អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន៖មេកើយ​តាលីបង់​ម៉ូឡា អូម៉ា​បាន​ស្លាប់​តំាង​ពី​ឆ្នំា ២០១៣

នៅ​យប់​ថ្ងៃ​ពុធ ទី២៩ កក្កដា រដ្ឋអំណាច​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ស្លាប់​មេកើយ​តាលីបង់​ឈ្មោះ​ម៉ូឡា អូម៉ា (Mollah Omar)។ យោង​តាម​ទីក្រុង​កាប៊ូល ជន​ម៉ូឡា អូម៉ា​បាន​ស្លាប់​តំាង​ពី​ខែ​មេសា ឆ្នំា ២០១៣ នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន​ដោយ​ជម្ងឺ។ សហរដ្ឋអាមេរិក​នៅ​មិន​ទាន់​បាន​បញ្ជាក់​ព័ត៌មាន​នេះ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ តែ​គ្រាន់​អះអាង​ថា ជា​ព័ត៌មាន​អាច​ជឿទុកចិត្ត​បាន។ គួរ​រម្លឹក​ជូន​ថា តំាង​ពី​ក្រោយ​ការ​ដួលរលំ​របប​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន​ក្នុង​ឆ្នំា ២០០១ មក ជន​ម៉ូឡា អូម៉ា​ជា​មនុស្ស​ដែល​អាមេរិក​តាម​រក​ចាប់​ខ្លួន​ជាង​គេ និង​យល់ព្រម​ឲ្យ​លុយ​ចំនួន ១០លានដុល្លារ​ចំពោះ​នរណា​ដែល​អាច​ចាប់​ម៉ូឡា អូម៉ា​បាន​ទំាង​រស់។

អាហ្វហ្កានីស្ថាន៖មេកើយ​តាលីបង់​ម៉ូឡា អូម៉ា​បាន​ស្លាប់​តំាង​ពី​ខែ​មេសា ឆ្នំា ២០១៣ ដោយ​ជម្ងឺ
អាហ្វហ្កានីស្ថាន៖មេកើយ​តាលីបង់​ម៉ូឡា អូម៉ា​បាន​ស្លាប់​តំាង​ពី​ខែ​មេសា ឆ្នំា ២០១៣ ដោយ​ជម្ងឺ AFP PHOTO / BBC TV / BBC NEWSNIGHT / FILES
ផ្សាយពាណិជ្ជកម្ម

មេកើយ​តាលីបង់​ម៉ូឡា អូម៉ា​បាន​លេច​មុខ​ចុង​ក្រោយ​កាល​ពី ១៤ឆ្នំា​មុន ពោល​ក្នុង​ឆ្នំា ២០០១។ ឆ្នំា ២០០១ ជា​ឆ្នំា​ដែល​អាមេរិក​បាន​ផ្តើម​ធ្វើ​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ដើម្បី​ផ្តួល​រំលំ​របប​តាលីបង់ នៅ​ក្រោយ​មហាភេរវកម្ម ១១ កញ្ញា ឆ្នំា ២០០១ នៅ​សហរដ្ឋអាមេរិក។ នៅ​ក្នុង​ឆ្នំា ២០០១ ដដែល ពោល​ក្រោយ​ការ​ដួល​រលំ​របប​តាលីបង់ ជន​ម៉ូឡា អូម៉ា​បាន​រត់​ភៀសខ្លួន​នៅ​ជ្រក​កោណ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ជិត​ខាង។ តំាង​ពី​ពេល​នោះ​មក មេកើយ​តាលីបង់​រូប​នេះ​បាន​ក្លាយ​ជា​មនុស្ស​ដែល​អាមេរិក​តាម​រក​ចាប់​ខ្លួន​ជាង​គេ និង​សុទ្ធចិត្ត​បង់​លុយ​ចំនួន ១០លានដុល្លារ​ឲ្យ​អ្នក​ណា​ដែល​អាច​ចាប់​ម៉ូឡា អូម៉ា​បាន​ទំាង​រស់។ តែ​នៅ​ក្នុង​រយៈពេល ១៤ឆ្នំា​ចុង​ក្រោយ​នេះ ការ​ស្លាប់​របស់​រូប​ម៉ូឡា អូម៉ា​ត្រូវ​បាន​រដ្ឋអំណាច​អាហ្វហ្កានីស្ថាន​ប្រកាស​ឲ្យ​ដឹង​ជា​ច្រើន​លើក ច្រើន​សារ។

កាល​ពី ២ឆ្នំា​មុន ពោល​ក្នុង​ខែ​ឧសភា ឆ្នំា ២០១១ ព័ត៌មាន​នៃ​ការ​ស្លាប់​មេកើយ​តាលីបង់​ម៉ូឡា អូម៉ា​ធ្លាប់​ត្រូវ​បាន​ក្រសួង​ស៊ើបការ​សម្ងាត់​អាហ្វហ្កានីស្ថាន​ប្រកាស​ឲ្យ​ដឹង និង​ថែម​ទំាង​បាន​បញ្ជាក់​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ទៀត​ផង។ តែ​គ្មាន​ប្រភព​ណា​ផ្សេង​អាច​បញ្ជាក់​ជា​ផ្លូវការ​បាន​ឡើយ ហើយ​ចលនា​តាលីបង់​ក៏​បាន​ច្រាន​ចោល​ព័ត៌មាន​នេះ ព្រម​ទំាង​បញ្ជាក់​ពី​វត្តមាន​ជាប់​ជា​ប្រចំា​របស់​ម៉ូឡា អូម៉ា​នៅ​ក្នុង​សកម្មភាព​របស់​ចលនា​តាលីបង់។ នៅ​ក្នុង​ខែ​មេសា ឆ្នំា ២០១៥ កន្លង​ទៅ​ថ្មីៗ​នេះ ចលនា​តាលីបង់​បាន​ផ្សព្វផ្សាយ​ជីវប្រវត្តិ​របស់​ម៉ូឡា អូម៉ា​ដោយ​អះអាង​ថា មេកើយ​របស់​ខ្លួន​កំពុង​បន្ត​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​សកម្មភាព​ជីហាត។

ឥឡូវ​នេះ ព័ត៌មាន​នៃ​ការ​ស្លាប់​រូប​ម៉ូឡា អូម៉ា​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ជា​ថ្មី ដោយ​រដ្ឋអំណាច​អាហ្វហ្កានីស្ថាន​បញ្ជាក់​ថា មេកើយ​តាលីបង់​រូប​នេះ​បាន​បាត់បង់​ជីវិត​កាល​ពី​ខែ​មេសា ឆ្នំា ២០១៣ ដោយ​ជម្ងឺ​នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន ហើយ​សព​ម៉ូឡា អូម៉ា​ក៏​ប្រហែល​ជា​បាន​បញ្ជូន​ទៅ​អាហ្វហ្កានីស្ថាន​ដើម្បី​កប់​នៅ​ស្រុកកំណើត​របស់​គេ​ដែរ។

សហរដ្ឋអាមេរិក​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការ តែ​ថា​ជា​ព័ត៌មាន​គួរ​ឲ្យ​ជឿ​ទុកចិត្ត

ការ​ដែល​អាមេរិក​នៅ​មិន​ទាន់​ទុក​ចិត្ត​ព័ត៌មាន​នេះ​ទំាង​ស្រុង គឺ​មក​ពី​អាមេរិក​ខ្លួន​ឯង​មិន​មែន​ជា​អ្នក​សម្លាប់​ម៉ូឡា អូម៉ា​ផ្ទាល់​ដៃ។ សូម​ជម្រាប​ជូន​ថា នៅ​ក្នុង​ការ​ស្លាប់​មេភេរវជន ឬ​មួយ​ក៏​អ្នក​ទទួល​ខុសត្រូវ​របស់​ចលនា​ជ្រុលនិយម​ណា​មួយ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ឬ​មួយ​ក៏​ប៉ាគីស្ថាន គឺ​ច្រើន​ជា​ស្នាដៃ​របស់​ទាហាន​អាមេរិក​នៅ​ក្នុង​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​ពី​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​ទៅ​លើ​ជំរំ​របស់​ពួក​ឧទ្ទាម​តាលីបង់។ តែ​ព័ត៌មាន​ស្លាប់​ម៉ូឡា អូម៉ា​ពេល​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​រដ្ឋអំណាច​អាហ្វហ្កានីស្ថាន​ដែល​ថា មេកើយ​តាលីបង់​បាន​ស្លាប់​ដោយ​ជម្ងឺ​នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន។

សេតវិមាន​បាន​ត្រឹមតែ​ចាត់​ទុក​ព័ត៌មាន​នេះ​ថា​អាច​ជឿ​ទុក​ចិត្ត​បាន ហើយ​អ្នក​នំា​ពាក្យ​របស់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ក៏​មិន​បាន​ផ្តល់​អ្វី​លំអិត​ជុំវិញ​លទ្ធផល​នៃ​ការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​នេះ​ដែរ ពិសេស​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ថា តើ​អាមេរិក​ទើប​បាន​ទទួល​ដំណឹង​ពី​ការ​ស្លាប់​ម៉ូឡា អូម៉ា​ពេល​នេះ ឬ​មួយ​ក៏​បាន​ដឹង​ពី​ពេល​ណា​មក។ អ្វី​ដែល​គេ​បាន​ដឹង រដ្ឋបាល​អាមេរិក​កំពុង​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ដើម្បី​ស្វែង​រក​ការ​ពិត មុន​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​អ្វី​មួយ។

រីឯ​នៅ​ខាង​ក្រុម​តាលីបង់​ឯណោះ​វិញ ចលនា​ឧទ្ទាម​មួយ​នេះ​ក៏​នៅ​មិន​ទាន់​បាន​ទទួល​ស្គាល់ ឬ​ក៏​ទាត់ចោល​ទំាង​ស្រុង​នូវ​ព័ត៌មាន​ជុំវិញ​មរណៈភាព​មេកើយ​របស់​ខ្លួន​ដែរ។ នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ​របស់​ខ្លួន​ចេញ​ផ្សាយ​នៅ​ព្រលឹម​ស្រាងៗ​ព្រឹក​នេះ ចលនា​តាលីបង់​មិន​បាន​សរសេរ​អ្វី​មួយ​ម៉ាត់​ទាក់ទង​នឹង​ព័ត៌មាន​ស្លាប់​ម៉ូឡា អូម៉ា​ទេ តែ​បែរ​ជា​និយាយ​ពី​រឿង​កិច្ចចរចា​សន្តិភាព​ជា​មួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ទៅ​វិញ ដោយ​បញ្ជាក់​ថា ខ្លួន​នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង​អ្វី​ទាក់ទង​នឹង​គម្រោង​កិច្ចចរចា​សន្តិភាព​ជាមួយ​របបក្រុង​កាប៊ូល​ដែល​ត្រៀម​រៀបចំ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ឬ​មួយ​ប្រទេស​ចិន​នោះ​ទេ។

ដូច្នេះ​ឃើញ​ថា វិលចុះ វិលឡើង ដំណឹង​មរណៈភាព​ម៉ូឡា អូម៉ា​នៅ​បន្ត​ស្រពិចស្រពិល ដោយ​នៅ​ទាន់​មាន​អ្វី​អាច​យក​ជា​ផ្លូវការ​បាន​ទេ​នៅ​ពេល​នេះ។

តើ​ម៉ូឡា អូម៉ា ជា​នរណា?

ជា​ផ្លូវការ ម៉ូឡា អូម៉ា​ជា​ប្រមុខ​ចលនា​តាលីបង់​តំាង​ពី​ឆ្នំា ១៩៩៦ ហើយ​តំាង​ពី​ចលនា​មួយ​នេះ​បាន​ឡើង​កាន់​អំណាច​នៅ​អាហ្វហ្កានីស្ថាន​ពី​ឆ្នំា ១៩៩៦ ដល់​ឆ្នំា ២០០១ រូប​ម៉ូឡា អូម៉ា​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន។ នៅ​ក្រោយ​មហាភេរវកម្ម​ថ្ងៃ ១១ កញ្ញា ឆ្នំា ២០០១ នៅ​សហរដ្ឋអាមេរិក រដ្ឋបាល​អាមេរិកំាង​ក៏​បាន​បើក​ការ​វាយប្រហារ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ដើម្បី​ផ្តួល​រំលំ​របប​តាលីបង់​ដឹក​នំា​ដោយ​ម៉ូឡា អូម៉ា​ដែល​ជា​មនុស្សជំនិត​នឹង​អ៊ូសាម៉ា បិនឡាដិន មេភេរវនិយម​អាល់កៃដា។

ក្នុង​ឆ្នំា ២០០១ ដដែល ពោល​ក្រោយ​ការ​ដួលរលំ​របប​តាលីបង់ ម៉ូឡា អូម៉ា​ក៏​បាន​រត់​ភៀសខ្លួន​ទៅ​ជ្រកកោណ​ក្នុង​ស្រុក​កឺតា​ទឹកដី​ប៉ាគីស្ថាន​ជាប់​នឹង​ព្រំដែន​អាហ្វហ្កានីស្ថាន។ តែ​ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​ចលនា​តាលីបង់​ច្រាន​ចោល​ជា​ច្រើន​ដង​ដោយ​អះអាង​ថា ម៉ូឡា អូម៉ា​ស្ថិត​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន​ជានិច្ច ដោយ​មិន​ធ្លាប់​ចាកចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន​ម្តង​ណា​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ