លោកដូណាល់ ត្រាំ ទទួលជួបរាជទាយាទអារ៉ាប៊ីសាអូឌីត បិន សាលម៉ាន
ថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានរាក់ទាក់ទទួលជួបរាជទាយាទអារ៉ាប៊ី សាអូឌីត ម៉ូហាមេដ បិន សាលម៉ាន នៅសេតវិមាន។ ទស្សនកិច្ចរាជទាយាទ បិន សាលម៉ាន ជាង២សប្តាហ៍នៅសហរដ្ឋអាមេរិកមានទិសដៅស្វែងរកការវិនិយោគសម្រាប់អារ៉ាប៊ីសាអូឌីត ជាជាងបង្កភាពតានតឹងជាមួយអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៩
ពេលទទួលជួបរាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាមេដ បិន សាលម៉ាន លោកដូណាល់ ត្រាំ មិនបានបង្ហាញភាពតានតឹងរវាងអាមេរិកនិងអារ៉ាប៊ីសាអូឌីត នៅចំពោះមុខអ្នកសារព័ត៌មានទេ។ លោកត្រាំលើកឡើងថា ប្រទេសទាំង២ក្លាយជាមិត្តល្អនឹងគ្នា ក្នុងរយៈពេលខ្លីបំផុត ហើយលោកសង្ឃឹមថា ទំនាក់ទំនងនេះនឹងប្រសើរឡើងថែមទៀត។ លោកត្រាំត្រេកអរព្រោះអារ៉ាប៊ីសាអូឌីតទិញសម្ភារយោធាអាមេរិកយកទៅប្រើប្រាស់។ ប្រធានាធិបតីអាមេរិកសង្ឃឹមថា ការទិញអាវុធពីអាមេរិកនឹងជួយដល់ការងារ និងសេដ្ឋកិច្ចអាមេរិក។
រាជទាយាទអារ៉ាប៊ីសាអូឌីតធ្លាប់ជួបលោកដូណាល់ ត្រាំ ម្តងហើយកាលពីឆ្នាំ២០១៧ នៅអារ៉ាប៊ីសាអូឌីត។ កាលនោះ អាមេរិកនិងអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើកុងត្រាតម្លៃ៣៨០ពាន់លានដុល្លារ ក្នុងនោះមានកុងត្រាអាវុធ១១០ពាន់លានដុល្លារ។ ប្រហែលដោយសារតែប្រយោជន៍សេដ្ឋកិច្ចមួយនេះហើយ ទើបម្សិលមិញ ព្រឹទ្ធសភាអាមេរិកបានទាត់ចោលសេចក្តីសម្រេចមួយដែលចង់បិទបញ្ចប់ជំនួយយោធាអាមេរិកចំពោះសម្ព័ន្ធមិត្តដឺកនាំដោយអារ៉ាប៊ីសាអូឌីត នៅយេម៉ែន។ ក្រុមអ្នកនយោបាយមួយចំនួនមិនពេញចិត្តនឹងក្រុងរីយ៉ាតដែលបើកការវាយប្រហារទំលាក់គ្រាប់បែកនៅយេម៉ែន ធ្វើអោយស្លាប់ជនស៊ីវិលសន្ធឹកសន្ធាប់ទេ។ ប៉ុន្តែ ជួបនឹងព្រះអង្គម្ចាស់ បិនសាលម៉ាន លោកដូណាល់ ត្រាំ ត្រូវទុករឿងនេះមួយអន្លើសិន។
ម្យ៉ាងទៀត ទស្សនកិច្ចរាជទាយាទបិន សាលម៉ាន នៅសហរដ្ឋអាមេរិក នេះ គឺដើម្បីស្វែងរកការវិនិយោគ និងការគាំទ្រសម្រាប់ប្រទេសព្រះអង្គ។ រាជបុត្រម៉ូហាមេត បិន សាលម៉ាន ត្រូវជួបថ្នាក់ដឹកនាំហិរញ្ញវត្ថុ និងសហគ្រាសអាមេរិកជាច្រើន ហើយក៏ជួបអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកហ្គូតេរ៉េសផងដែរ។ មុនមកដល់អាមេរិក ព្រះអង្គម្ចាស់ បិន សាលម៉ាន បានអួតសរសើរពីសមភាពបុរសស្ត្រី ការគោរពសិទ្ធិមនុស្ស និងការគោរពច្បាប់នៅអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែ គេចោទសួរពីសមត្ថភាពព្រះអង្គ ដោយសារតែមួយរយៈចុងក្រោយនេះ អារ៉ាប៊ីសាអូឌីតបានបោសសម្អាតអំពើពុករលួយ ដកតំណែងមន្ត្រីយោធាជំនិតនឹងព្រះអង្គ បានទាំងឃាត់ខ្លួនញាតិវង្សជាច្រើននាក់ ក្នុងសណ្ឋាគារប្រណីតមួយកន្លែងទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ