាលពីឆ្នាំ ២០១១។ ក្រុមអ្នកស៊ើបអង្កេតនៅមិនទាន់ហ៊ានសន្និដ្ឋានពីមូលហេតុដែលបានបង្ខំឲ្យប្តីប្រពន្ធទាំងពីរនាក់ចាប់ចង និងបង្អត់អាហារកូនខ្លួនឯងទាំង ១៣នាក់នោះនៅឡើយទេ។ អ្វីដែលគេដឹង ជនដៃដល់ទាំងពីរនឹងត្រូវឆ្លើយនៅមុខតុលាការនាថ្ងៃព្រហស្បតិ៍ ទី១៨ មករា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ