អានតួអត្ថបទ

នុយក្លេអ៊ែរអ៊ីរ៉ង់ ៖ អាមេរិក​និង​អ៊ីស្រាអែល​ប្រឹង​បញ្ចុះ​បញ្ចូលរក​អ្នក​គាំទ្រ​រៀងខ្លួនៗ

នៅ​ល្ងាច​ថ្ងៃអង្គារ​ទី ៤ សីហានេះ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ បាន​ធ្វើ​សន្និសីទ​មួយ​ទៅ​​កាន់​សហគមន៍​ជ្វីហ្វ​នៅ​អាមេរិក ដែល​មាន​សរុប​ប្រមាណ​៥០​ក្រុម ដើម្បី​បញ្ចុះ​បញ្ចូល​​ឱ្យ​ក្រុម​នេះ​ងើប​ឡើង​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​អ៊ីរ៉ង់។ ចំណែក​ខាង​ប្រធានាធិបតី​អាមេរិក​វិញ លោក​ បារ៉ាក់ អូបាម៉ា ក៏​បាន​ទទួល​ជួប​តំណាង​សហគមន៍​ជ្វីហ្វ​ដដែល​នេះ​ ដើម្បី​ពន្យល់​អំពី​ផល​ល្អ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជា​ប្រវត្តិសាស្ត្រ។ លោក អូបាម៉ា នឹង​ត្រូវ​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​និស្សិត​អាមេរិក ស្តី​អំពី​ប្រធានបទ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ នៅ​ថ្ងៃពុធ​នេះទៀត។

លោកនេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និង​លោក​អូបាម៉ា នៅ​សេតវិមាន​
លោកនេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និង​លោក​អូបាម៉ា នៅ​សេតវិមាន​ (Photo : Reuters)
ផ្សាយពាណិជ្ជកម្ម

ជនជាតិ​ជ្វីហ្វអាមេរិក​ ប្រមាណ​ ១ម៉ឺន​នាក់​ បាន​ភ្ជាប់​បណ្តាញ​ ដើម្បី​បាន​ស្តាប់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ ធ្វើ​អត្ថាធិប្បាយ​ និង​បញ្ចេញ​សក្ខី​កម្ម​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ក្រុង​វីយ៉ែន ស្តីអំពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ នេះ​បើ​តាម​រៀប​ចំ​កម្មវិធី។

 

តាម​ទូរស័ព្ទ​ពី​ទីក្រុង​ ហ្សេរ៉ុយសាឡិម លោក នេតាន់យ៉ាហ៊ូ បាន​ថ្លែង​សុន្ទរកថា​ ដោយ​គ្មា​ន​ភ្ញាក់ផ្អើលរិះគន់​កិច្ចព្រមព្រៀង​របស់​អន្តរជាតិ។ បន្ទាប់​មក​ពលរដ្ឋ​អាមេរិក​ ដើម​កំណើត​ជ្វីហ្វ ដែល​រស់​នៅ​គ្រប់​ជ្រុង​របស់​សហរដ្ឋ បាន​នាំ​គ្នា​ចោទជា​សំណួរ​​បន្ថែម​។ សំណួរ​ដែល​អនុញ្ញាត​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​វាយ​ប្រហារ​កាន់​ខ្លាំង និង​​បញ្ជាក់​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ជាមួយ​ក្រុម​ប្រទេសមហាអំណាច​ទាំង​៥​បូក​អាល្លឺម៉ង់ គឺ​ជា​សុបិន​អាក្រក់​។ លោក នេតាន់​យ៉ាហ៊ូ បាន​ស្នើ​សុំ​ឱ្យ​សហគមន៍​ជ្វីហ្វ​នៅ​អាមេរិក​ទាំង​អស់​នាំ​គ្នា​ដាក់​សម្ពាធ​លើ​សភា​អាមេរិក ដើម្បី​ឱ្យ​សភា​បោះឆ្នោត​ច្រានចោល​កិច្ចព្រមព្រៀង​នោះ។

ចំណែក​ខាង​លោក​អូបាម៉ា​វិញ លោក​ប្រធានាធិបតី​បាន​ទទួល​ជួប​សហគមន៍​ជ្វីហ្វ នៅ​សេតវិមាន។ ជំនួប​បាន​ប្រព្រឹត្ត​ទៅ​ដោយ​បិទ​ទ្វារ ប៉ុន្តែ​ដោយ​គ្មាន​ការ​សង្ស័យ លោក​ប្រធានាធិបតី​ ទំនង​ជា​បាន​បង្ហាញ​អំពី​ចំណុច​ល្អៗ ដូច​ដែល​លោក​ធ្លាប់​លើក​ជា​សាធារណៈ​ គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ ព្រោះ​ជា​ដំណោះស្រាយ​​ដ៏ប្រសើរ​ជាង​គេ​តែ​មួយ ដែល​អាច​ទប់​ស្កាត់​អ៊ីរ៉ង់ មិន​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ។

សម្ពាធ​មានកាន់​តែ​ខ្លាំង​ឡើងៗ នៅ​សហរដ្ឋ​អាមេរិក ជុំ​វិញ​សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ហើយ​ពេល​វេលាក៏​កាន់​តែ​ខ្លី។ ​សភាអាមេរិក​​ ត្រូវ​ផ្តល់​សច្ចាប័ន​​លើ​​កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ​អ៊ីរ៉ង់នេះ តាម​រយៈ​ការ​បោះឆ្នោត​ នៅ​ដើម​ខែ​កញ្ញា​នេះ​។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​អូបាម៉ា ត្រូវ​ខិត​ខំ​​បញ្ចុះ​បញ្ចូល​ គ្រប់​គ្នា ដើម្បី​បាន​ទទួល​ការ​គាំទ្រ​ពី​សភា​ឱ្យ​​កិច្ចព្រមព្រៀង​អាច​ចូល​ជា​ធរមាន​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ