អានតួអត្ថបទ
អាមេរិក

New York និង New Jersey ត្រូវ​វាយប្រហារ​ដោយ​ព្យុះ​ថ្មីទៀត

នៅ​ថ្ងៃ​ពុធ​នេះ ទីក្រុង ​New York និង​រដ្ឋ New Jersey បាន​ទទួលរងព្យុះ​មួយ​ថ្មី​ទៀត​ដែល​បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់ទាំងពីរ​ ដែល​ជាជនរងគ្រោះ​នៃព្យុះកំណាច Sandy​ កាល​ពី​សប្តាហ៍​មុន​ កំពុង​ព្រួយ​បារម្ភ​ឡើងវិញ។ អាជ្ញាធរ​បាន​ប្រកាស​អោយ​ប្រជាជន​រើចេញ​ ដោយសារតែ​ព្យុះថ្មី​នេះ​នឹងអាច​ធ្វើ​អោយជន់លិចជាថ្មីទៀត។

ទីក្រុង Jersey City ក្នុង​រដ្ឋ​ New Jersey គ្របដណ្តប់​ទៅដោយ​ព្រិល​ កាល​ពីយប់ថ្ងៃ​ពុធ ៧ វិច្ឆិកា ២០១២
ទីក្រុង Jersey City ក្នុង​រដ្ឋ​ New Jersey គ្របដណ្តប់​ទៅដោយ​ព្រិល​ កាល​ពីយប់ថ្ងៃ​ពុធ ៧ វិច្ឆិកា ២០១២ REUTERS/Eduardo Munoz
ផ្សាយពាណិជ្ជកម្ម

 

ស្ថានភាព​បាន​ធូរស្រាល​តែ​រយៈ​ពេល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​តែ​ប៉ុណ្ណោះ។ នៅ​ថ្ងៃ​ពុធ​​ទីក្រុង ew York និងរដ្ឋ New Jersey បាន​រងការ​វាយ​ប្រហារ​សាជាថ្មី ​ដោយ​ខ្យល់​ព្យុះ​មួយ​ទៀត។ ជា​ព្យុះ​ដែលបាននាំទាំង​​ភ្លៀង និង​ព្រិល​មក​ជាមួយ​​ផង​។ ព្យុះ​នេះ​ក៏​នឹង​​​ជះ​ឥទ្ធិពល​ដល់​តំបន់​ដែល​នៅ​ជុំវិញ​ក្រុង​ទាំងពីរ​នេះ​ផងដែរ។

ប្រជាពលរដ្ឋ​អាមេរិក​ជាច្រើន​លាននាក់ដែល​រស់នៅ​ក្នុង​ភាព​ងងឹត ក្នុង​ស្ថានភាព​រងា​ត្រជាក់ខ្លាំង​ដោយសារ​ផ្ទះ​ត្រូវ​បំផ្លាញ​អស់​នោះ មិន​ទាន់​បាត់​ភ័យខ្លាចឥទ្ធិពល​ខ្យល់​ព្យុះសង្ឃរា​Sandy កាល​ពី​សប្តាហ៍​មុ​ន​ផង។

នៅ​រដ្ឋ ​New Jersey អាជ្ញាធរ​បាន​ប្រកាស​ព្រមាន​អំពី​វត្តមាន​ខ្យល់​ព្យុះ​ថ្មីនេះ ​ដែល​នឹង​មានឥទ្ធិពល​កាន់តែខ្លាំងនៅ​ល្ងាច និង​យប់​ថ្ងៃ​ពុធ​នេះ ហើយ​ដែល​អាច​នាំ​អោយ​មាន​ទឹកជំនន់ និង​ខ្យល់បក់ផ្តួល​ដើមឈើ​ទៀតផង។ ដោយសារ​តែ​ខ្យល់​ព្យុះ​ថ្មី​នេះ ការ​កាត់​ផ្តាច់​ចរន្ត​អគ្គិសនី​នឹង​ត្រូវ​ពន្យារពេល​បន្តទៀត​ នេះ​បើតាម​ការ​ប្រកាស​របស់​អាជ្ញាធរ​មូលដ្ឋាន។ នៅ​ពេល​នេះ​អាជ្ញាធរ​កំពុង​សាងសង់ទំនប់​បាវខ្សាច់​ដាក់​តាម​មាត់​ច្រាំង​ ដើម្បីការពារ​មិន​មាន​ការ​បោកបក់​ដោយ​កំលាំង​ទឹករលក ហើយ​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​ជម្លៀសទៅរក​កន្លែង​សុវត្ថិភាព។

នៅ​ក្នុង​ទីក្រុង​ញូយ៉ក​វិញ ប៉ូលីស​បានទៅដល់​តំបន់ទំនាប​ ហើយ​ស្រែក​ប្រកាស​តាម​មីក្រូ​ប្រាប់​អោយ​ពលរដ្ឋ​ចាកចេញ​ពី​គេហដ្ឋាន​ពួកគេ។ រីឯការដ្ឋាន​សំណង​ត្រូវ​បាន​បញ្ជា​អោយ​ផ្អាក ទីចំណតរថយន្ត​ត្រូវ​បាន​បិទ​ដោយ​សារខ្លាចការបាក់រលំ​ដើមឈើ ហើយ​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ក៏​ត្រូវព្រមាន​អោយ​ឈប់ធ្វើ​ដំណើរ​ក្រោយ​ពី​ម៉ោង​៥​ល្ងាច​ផងដែរ។

បម្រាមទាំង​នេះ​ត្រូវ​បាន​ចាត់​វិធានការ​ឡើង ក្រោយ​ពី​បទពិសោធន៍​​ខ្យល់កំណាច ​Sandy កាល​ពី​សប្តាហ៍​មុន ​ដែល​បាន​បោកបក់​កំទេច​តំបន់​ភាគខាងកើត​នៃ​សហរដ្ឋអាមេរិក។​ ជើងហោះហើរ​ចំនួន១៣០០​ដែល​ភ្ជាប់​ទីក្រុង​ញូយ៉ក​ក៏​ត្រូ​វបាន​លុបចោលមកដល់​ពេលនេះ។

ភ្នាក់ងារគ្រប់គ្រងការ​សង្គ្រោះបន្ទាន់​របស់​រដ្ឋាភិបាល​អាមេរិក​បានស​ន្និដ្ឋាន​ថា​​ ​ពលរដ្ឋ​ប្រមាណ​​ជិត៣សែននាក់ ​នៅក្នុង​ទីក្រុង​​ New York, New Jersey និង​រដ្ឋ ​Connecticut ត្រូវ​ការ​ជម្រក​​សុវត្ថិភាព។

គេ​នៅ​មិន​ទាន់​ដឹង​ថា​ តើ​ព្យុះ​ថ្មី​មួយ​នេះ​នឹង​អាច​ធ្វើ​អោយ​ខូច​ខាត​ប៉ុណ្ណា​នោះទេ ខណៈដែល​ខ្យល់ព្យុះ Sandy បាន​​បំផ្លាញ​ថវិកា​អស់មិន​តិច​ជាង​២០ពាន់លាន​ដុល្លារ​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ