អានតួអត្ថបទ
អាមេរិក-អាហ្វហ្កានីស្ថាន

លោក​អូបាម៉ា​សុំទោស​អង្គការ MSF រឿង​វាយប្រហារ​ទៅលើ​មន្ទីរពេទ្យ​នៅ​អាហ្វហ្កានីស្ថាន

លោក​អូបាម៉ា​បាន​ទូរស័ព្ទ​ទៅប្រធាន​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ ដើម្បី​ធ្វើការ​សុំទោស​ចំពោះ​ការណ៍​ដែល​កងទ័ព​អាមេរិក​ធ្វើការ​វាយប្រហារ​​ដោយ​ច្រឡំ ទៅលើ​មន្ទីរពេទ្យ នៅ​អាហ្វហ្កានីស្ថាន។ ការ​វាយប្រហារ កាល​ពីថ្ងៃ​សៅរ៍ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ២២នាក់ ត្រូវ​បាត់បង់​ជីវិត។ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​វិញ​បាន​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​អន្តរជាតិ​ឯករាជ្យ​មួយ ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ។

លោក​អូបាម៉ា នៅ​សេតវិមាន កាល​ពីថ្ងៃ​ទី២​តុលា​២០១៥
លោក​អូបាម៉ា នៅ​សេតវិមាន កាល​ពីថ្ងៃ​ទី២​តុលា​២០១៥ REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

លោក​អូបាម៉ា​​បាន​ទូរស័ព្ទ​ពី​ការិយាល័យ​របស់​លោក​នៅ​សេតវិមាន ទៅ​កាន់​លោកស្រី Joanne Liu ប្រធាន​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន ដើម្បី​ធ្វើការ​សុំទោស និង​​ចូលរួ​មរំលែក​ទុក្ខ​ចំពោះ​ការ​ស្លាប់​បុគ្គលិក​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ នៅ​ក្នុង​ការ​វាយប្រហារ​ទៅលើ​មន្ទីរពេទ្យ​​នៅ​អាហ្វហ្កានីស្ថាន កាលពីថ្ងៃ​សៅរ៍។ នេះ​បើ​យោងតាម​ការ​អះអាង​របស់​លោក Josh Earnest មន្រ្តី​អ្នក​នាំពាក្យ​សេតវិមាន ដែល​បាន​បញ្ជាក់​បន្ថែម​ថា លោក​អូបាម៉ា​ក៏​បាន​ទូរស័ព្ទ​ទៅ​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ផងដែរ ដើម្បី​សម្តែង​ការសោកស្តាយ​ចំពោះ​ហេតុការណ៍​នេះ។

ក៏ប៉ុន្តែ លោក Josh Earnest បាន​ព្យាយាម​គេចវេស​មិន​ព្រម​ឆ្លើយ​នឹង​សំណួរ​ទាក់ទង​នឹង​ការទាមទារ​ឲ្យ​​បង្កើត​គណៈកម្មការ​ឯករាជ្យ ដើម្បី​ស៊ើបអង្កេត​លើ​ការ​វាយប្រហារ​នេះ ដោយ​គ្រាន់តែ​បាន​ធានា​ថា ការស៊ើបអង្កេត​ដែល​កងទ័ព​អាមេរិក​កំពុងតែ​បើក​ធ្វើ​នៅ​ពេលនេះ នឹង​ត្រូវ​ធ្វើឡើង “​​យ៉ាងពេញលេញ មិនលម្អៀង និង​ប្រកប​ដោយ​តម្លាភាព”។

គួរបញ្ជាក់ថា គិត​មក​ទល់​នឹង​ពេលនេះ មាន​ការ​ស៊ើបអង្កេត៣​​កំពុងតែ​ប្រព្រឹត្ត​ទៅ ចំពោះ​ការ​វាយប្រហារ​ទៅលើ​មន្ទីរពេទ្យ​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​នៅ​អាហ្វហ្កានីស្ថាន​​កាល​ពីយប់ថ្ងៃ​សៅរ៍ គឺ​ការ​ស៊ើបអង្កេត​របស់អាមេរិក ការស៊ើបអង្កេត​របស់​អាហ្វហ្កានីស្ថាន និង​ការស៊ើបអង្កេត​របស់​អង្គការ​អូតង់។ ក៏ប៉ុន្តែ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​​វិញ​បាន​ទាមទារ​​ដោយ​ទទូច​ឲ្យ​​មាន​ការ​ស៊ើបអង្កេត​ជា​លក្ខណៈ​អន្តរជាតិ ក្នុង​ក្របខ័ណ្ឌ​អនុសញ្ញា​ក្រុង​ហ្សឺណែវ ស្តីពី​ឧក្រិដ្ឋកម្ម​សង្រ្គាម។

ក្រោយ​ពី​បាន​ទទួល​ទូរស័ព្ទ​របស់​លោក​អូបាម៉ា អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​បញ្ជាក់ថា ពួកគេ​ពិតជា​បាន​ទទួល​ការ​សុំទោស​ពី​សំណាក់​លោក​ប្រធានាធិបតី​អាមេរិក​មែន ក៏ប៉ុន្តែ ពួកគេ​នៅតែ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​អន្តរជាតិ ដោយ​លើក​ហេតុផល​ថា ពួក​គេ​មិន​ទុកចិត្ត​លើ​​ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​របស់​ប្រទេស ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ការវាយប្រហារ​នេះទេ។

គួរបញ្ជាក់​ផងដែរ​ថា នៅថ្ងៃ​ព្រហស្បតិ៍​នេះ មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​ប្រទេស​អាហ្វហ្កានីស្ថាន​ត្រូវ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​គណៈកម្មការ​សភា​អាមេរិក ជុំវិញ​ហេតុការណ៍​នេះ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ