អានតួអត្ថបទ
សហរដ្ឋអាមេរិក

ពួក​ជីហាត​បញ្ចេញ​តារាង​ឈ្មោះ​ទាហាន​ជើង​ទឹក​អាមេរិក​១០០​នាក់ ដែល​ត្រូវ​សម្លាប់​ចោល

តារាង​​ឈ្មោះ​អនាមិក​មួយ​ ត្រូវ​បាន​គេ​បង្ហោះ​ផ្សាយ​ តាម​ប្រព័ន្ធ​អ៊ីនធើនែត ​ដែល​ក្នុង​នោះ​មាន​រាយ​នាម​ទាហាន​ជើង​ទឹក​អាមេរិក​ ចំនួន​១០០នាក់​។ ក្នុង​អត្ថបទ​នោះ​សរសេរ​ថា ​ទាហាន​ទាំង​១០០​នាក់​នេះ ​នឹង​ត្រូវ សម្លាប់​ចោល ​ក្នុង​ពេល​ខាង​មុខ។ តាម​ការ​ស្រាវជ្រាវ​របស់​ភ្នាក់ងារ​ ​ស៊ើបការណ័​អាមេរិក ​អ្នក​ដែល​ធ្វើ ​និង​ផ្សព្វផ្សាយ​តារាង​ឈ្មោះ​នេះ ​គឺ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម ​ដែល​មាន​ចេតនា​ បង្ក​ការ​ស្លន់ស្លោរ ​ក្នុង​ជួរ​កងទ័ព​ជើង​ទឹក​អាមេរិក។

នាយ​ទាហាន​​ជើងទឹក​ NAVY​ ជំនាញ​បាញ់​ពី​ចម្ងាយ​ កំពុង​ធ្វើ​ការ​ហ្វឹកហាត់​ ក្នុងរដ្ឋ Virginia
នាយ​ទាហាន​​ជើងទឹក​ NAVY​ ជំនាញ​បាញ់​ពី​ចម្ងាយ​ កំពុង​ធ្វើ​ការ​ហ្វឹកហាត់​ ក្នុងរដ្ឋ Virginia AFP PHOTO/US NAVY/Robert Fluegel/HANDOUT/
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អាទិត្យ ​ទី ​២២ ​មីនា ​មាន​ចោរ​ព័ត៌មានវិទ្យា​មួយ​ក្រុម​ បាន​លួច​ចូល​ទៅ​ក្នុង ​ប្រព័ន្ធ​អ៊ីនធើនែត​របស់​អគ្គបញ្ជាការ​កងទ័ព​ជើង​ទឹក​អាមេរិក ​ហើយ​បាន​បង្ហោះ​ផ្សាយ​ បញ្ជីរ​ឈ្មោះ​មួយ។ ក្នុង​បញ្ជីរ​នោះ ​ពួក​វា​បាន​​រាយ​ឈ្មោះ ​មនុស្ស​១០០នាក់ ​ដែល​សុទ្ធសឹង​តែ​ជា​ទាហាន​ជើងទឹក​អាមេរិក ​ហើយ​ដែល​មាន​ដាក់​អាស័យដ្ឋាន​ផ្ទាល់​ខ្លួន​ របស់​ទាហាន​ម្នាក់ៗ​ទៀត​ផង។ ក្នុង​បញ្ជីរ​ដដែល​ មាន​សរសេរ​ទៀត​ថា ​អ្នក​ទាំង​១០០​នាក់ ​នឹង​ត្រូវ​ពួក​វា​សម្លាប់ ​ក្នុង​ពេល​ខាង​មុខ ​ដោយសារ​តែ ​ទាហាន​ទាំង​នេះ ​ធ្លាប់​បាន​ចូល​ទៅ​ធ្វើ​សង្រ្គាម​​នៅ​ស៊ីរី ​និង​នៅ​អ៊ីរ៉ាក់។

 
ក្រសួង​ការពារ​ជាតិ​អាមេរិក ​ក៏​ដូច​ជា ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក ​បាន​ទទួល​ព័ត៌មាន​នេះ ​ហើយ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ ​យ៉ាង​ម៉ត់ចត់។ ជា​ជំហាន​ដំបូង ​គេ​បាន​ដាក់​ការ​សង្ស័យ​​ស្ទើរ​តែ​ច្បាស់​ប្រាដក​ទៅ​ហើយ​ថា​នេះ ​ជា​ស្នាដែ​របស់​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម។ ពួកនេះ ​មាន​គ្នា​វា​មួយ​ក្រុម​ ដែល​ជា​អ្នក​ជំនាញ​ ខាង​ព័ត៌មានវិទ្យា ​ដើម្បី​ធ្វើ​ការ​វាយលុក ​ក៏​ដូច​ជា​បង្ក​ចលាចល ​លើ​អ៊ីនធើនែត។

យ៉ាង​ណាមិញ ​នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ​ដែល​ក្រុម​ចោរ​ព័ត៌មានវិទ្យា​​របស់​ក្រុម​ជីហាត​ ធ្វើ​ការ​វាយលុក​ ទៅ​លើ​ប្រព័ន្ធ​អ៊ីនធើនែត​ របស់​ស្ថាប័ន​ធំៗ​ ​នៅ​អាមេរិក។ ក្រុម​នេះ​ទើបតែ​បាន​អួត​ពី​ជោគជ័យ​របស់​ពួក​វា​ទៀត ​ថា​បាន​ចូល​ទៅ​លួច​យក​ឯកសារ​សម្ងាត់ ​និង​អ៊ីម៉េល​ ជា​ច្រើន ​របស់​រដ្ឋាភិបាល​អាមេរិក ​តាម​ប្រព័ន្ធ​អ៊ីនធើនែត។

អគ្គ​បញ្ជាការ​កងទ័ព​ជើង​ទឹក​អាមេរិក ​បាន​បញ្ជា​ឲ្យ​បុគ្គលិក ​ក៏​ដូច​ជា ​នាយ​ទាហាន​ទាំង​អស់ ​មាន​ការ​ប្រុង​ប្រយ័ត្ន ​ជា​ពិសេស​ ទាក់ទិន​ទៅ​នឹង​ចរាចរណ៍ ​ទិន្នន័យ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ នៅ​តាម​អ៊ីនធើនែត។ ទោះ​បី​ជា​យ៉ាងណា ​អ្នក​នាំ​ពាក្យ​កងទ័ព​ជើង​ទឹក​អាមេរិក​ បាន​បញ្ជាក់​ថា ​ផ្ទុយ​ពី​អ្វី​ដែល​បាន​សរសេរ​ ក្នុង​ឯកសារ​អនាមិក​នេះ ​ទាហាន​មួយ​ចំនួន​ធំ​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជីរ​នេះ ​មិន​ដែល​ធ្លាប់​ទៅ​ធ្វើ​បេសកកម្ម​ នៅ​អ៊ីរ៉ាក់ ​រឺ​ក៏​នៅ​ស៊ីរី​ទេ។

ដោយ​ឡែក​ លោក​ Philip Breedlove ​អគ្គ​មេបញ្ជា​ការ​កងទ័ព​អូតង់  ​បាន​មាន​ប្រតិកម្ម​ភ្លាមៗ ​បន្ទាប់​ពី​បាន​ដំណឹង​នេះ។ លោក​ថា​ នេះ​គ្រាន់​ជា​យុទ្ធសាស្រ្ត ​របស់​ពួក​ជីហាត ​ដែល​កំពុង​តែ​រិះរក​គ្រប់​វិធី​ដើម្បី​បន្លាច​គេ ហើយ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​ពួក​វា​មាន​ឥទ្ធិពល​ប៉ុណ្ណា។ តាម​ការ​ពិត ​នៅ​សមរភូមិ​ឯណោះ ​ពួក​ជីហាត​អ៊ីស្លាម ​កំពុង​តែ​ភ័យ​ខ្លួន ​ដោយសារ​កងទ័ព​សម្ពន្ធ័មិត្ត ​កំពុង​មាន​ប្រៀប​ជាង។ ហេតុ​ដូច្នេះ​ហើយ ​នៅ​ពេល​ដែល​ពួកវា​​កំពុង​តែ​បាក់​ទ័ព ​ពួក​វា​ឆ្លៀត​មក​ធ្វើ​រឿង​នេះ ​ដើម្បី​បង្វែរ​ការ​ចាប់​អារម្មណ៍​ របស់​ទស្សនៈ​មហាជន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ