អានតួអត្ថបទ
ជប៉ុន-អាមេរិក

កិច្ចព្រមព្រៀង​ស្តី​ពី​ការដោះដូរ​សេរី អន្តរ ប៉ាស៊ីហ្វិក​បាន​​ចេញ​ជារូបរាង

នៅទីបំផុតទៅ ប្រទេស​ចំនួន១២ នៅ​ថ្ងៃ ចន្ទ​ទី ៥​តុលា បាន​ចុះសម្រុង​គ្នា ចរចា រកឃើញ កិច្ច​ព្រមព្រៀង​ស្តី​ពីការដោះដូរ​សេរី អន្តរប៉ាស៊ីហ្វិក។ លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ដែល​ជាអ្នកគាំទ្រ ចង់​ឲ្យ​ឃើញ កិច្ចព្រមព្រៀង លេចរូបរាង នៅក្នុង​អាណត្តិ​របស់ខ្លួន បាន​ថ្លែង អបអរ​សាទរ​ក្រុមការងារ មកពី​១២​ប្រទេស ដែល​បាន​ប្រជុំ​គ្នា ៥ថ្ងៃ​មកហើយ ក្នុង​ទីក្រុង​អាត្លង់តា ប៉ែកខាងត្បូង​សហរដ្ឋអាមេរិក។ 

កសិករ​កាណាដា ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​កិច្ចព្រមព្រៀង អន្តរប៉ាស៊ីហ្វិក​ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​ការនាំចូល​ទឹកដោះគោពី​អូស្ត្រាលី
កសិករ​កាណាដា ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​កិច្ចព្រមព្រៀង អន្តរប៉ាស៊ីហ្វិក​ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​ការនាំចូល​ទឹកដោះគោពី​អូស្ត្រាលី REUTERSChris Wattie
ផ្សាយពាណិជ្ជកម្ម

អាមេរិក ជប៉ុន និង​ប្រទេស​ចំនួន ១០ ទៀត (អូស្ត្រាលី ព្រុយណេ កាណាដា ឈីលី ម៉ាឡេស៊ី ម៉ិចស៊ិក ពេរូ សិង្ហបុរី នូវែលហ្សេឡង់ ​និង វៀតណាម) ដែល​តំណាង ឲ្យ ៤០​ភាគរយ នៃ​សេដ្ឋកិច្ច​ពិភពលោក បាន​រកឃើញ កិច្ចព្រមព្រៀង ស្តីពី​ការដោះដូរ​សេរី អន្តរប៉ាស៊ីហ្វិក នៅ​ទីក្រុង​អាត្លង់តា ក្នុង​រដ្ឋ​ចរជា សហរដ្ឋអាមេរិក។

 
ក្រោយ​ពី​ចរចា​យ៉ាងស្វិតស្វាញ អស់រយៈពេល ៧​ឆ្នាំ កិច្ចព្រមព្រៀង ស្តីពីការដោះដូរ​សេរី អន្តរប៉ាស៊ីហ្វិក បាន​លេច​ចេញ​ជា​រូបរាង។ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស៊ីនហ្សូ អាបេ​បាន​បញ្ជាក់​ដំណឹង​នេះ កាលពីថ្ងៃ​ចន្ទ ក្នុង​ពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​វិញ បាន​សំដែង​ស្វាគម​កិច្ច​ព្រមព្រៀង អន្តរ​ប៉ាស៊ីហ្វិក ដែល​តាម​លោក​នឹង​ផ្តល់​ចំណេញ​ច្រើន ដល់​ជនជាតិ​អាមេរិកាំង។ តាម​លោក​ប្រធានាធិបតី អាមេរិក កិច្ចព្រមព្រៀង​រកឃើញ​ក្នុង​ទីក្រុង​អាត្លង់តា បាន​ជួយ​កាត់បន្ថយ របាំង​ពន្ធគយ ដល់​១៨០០ ដែល​ប្រទេស​ដទៃទៀត ដាក់​លើ​ទំនិញ​នាំចូល ពី​អាមេរិក។ “នៅពេល​ដែល ៩៥ភាគរយ នៃ​អតិថិជន​របស់​ទំនិញ​អាមេរិក មាន​នៅ​ក្រៅដែនដី​អាមេរិក ប្រជាជន​អាមេរិក​មិនអាច​ទុកឲ្យ​ចិន ជាអ្នកសរសេរ ក្តោបក្តាប់ សេដ្ឋកិច្ច សកល​នោះទេ។ អាមេរិកត្រូវ​តែ បង្កើត​ច្បាប់​ថ្មី ដើម្បី​បង្កើត​ទីផ្សារ​ថ្មី សម្រាប់​ផលិតផល​អាមេរិក ដោយ​មិនភ្លេច​ចូលរួម​ថែរក្សា​បរិស្ថាន និង​ការពារ​ល័ក្ខខ័ណ្ឌ​ការងារ​របស់​ពលករ អាមេរិក។ កិច្ចព្រមព្រៀង នឹង​ពង្រឹង​ទំនាក់ទំនង យុទ្ធសាស្រ្ត​ជាមួយ ប្រទេស​ដៃគូ និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក នៅក្នុង​តំបន់”។ នេះ​ជា​ការអះអាង​របស់​លោកប្រធានាធិបតី​អាមេរិក។

តាំងពី​ឆ្នាំ ២០០៨ ការចរចា ដើម្បី​បង្កើត​កិច្ចព្រមព្រៀង អន្តរប៉ាស៊ីហ្វិក ធ្លាប់​ជួបបរាជ័យ ជាច្រើន​ដង ដោយសារ​តែ​ការនិយាយ​មិនត្រូវគ្នា រវាង​ប្រទេស​ដែល​ត្រូវ​ចូលរួម​ជា​សមាជិក ជាពិសេស ជប៉ុន និង​អាមេរិក។ ចំណុច​សំខាន់ ដែល​ភាគី​នៅ​តឹងសសៃក ធ្លាប់​និយាយ​មិនត្រូវគ្នា មាន​និយាយ​តាំងពី រយៈពេល នៃ​ការការពារ​កម្មសិទ្ធិ​បញ្ញា របស់​ថ្នាំពេទ្យ ផលិតផល​ទឹកដោះគោ ដែលត្រូវ​នាំចេញពី អូស្តា្រលី ទៅ​កាណាដា ឬ​គ្រឿងដំឡើង​រថយន្ត ដែល​ជប៉ុន​ត្រូវ​នាំចូល​ទៅ​អាមេរិក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ