អានតួអត្ថបទ
អាហ្សង់ទីន-G២០

ប្រទេសអាហ្សង់​ទីន​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល G២០ ក្នុង​ពេល​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច

ក្នុង​រយៈពេល ២ថ្ងៃ​ពី​ថ្ងៃ​សុក្រ ទី៣០ វិច្ឆិកា​ដល់​ថ្ងៃ​សៅរ៍ ទី១ ធ្នូ ប្រទេស​អាហ្សង់ទីន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល G២០។ ជា​លើកទី១ នៅ​ក្នុង​ប្រវត្តិ​របស់​ខ្លួន​ដែល​ប្រទេស​នៅ​អាមេរិកខាងត្បូង​មួយ​នេះ​ទទួល​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​គ្រាក់ៗ​មក​ពី​ក្រុមប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង ២០ក្នុង​លោក។ តែ​អ្វី​ជា​ការ​កត់សម្គាល់ អាហ្សង់ទីន​ខ្លួន​ឯង​កំពុង​រស់​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ត្រដាបត្រដួស​តាំង​ពី​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ ២០០១។ នៅ​ក្នុង​ន័យ​នេះ និង​ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច លោក​ប្រធានាធិបតី​ម៉ូរីស្យូ ម៉ាគ្រី​បាន​សុំ​ខ្ចី​លុយ​ពី​មូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF។ IMF ដែល​បាន​យល់ព្រម​ផ្តល់​ប្រាក់កម្ចី​ឲ្យ​លោក​ម៉ាគ្រី​ចំនួន ៥៦ ០០០លានដុល្លារ។

លោក Nicolas Dujovne រដ្ឋមន្រ្តី​ក្រួសួង​សេដ្ឋកិច្ច​អាហ្សង់ទីន
លោក Nicolas Dujovne រដ្ឋមន្រ្តី​ក្រួសួង​សេដ្ឋកិច្ច​អាហ្សង់ទីន AFP/Goh Chai Hin
ផ្សាយពាណិជ្ជកម្ម

ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី៣ នៅ​អាមេរិកឡាទីន អាហ្សង់ទីន​បាន​ជួប​ប្រទះ​នឹង​វិបត្តិ​រូបិយវត្ថុ​ចំនួន​ពីរ​លើក​ក្នុង​ឆ្នាំ ២០១៨ ដោយ​បាន​ធ្វើ​ឲ្យ​ប្រាក់​ប៉ឺសូ​បាត់បង់​តម្លៃ ៥០% ធៀប​នឹង​ប្រាក់ដុល្លារ។ សម្រាប់​លោក​ប្រធានាធិបតី​ម៉ូរីស្យូ ម៉ាគ្រី​ដែល​បាន​ឡើង​កាន់​តំណែង​តាំង​ពី​ដំណាច់​ឆ្នាំ ២០១៥ សម្រាប់​អាណត្តិ ៤ឆ្នាំ ២០១៨ ជា​ឆ្នាំ​ដ៏​អាក្រក់​ជាង​គេ​សម្រាប់​ជីវិត​របស់​លោក។ តាម​ការ​ប្រមើលមើល​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ អត្រា​អតិផរណា​នៅ​អាហ្សង់ទីន​នឹង​កើន​លើស​ពី ៤៥% ហើយ​អត្រា​កំណើន​សេដ្ឋកិច្ច​នឹង​ធ្លាក់​ពី ២,៦% ក្នុង​ឆ្នាំ ២០១៨ ទៅ ១,៦% នៅ​ឆ្នាំ ២០១៩ ខាង​មុខ។

ដើម្បី​ជួយ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​ដែល​កំពុង​ផុយស្រួច​ស្រាប់ លោក​ម៉ូរីស្យូ ម៉ាគ្រី​បាន​រត់​រក​ជំនួយ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ ពិសេស​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ដែល​បាន​យល់​ព្រម​ផ្តល់​ប្រាក់កម្ចី​ឲ្យ​អាហ្សង់ទីន​ចំនួន ៥៦ ០០០លានដុល្លារ។ តែ​ជា​ប្រាក់កម្ចី​ដែល​មាន​លក្ខខណ្ឌ​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​ទាមទារ​ឲ្យ​លោក​ម៉ាគ្រី​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​មួយ ពិសេស​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ។ នៅ​ពេល​ឡើង​កាន់​អំណាច​ភ្លាម លោក​ម៉ូរីស្យូ ម៉ាគ្រី​ដែល​ជា​អ្នក​កំណែទម្រង់​បាន​លុប​ចោល​ការ​លូកដៃ​របស់​រដ្ឋ​លើ​អត្រា​ប្តូរប្រាក់​ប៉ឺសូ កាត់​បន្ថយ​ប្រាក់ឧបត្ថម្ភធន​លើ​ការ​ប្រើប្រាស់​ភ្លើងអគ្គិសនី ឧស្ម័ន​ហ្គាស និង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ។

នយោបាយ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ការ​ចាយវាយ​របស់​ពលរដ្ឋ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ការ​បាត់បង់​ជំនឿ​ទុកចិត្ត​ពី​ក្រុម​អ្នកវិនិយោគ និង​ពលរដ្ឋ​អាហ្សង់ទីន​បាន​ធ្វើ​ឲ្យ​ប្រាក់​ប៉ឺសូ​បាត់បង់​តម្លៃ ៥០% ក្នុង​ខែ​មេសា និង​សីហា។ ឆ្នាំ ២០១៨ ជា​ឆ្នាំ​ដែល​អាហ្សង់ទីន​បាន​ស្គាល់​បាតុកម្ម និង​កូដកម្ម​ជា​ច្រើន ពិសេស​ក្នុង​វិស័យ​ដឹកជញ្ជូន​សាធារណៈ។ នៅ​ថ្ងៃ​សុក្រ ទី៣០ វិចិ្ឆកា​ដែល​ជា​ថ្ងៃទី១ នៃ​ជំនួបកំពូល G២០ ក៏​មាន​គម្រោង​រៀបចំ​ក្បួនបាតុកម្ម​ដ៏​សម្បើម​មួយ។ តែ​លោក​ប្រធានាធិបតី​អាហ្សង់ទីន​ម៉ូរីស្យូ ម៉ាគ្រី​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ធ្លាក់​ចុះ​ខ្លាំង និង​បាន​ឈរ​ឈ្មោះ​ប្រធានាធិបតី​ជា​ថ្មី​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ ២០១៩ បាន​ត្រៀម​ឆក់​ឱកាស​នៃ​ជំនួបកំពូល G២០ ពេល​នេះ​ដើម្បី​ស្រោចស្រង់​ប្រជាប្រិយភាព​របស់​ខ្លួន​ឡើង​វិញ។

នៅ​ក្នុង​ន័យ​នេះ លោក​ម៉ាគ្រី​បាន​ត្រៀម​ខ្លួន​ដើម្បី​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​គ្រាក់ៗ​ដូច​យ៉ាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ សមភាគី​បារាំង​លោក​ម៉ាក្រុង លោក​ប្រមុខរដ្ឋាភិបាល​ជប៉ុន​អាបេ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​មែរកិល ឬ​នាយករដ្ឋមន្រ្តី​កាណាដា​លោក​ទ្រូដូ​ជា​ដើម។ អ្វី​ដែល​លោក​ម៉ាគ្រី​ចង់​បាន គឺ​ការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​បរទេស​គ្រាក់ៗ​ទាំង​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ