អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

វ៉េណេស៊ុយអេឡា៖លោកហ័ន ហ្កាយដូ​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ជាថ្មី​ដោយ​ហៅ​កងទ័ព​ឲ្យ​រួមកម្លាំង​ជាមួយ​លោក

នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ស្ថានការណ៍​នយោបាយ​កំពុង​បន្ត​តានតឹង​ដោយ​នៅ​ថ្ងៃ​អាទិត្យ ទី២៧ មករា លោក​ហ័ន ហ្កាយដូ ប្រធាន​សភា និង​ដែល​បាន​ប្រកាស​ដោយ​ខ្លួន​ឯង​ជា​ប្រធានាធិបតី​ស្តីទី​បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ជា​ថ្មី​នៅ​ថ្ងៃ​ពុធ ទី៣០ មករា និង​ថ្ងៃ​សៅរ៍ ទី២ កុម្ភៈ។ ទន្ទឹម​នឹង​អំពាវនាវ​ឲ្យ​មាន​ក្បួនបាតុកម្ម​ចំនួន​ពីរ​ក្នុង​សប្តាហ៍​នេះ លោក​ហ្កាយដូ​ក៏​បាន​បោះដៃ​រក​កងទ័ព​ឲ្យ​រួម​សហការណ៍​ជាមួយ​លោក​ក្នុង​ការ​ទម្លាក់​លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ។ គួរ​រម្លឹក​ថា​មក​ទល់​ពេល​នេះ វិបត្តិនយោបាយ​នៅ​វ៉េណេស៊ុយអេឡា​កំពុង​បន្ត​ពុះ​ចែក​សហគមន៍​អន្តរជាតិ​ជា​ពីរ នៅ​ម្ខាង​បាន​បន្ត​​គាំទ្រ​លោក​ម៉ាឌូរ៉ូ និង​នៅ​ម្ខាង​ទៀត​បាន​ងាក​ទៅ​គាំទ្រ​លោក​ហ្កាយដូ។

លោកហ័ន ហ្កាយដូ ប្រធានសភា និង​ដែល​បាន​ប្រកាស​ដោយ​ខ្លួន​ឯង​ជា​ប្រធានាធិបតីស្តីទី​វ៉េណេស៊ុយអេឡា
លោកហ័ន ហ្កាយដូ ប្រធានសភា និង​ដែល​បាន​ប្រកាស​ដោយ​ខ្លួន​ឯង​ជា​ប្រធានាធិបតីស្តីទី​វ៉េណេស៊ុយអេឡា Capture d'écran Twitter @jpguaido
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ កងទ័ព​កំពុង​បន្ត​មាន​សមានចិត្ត និង​ស្មោះស័គ្រ​ចំពោះ​លោក​នីកូឡា ម៉ាឌូរ៉ូ។ តែ​លោក​ហ័ន ហ្កាយដូ​សង្ឃឹម​ថា ជាមួយ​នឹង​ក្បួនបាតុកម្ម​នៅ​ថ្ងៃ​ពុធ ទី៣០ មករា និង​ថ្ងៃ​សៅរ៍ ទី២ កុម្ភៈ​ខាង​មុខ កងទ័ព​នឹង​ងាក​ទៅ​គាំទ្រ​លោក​វិញ។ « ថ្ងៃ​ពុធ ទី៣០ មករា​ពី​ម៉ោង ១២ ថ្ងៃ​ត្រង់​ដល់​ម៉ោង ២ រសៀល​នៅ​ទូទាំង​ប្រទេស​វ៉េណេស៊ុយអេឡា យើង​នឹង​ចុះ​ផ្លូវ​ដើម្បី​ទាមទារ​ឲ្យ​កងទ័ព​ចូលរួម​ជាមួយ​ប្រជាជន ហើយ​នៅ​ថ្ងៃ​សៅរ៍ ទី២ កុម្ភៈ យើង​អំពាវនាវ​ឲ្យ​មាន​មហា​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​វ៉េណេស៊ុយអេឡា និង​នៅ​លើ​ពិភពលោក​ដើម្បី​សាទរ​ជំហរ​គាំទ្រ​របស់​សហភាព​អឺរ៉ុប និង​ឱសានវាទ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ហ្កាយដូ​នៅ​ក្នុង​សារ​ជា​វីដេអូ​មួយ​តាម​បណ្តាញ​សង្គម Twitter របស់​លោក។

គម្រោង​បាតុកម្ម​ទាំង​ពីរ​លើក​នៅ​ថ្ងៃ​ខាង​មុខ​ត្រូវ​បាន​លោក​ហ្កាយដូ​រៀបចំ​ក្រោម​ទ្រង់ទ្រាយ​ពីរ​ខុស​គ្នា។ សម្រាប់​បាតុកម្ម​ក្នុង​ថ្ងៃ​ពុធ ទី៣០ មករា គ្មាន​ពិធី​ដង្ហែ​ក្បួន ឬ​ជា​ការ​ជួបជុំ​ទេ តែ​ជា​ការ​បញ្ចេញ​កំហឹង​មិន​សប្បាយចិត្ត​ដោយ​គ្រាន់​តែ​ចេញ​ឈរ​នៅ​មុខ​ផ្ទះ ហើយ​សម្រាប់​បាតុកម្ម​ក្នុង​ថ្ងៃ​សៅរ៍ ទី២ កុម្ភៈ ជា​ការ​ជួបជុំ​ប្រមូលផ្តុំ​ដូច​ធ្លាប់​បាន​ធ្វើ​ក្នុង​ថ្ងៃ​ពុធ ទី២៣ មករា​កន្លង​ទៅ។ តែ​អ្វី​ដែល​លោក​ហ្កាយដូ​ចង់​ធ្វើ​ឲ្យ​លើស​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន គឺ​ការ​ចូលរួម​របស់​ប្រជាជន​វ៉េណេស៊ុយអេឡា​ទាំង​អស់​នៅ​បរទេស ពោល​មិនមែន​ត្រឹម​ប្រជាជន​វ៉េណេស៊ុយអេឡា​ដែល​កំពុង​រស់​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​ប៉ុណ្ណោះ​ទេ។

គោលដៅ គឺ​បន្ត​ប្រឆាំង​នឹង​អំណាច​ផ្តាច់ការ​របស់​លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ​ផង និង​ក៏​ដើម្បី​សាទរ​ការ​បិទបញ្ចប់​ឱសានវាទ​របស់​សហភាព​អឺរ៉ុប។ អឺរ៉ុប​ដែល​បាន​ប្រកាស​ទុក​ពេល ៨ថ្ងៃ ពោល​ត្រឹម​ថ្ងៃ​សៅរ៍ ទី២ កុម្ភៈ​ឲ្យ​លោក​ម៉ាឌូរ៉ូ​កោះ​ឲ្យ​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ។ បើ​ពុំ​នោះ​សោត​ទេ សហភាពអឺរ៉ុប​នឹង​ប្រកាស​ទទួល​ស្គាល់​លោក​ហ្កាយដូ​ដូច​ប្រទេស​មួយ​ចំនួន​ដែរ។ តែ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CNN តួកកី លោក​ម៉ាឌូរ៉ូ​បាន​រក្សា​ជំហរ​ដោយ​ថ្លែង​ច្បាស់ៗ​ថា គ្មាន​នរណា​ម្នាក់​អាច​ដាក់​ឱសានវាទ​លើ​វ៉េណេស៊ុយអេឡា​បាន​ទេ។

គួរ​រម្លឹក​ថា​មក​ទល់​ពេល​នេះ វិបត្តិនយោបាយ​នៅ​វ៉េណេស៊ុយអេឡា​កំពុង​បន្ត​ពុះ​ចែក​សហគមន៍​អន្តរជាតិ​ជា​ពីរ នៅ​ម្ខាង​មាន​សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី អ៊ីស្រាអែល និង​ប្រទេស​មួយ​ចំនួន​នៅ​អាមេរិកឡាទីន​បាន​ទទួល​ស្គាល់​លោក​ហ្កាយដូ។ ចំណែក​នៅ​ម្ខាង​ទៀត មាន​រុស្ស៊ី ចិន ឬ​តួកគី​បាន​បន្ត​គាំទ្រ​លោក​ម៉ាឌូរ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ