អានតួអត្ថបទ
វេណេស៊ុយអេឡា

វេណស៊ុយអេឡា​​បោះឆ្នោត​​រើស​​ប្រធានាធិបតី​ថ្មី​​

នៅ​ថ្ងៃ​អាទិត្យ​នេះ​ ប្រជាជន​​វេណេស៊ុយអេឡា បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​​​​​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ បន្ត​ពី​លោក Hugo Chavez​ ដែល​បាន​​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ ៥​មីនា​ កន្លង​ទៅ ​ដោយ​រោគ​មហារីក​ប្រូស្តាត។ គេ​សង្កេត​ឃើញ​មាន​បេក្ខជន​សំខាន់​ពីរ​រូប​ នៅ​ក្នុង​ការ​ប្រកួត​យក​សម្លេង​ឆ្នោត​ គឺ​​លោក​ Nicolas Maduro ដែល​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​​នៅ​វេណេស៊ុយអេឡា និង​លោក​ Henrique Capriles មក​ពី​គណបក្ស​ប្រឆាំង។ អាជ្ញាធរ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ បាន​ដាក់​ពង្រាយ​ទាហាន​ការពារសុវត្ថិភាព ​នៅ​ទូទាំង​ប្រទេស ដោយ​សារ​ខ្លាច​មាន​អំពើ​ឃាតកម្ម​លើ​លោក ​ Nicolas Maduro ដែល​គេ​រំពឹង​ថា នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​នេះ។ លទ្ធផល​​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​នឹង​​ប្រកាស​អោយ​ដឹង​នៅ​យប់​​ថ្ងៃ​​អាទិត្យ​​ចូល​ថ្ងៃ​ចន្ទ។

លោក​ Nicolas Maduro ប្រធានាធិបតី​បណ្តោះ​អាសន្ន​​នៅ​វេណេស៊ុយអេឡា និង​ជា​​បេក្ខជន​ដ៏​មាន​ប្រជាប្រិយ​​ជាងគេ​ក្នុង​ការ​បោះឆ្នោត
លោក​ Nicolas Maduro ប្រធានាធិបតី​បណ្តោះ​អាសន្ន​​នៅ​វេណេស៊ុយអេឡា និង​ជា​​បេក្ខជន​ដ៏​មាន​ប្រជាប្រិយ​​ជាងគេ​ក្នុង​ការ​បោះឆ្នោត REUTERS/Carlos Garcia Rawlins
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​វេណស៊ុយអេឡា បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​រើស​យក​ប្រធានាធិបតី​ថ្មី បន្ត​​ពី​លោក Hugo Chavez​។ យោងតាម​ការ​ស្ទាបស្ទង់​មតិ​ ក្នុង​កា​របោះ​ឆ្នោត​នេះ លោក​ Nicolas Maduro ដែល​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន ​ មាន​ប្រៀប​ជាង​​គូប្រជែង​របស់​លោក​ គឺលោក Henrique Capriles បេក្ខជន​មកពី​គណបក្ស​ប្រឆាំង​។

ដោយឡែក​ ស្ថានភាព​នៃ​ការ​​បោះ​ឆ្នោត​​មាន​​លក្ខណៈតានតឹង​។​ អាជ្ញាធរ​បាន​សំដែង​​​​​​ការ​​ប្រុងប្រយ័ត្ន​​​ខ្ពស់ ដោយ​​​បានដាក់​​ពង្រាយ​ទាហាន​​​មួយសែន​​ប្រាំម៉ឺននាក់ នៅ​​​​ទូទាំង​ប្រទេស។ ព្រំដែន​ជាមួយ​ប្រទេស​កូឡុំប៊ី ​ត្រូវបិទ​មិន​អោយ​មាន​ការ​ចេញចូល​ ​រហូត​ដល់​ថ្ងៃ​ចន្ទស្អែក។ ​មូលហេតុ​គឺ​ថា អាជ្ញាធរវេណេស៊ុយអេឡា ​ខ្លាច​​​មាន​អំពើ​ឃាតកម្មកើតឡើង​​លើ​រូប​លោក Nicolas Maduro។

គួរ​បញ្ជាក់​ថា តាំង​តែ​ពី​ដើម​សប្តាហ៍​​មក រដ្ឋាភិបាល​វេណស៊ុយអេឡា​ បាន​ប្រកាស​ថា​ គណបក្ស​ប្រឆាំង​​​កំពុងតែ​​រៀប​ចំ​រដ្ឋប្រហារ​។ ហើយ​កងស្វ័យត្រាណ​នៅ​អាមេរិក​កណ្តាល​​​ក៏កំពុង​តែ​​​ចង់​ធ្វើ​ឃាត​លើ​ លោក Nicolas Maduro​ ផងដែរ។ អាជ្ញាធរ​បាន​ប្រាប់​ថា ​បាន​ឃាត់​ខ្លួន​​មនុស្ស​ជា​ច្រើន​នាក់ ដែល​បាន​​​​​ឃុបខិត​​ចង់​ធ្វើ​រដ្ឋប្រហារនេះ​។

លោក Nicolas Maduro​  មាន​អាយុ​៥០ ឆ្នាំ ជា​​អតីត​អ្នក​បើកបរ​រថយន្តក្រុង​ និង​​​ប្រធាន​សហជីព។ បន្ទាប់​ពី​អតីតប្រធានាធិបតី Hugo Chavez បាន​ទទួលមរណភាព​កាល​ពី​ដើម​ខែ​មីនា​កន្លង​មក​ លោក Nicolas Maduro ​​ បាន​​​ទទួល​ប្រជាប្រិយភាព​ខ្ពស់ ​បន្ត​ពី​លោក Hugo Chavez។ ​ក្នុង​ការ​ឃោសនា​​​​បោះ​​ឆ្នោត​កន្លងមក​​​ លោក​បាន​សំដែង​វោហារ​​បែប​​ដំឡើង​សាច់ដុំ ត្រាប់តាម​អតីប្រធានាធិបតី ដោយ​លោក​សន្យា​ថា នឹង​បន្ត​មាគ៌ា​នយោបាយ​បដិវត្តន៍​​របស់លោក​​ Hugo Chavez តទៅទៀត។ ​ ​

ប្រសិន​បើ​លោក​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​មែន​នោះ​​ Nicolas Maduro ត្រូវ​​ប្រឈមនឹង​​ ​បញ្ហា​​​​ចំបង​​គឺ​ថា លោក​ត្រូវធ្វើយ៉ាងណា​​​គ្រប់គ្រង​អោយ​បាន​នូវ​​​​​សម្ព័ន្ធ​​​ចំរុះ​របស់​អតីតប្រធានាធិបតីចាស់ ​​​​ ដែលក្នុង​នោះសមាសភាព​​សមាជិក​នានា មានបែប​ផែន​​ប្លែក​ពី​គ្នា គឺ​ថា​មាន​​​​បណ្តាជន​​ដែល​មាន​​ទស្សន​បែប​ឆ្វេងនិយម ពាណិជ្ជករ​​ រឺ​ក៏​ក្រុម​ទាហាន​ផ្សេងៗ ​នៅ​ផ្តុំធ្វើការ​ជាមួយ​គ្នា។

ផ្ទុយ​ទៅវិញ បើ​​មេដឹកនាំ​បក្ស​ប្រឆាំង​ គឺ​លោក Henrique Capriles បាន​ទទួល​ជោគជ័យវិញ ​​គណបក្ស​ប្រឆាំង​ត្រូវ​ធ្វើ​យ៉ាងណា​អោយ​សកម្មជន​គាំទ្រ​​ប្រធានាធិបតី Hugo Chavez ​រាប់​លាន​នាក់​ ផ្តល់​ទំនុក​ចិត្ត​លើ​​ខ្លួន។ កន្លង​មក គណបក្ស​ប្រឆាំង​ធ្លាប់​បាន​សន្យាថា នឹង​សំរេច​អោយ​បាន​នូវ​សេដ្ឋកិច្ច​បែប​ប្រទេស​ប្រេស៊ីល តាម​រយៈ​គោល​នយោបាយ​​សេដ្ឋកិច្ច​​សេរីនិយម រួម​​គ្នា​នឹង​​​កម្មវិធីសង្គម​​ផ្សេងៗ។

លោក Nicolas Maduro ​ធ្លាប់​ចោទ​ លោក Henrique Capriles ថា​ជា​កូនអ្នកមាន​ទ្រព្យសម្បត្តិ​ ​​ចាំតែ​ការពារ​បញ្ញវន្ត​​ដែល​មាន​លុយកាក់ និង​​គាំទ្រ​អាមេរិក​ដែល​ជា​សត្រូវ​របស់​​ជាតិ។ លោក Henrique Capriles បាន​ចោទ​ទៅលោក Nicolas Maduro វិញ​ថា បាន​ក្បត់​នឹង​កេរដំណែល​របស់​ប្រធានាធិបតី Hugo Chavez ដោយ​គិតតែ​ពី​បំពេញ​លុយកាក់​ក្នុង​ហោប៉ៅ​របស់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ