អាមេរិក៖តើជនដែលបានបាញ់ប្រហារនៅក្នុងការិយាល័យកាសែត Capital Gazette ជានរណា?
នៅសហរដ្ឋអាមេរិក ព្រឹត្តិការណ៍បាញ់ប្រហារមួយបានកើតមានឡើងនៅក្នុងទីស្នាក់ការកាសែត Capital Gazette ស្ថិតក្នុងទីក្រុង Annapolis នៃរដ្ឋ Maryland នាថ្ងៃព្រហស្បតិ៍ ទី២៨ មិថុនា។ ឧប្បត្តិហេតុមួយនេះបានបណ្តាលឲ្យមានមនុស្សស្លាប់ ៥នាក់ និងរបួសស្រាល ២នាក់។ ចំណែកជនសង្ស័យដៃដល់ត្រូវបានចាប់ខ្លួន និងកំពុងរងការសួរចម្លើយពីប៉ូលិស។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៤
តាមលោក Baltimore Sun ដែលជាម្ចាស់កាសែត Capital Gazette ព្រឹត្តិការណ៍បាញ់ប្រហារបានកើតមាននៅថ្ងៃរសៀលម៉ោង ២ និង ៤០នាទីម៉ោងក្នុងរដ្ឋ Maryland។ នៅក្នុងចំណោមអ្នកស្លាប់ទាំង ៥នាក់ មាន ៤នាក់ជាអ្នកកាសែត និងជំនួយការម្នាក់។ ចំណែកជនខ្មាន់កាំភ្លើងត្រូវបានប៉ូលិសបង្ហាញអត្តសញ្ញាណជាអាមេរិកាំងស្បែក ស រស់ក្នុងរដ្ឋ Maryland ឈ្មោះ Jarrod Ramos មានអាយុ ៣៩ឆ្នាំ។ តែនៅក្នុងការសួរចម្លើយរបស់ប៉ូលិស ជនដៃដល់រូបនេះមិនបានប្រាប់ពីមូលហេតុនៃទង្វើរបស់ខ្លួនទេ ហើយក៏មិនសូវជាសហការណ៍ជាមួយប៉ូលិសប៉ុន្មានដែរ។
តាមទូរទស្សន៍ CBS News ជន Ramos ធ្លាប់បានប្តឹងកាសែត Capital Gazette ទៅតុលាការក្នុងឆ្នាំ ២០១២ ក្នុងបទបរិហារកេរ្តិ៍។ កាលណោះ កាសែត Capital Gazette បានសរសេរអត្ថបទមួយលើជន Ramos ក្រោយពីតុលាការបានកាត់ទោសជន Ramos ពីបទចែចង់លើនារីម្នាក់ដែលជាអតីតមិត្តរួមថ្នាក់។ ជន Ramos បានចាញ់ក្តីនៅតុលាការ ហើយរឿងក្តីមួយនេះក៏ត្រូវបានបិទចោលត្រឹមនេះ។ តែសម្រាប់ជន Ramos រឿងរ៉ាវដែលត្រូវបានកាសែត Capital Gazette យកទៅសរសេរ និងត្រូវបានចែកចាយផុសផុលក្នុងបណ្តាញសង្គម Facebook បានធ្វើឲ្យខ្លួនអាម៉ាស់មុខយ៉ាងខ្លាំង។
តើទង្វើរបស់ជន Ramos ជាការសងសឹកលើកាសែត Capital Gazette ឬយ៉ាងណានោះ ប៉ូលិសកំពុងបន្តសួរចម្លើយជន Ramos ហើយក្រុមអ្នកស៊ើបអង្កេតក៏កំពុងបន្តការងារស្រាវជ្រាវរបស់ខ្លួន។ គេនៅមិនទាន់មានប្រតិកម្មយ៉ាងណាពីលោកដូណាល់ ត្រាំនៅឡើយទេ តែសេតវិមានបានបញ្ជាក់ថា លោកត្រាំបានទទួលជ្រាបរឿងនេះហើយ។ ចំណែកអ្នកនាំពាក្យប្រធានាធិបនតីលោកស្រី Sarah Sanders បានបរិហារ និងថ្កោលទោសលើការវាយប្រហារប្រឆាំងអ្នកកាសែតស្លូតត្រង់។ « ការវាយប្រហារហិង្សាប្រឆាំងអ្នកកាសែតស្លូតត្រង់ដែលកំពុងបំពេញអាជីពរបស់ខ្លួនជាការវាយប្រហារប្រឆាំងលើពលរដ្ឋអាមេរិកាំងទាំងអស់ » នេះជាឃ្លារបស់លោកស្រី Sander នៅក្នុងបណ្តាញសង្គម Twitter របស់លោកស្រី។
គួររម្លឹកជូនថានារយៈពេលប៉ុន្មានខែចុងក្រោយនេះ ការបាញ់ប្រហារច្រើនកើតមាននៅវិទ្យាល័យក្នុងរដ្ឋ Floride ឬុថ្មីៗកន្លងទៅក្នុងរដ្ឋ Texas។ តែការបាញ់ប្រហារនៅក្នុងទីស្នាក់ការកាសែតដូចនៅកាសែត Capital Gazette ពេលនេះជារឿងដែលកម្រកើតមានឡើងណាស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ