អានតួអត្ថបទ
អាមេរិក-អារ៉ាប៊ីសាអូឌីត

មានមនុស្សស្លាប់ ៣នាក់ និងរបួស ៧នាក់នៅក្នុងព្រឹត្តិការណ៍បាញ់រះលើមូលដ្ឋានទ័ពអាមេរិក

នៅ​សហរដ្ឋអាមេរិក មាន​ការ​បាញ់​ប្រហារ​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​មូលដ្ឋាន​ទ័ពអាកាសនាវាចរណ៍ Pensacola ស្ថិត​ក្នុង​រដ្ឋ Florida ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៣នាក់ និង​របួស ៧នាក់​ផ្សេង​ទៀត។ ចំណែក​ជនខ្មាន់កាំភ្លើង​ក៏​ត្រូវ​បាន​សម្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ដែរ នេះ​បើ​ការ​បញ្ជាក់​របស់​ទ័ពជើងទឹក​អាមេរិក។ ជនខ្មាន់កាំភ្លើង​ដែល​គេ​ស្គាល់​ជា​ជនជាតិ​អារ៉ាប៊ីសាអូឌីត គឺ​ជា​ទ័ពជើងអាកាស​ដែល​បាន​ទៅ​រៀនសូត្រ​នៅ​ទីនោះ។ នៅ​មុន​បញ្ចេញ​សកម្មភាព​របស់​ខ្លួន ជនខ្មាន់កាំភ្លើង​បាន​បង្ហោះ​សារ​ប្រឆាំង​នឹង​អាមេរិក​ដោយ​ចោទ​អាមេរិក​ពី​បទ​គាំទ្រ ចាយលុយ និង​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​អ្នក​កាន់សាសនា​អ៊ីស្លាម និង​មនុស្សលោក​ទូទៅ។

មានមនុស្សស្លាប់ ៣នាក់ និងរបួស ៧នាក់នៅក្នុងព្រឹត្តិការណ៍បាញ់រះលើមូលដ្ឋានទ័ពអាមេរិក
មានមនុស្សស្លាប់ ៣នាក់ និងរបួស ៧នាក់នៅក្នុងព្រឹត្តិការណ៍បាញ់រះលើមូលដ្ឋានទ័ពអាមេរិក Reuters
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​បាញ់​ប្រហារ​បាន​កើត​មាន​នៅ​ក្នុង​បន្ទប់រៀន​មួយ​ដែល​ស្ថិត​លើ​មូលដ្ឋាន​ទ័ពអាកាសនាវាចរណ៍ Pensacola ក្នុង​រដ្ឋ Florida។ គឺ​ជា​មូលដ្ឋានទ័ព​មួយ​ដែល​មាន​ទាហាន​ប្រចាំការ​ចំនួន ១៦ ០០០នាក់ និង​បុគ្គលិក​ស៊ីវិល​ធ្វើ​ការ​ចំនួន ៧ ០០០នាក់។ ជនខ្មាន់កាំភ្លើង​ជា​ទាហាន​ជនជាតិ​អារ៉ាប៊ីសាអូឌីត​ដែល​ស្ថិត​ក្នុង​អង្គភាព​ទ័ពអាកាស និង​ដែល​ត្រូវ​បាន​អង្គភាព​បញ្ជូន​ឲ្យ​រៀនសូត្រ​នៅ​មូលដ្ឋាន​ទ័ពអាមេរិកាំង Pensacola ដូច​ជា​ទាហាន​អាមរ៉ាប៊ីសាអូឌីត​ជា​ច្រើន​រយនាក់​ផ្សេង​ទៀត​ក្នុង ១ឆ្នាំៗ។ រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​កម្មវត្ថុ​របស់​រូប​ជនខ្មាន់កាំភ្លើង​នៅ​ឡើយ​ទេ។ តែ​ក្រុម​អ្នកស៊ើបអង្កេត​កំពុង​ព្យាយាម​ចង់​ដឹង​ថា តើ​ជា​ការ​វាយប្រហារ​ភេរវនិយម ឬ​យ៉ាង​ណា?។

អ្វី​ដែល​គេ​ដឹង​ពេល​នេះ​គឺ​ថា នៅ​មុន​ពេល​ផ្តើម​សកម្មភាព​របស់​ខ្លួន ជនខ្មាន់កាំភ្លើង​បាន​បង្ហោះ​សារ​ប្រឆាំង​នឹង​អាមេរិក​នៅ​លើ​បណ្តាញ​សង្គម Twitter។ « ខ្ញុំ​ប្រឆាំង​នឹង​អំពើ​អាក្រក់ ហើយ​សហរដ្ឋអាមេរិក​ទាំង​មូល​បាន​ប្រែ​ខ្លួន​ជា​ប្រជាជាតិ​អាក្រក់ » នេះ​ជា​សារ​របស់​ជនខ្មាន់កាំភ្លើង​ដែល​ក្រុម​ឃ្លាំមើល​ចលនា​ជីហាត​បាន​ផ្តល់​ឲ្យ។ ផ្អែក​តាម​ស្ថាប័ន​អាមេរិក​មួយ​នេះ​ដដែល ជនខ្មាន់កាំភ្លើង​មាន​អត្តសញ្ញាណ​ជា​ឈ្មោះ Mohammed al-Shamrani។ « ខ្ញុំ​មិន​ប្រឆាំង​អស់លោក​ដោយសារ​តែ​អស់លោក​ជា​ជនជាតិ​អាមេរិកាំង​ទេ។ ខ្ញុំ​មិន​ស្អប់​អស់លោក​ដោយសារ​តែ​សេរីភាព​របស់​អស់លោក​ទេ។ ខ្ញុំ​ស្អប់​អស់លោក​ព្រោះ​ជា​រៀងរាល់​ថ្ងៃ អស់លោក​គាំទ្រ ចាយលុយ និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​អ្នក​កាន់សាសនា​អ៊ីស្លាម និង​មនុស្សលោក​ទាំង​មូល » នេះ​ជា​សារ​បន្ថែម​របស់​ជន​ខ្មាន់កាំភ្លើង។

បើ​តាម ABC News ក្រុម​អ្នក​ស៊ើបអង្កេត​កំពុង​ស្វែង​រក​ផ្ទៀងផ្ទាត់​មើល​ថា តើ​ជន​ខ្មាន់កាំភ្លើង​ពិត​ជា​អ្នក​ដែល​បាន​សរសេរ និង​បង្ហោះ​សារ​ទាំង​នេះ​មែន​ឬ​ទេ។ ក្រោយ​ព្រឹត្តិការណ៍​បាញ់​ប្រហារ​នេះ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​មហាក្សត្រ​អារ៉ាប៊ីសាអូឌីត​សាលម៉ាន។ មហាក្សត្រ​សាលម៉ាន​បាន​បរិហារ​លើ​ទង្វើ​ដ៏​ព្រៃផ្សែ និង​សន្យា​ចូលរួម​នៅ​ក្នុង​ការ​ស៊ើបអង្កេត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ