អានតួអត្ថបទ
ស៊ីរី-អឺរ៉ុប

ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​សម្រុក​វាយប្រហារ​មរណៈ​នៅ​ស៊ីរី ពេល​ចូល​ឆ្នាំ​ថ្មី

លង់​ខ្លួន​ក្នុងសង្គ្រាម​ស៊ីវិល​ អស់​ជាង​បួន​ឆ្នាំ ស្លាប់​ជីវិត​មនុស្ស​អស់​ជាង​២១៥០០០​នាក់​ ស៊ីរី​កំពុង​រង​គ្រោះ​មួយ​ជាន់​ទៀត​ក្នុង​អំពើ​ហិង្សា​ ដែល​ផ្តាច់​ជីវិត​មនុស្ស​រាប់​សិប​នាក់។ ប្រឈម​មុខ​នឹង​កម្លាំង​សង្គ្រាប់​របស់​ទាហាន​ស៊ីរី និង​កង​យុទ្ធជន​គូដ ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុងក្រោយ​នេះ។ អំពើហិង្សា​ដែល​បាន​ជំរុញ​ឱ្យ​មាន​ជន​ស៊ីរី​ភៀស​ខ្លួន​កាន់​ច្រើន។​ ហើយ​បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​អឺរ៉ុប​ផ្នែក​ប្រឆាំង​ភេរវនិយម អាច​មាន​ពួក​ជីហាត​ បន្លំ​ខ្លួន​ចំណោម​ជន​ភៀស​ខ្លួនផង។

យុទ្ធជន​​ប្រដាប់​អាវុធ​នៃ​កងទ័ព​សេរី​ស៊ីរី
យុទ្ធជន​​ប្រដាប់​អាវុធ​នៃ​កងទ័ព​សេរី​ស៊ីរី REUTERS/Khalil Ashawi
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ កង​កម្លាំង​របស់​រដ្ឋាភិបាល​ស៊ីរី បាន​វាត​កម្លាំង​រុញ​ច្រើន​ពួក​អ៊ីស្លាម​ជ្រុល​និយម អង្គការ​រដ្ឋ​អ៊ីស្លាម​ផង និង​ពួក​ភេរវនិយម​អាល់ណូស្រា ស្និទ្ធ​នឹង​អាល់កៃដា​ផង ប៉ុន្តែ​ស្រាប់​នៅ​ថ្ងៃ​ម្សិលមិញនេះ ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម បាន​ស្ទុះ​ងើប​មក​វាយប្រហារ​ប្រឆាំងនឹង​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ជា​ច្រើន ក្នុង​ផ្ទៃ​ប្រទេស ក្នុង​ពេល​តែ​មួយ មិន​ថា​​កន្លែង​ដែល​គ្រប់​គ្រង​ដោយ​របប​លោក​ បាស្ហា អាល់អាសាដ ឬ​ដោយ​ក្រុម​ប្រដាប់​អាវុធ​គួដ​ទេ។

 
បើ​តាម​អង្គការ​សិទ្ធិមនុស្ស​ស៊ីរី មាន​ស្លាប់​​​យ៉ាង​ហោច​៧០​នាក់ នៅ​ថ្ងៃ​ម្សិលមិញ ក្នុង​ការ​វាយប្រហារ​នេះ និង​ក្នុង​ភេរវកម្ម​អត្តឃាត​នៅ ខេត្ត​ម៉ូស៊ូល ​ ជា​យុទ្ធសាស្ត្រ​ ភាគ​ឦសាន​ ជាប់​ព្រំដែន​អ៊ីរ៉ាក់ ដែល​ជា​ទីតាំង​គ្រប់​គ្រង​មួយ​ភាគ​ធំ​ដោយ​កង​កម្លាំង​គួដ និង​កង​ទ័ព​រដ្ឋាភិបាល។ ភេរវកម្ម​ ប្រឆាំងនឹង​ក្រុម​គួដ កំពុង​ប្រារព្ធ​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បាន​សម្លាប់​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​៥០​នាក់ ភាគ​ច្រើន​ជា​ស៊ីវិល។ លោក បាន​គីមូន អគ្គលេខាធិការ​អង្គការ​ប្រជាជាតិ​បាន​ចេញ​មុខ​ថ្កោល​ទោស​ការ​វាយប្រហារ​ភេរវកម្ម​​នេះ​មុន​គេ។

ហេតុការណ៍ហិង្សា​​លើ​សមរភូមិ បាន​ផ្ទុះ​សកម្មភាព​ឡើង​វិញ​ ក្នុង​ខណៈ​ចំនួនជន​ភៀស​ខ្លួន​សង្គ្រាម​ មាន​កាន់​តែ​ច្រើន។ ចំនួន​​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​សហភាព​អឺរ៉ុប បាន​កើន​​៤៤%​។ នៅ​ក្នុង​ចំណោម​នោះ បើតាម​ការិយាល័យ​សិ្ថតិ​អឺរ៉ុប ជិត​ពាក់​កណ្តាល​តែ​បាន​ទទួល​ចម្លើយ​វិជ្ជមាន​ក្រោម​ហេតុ​ផល​មនុស្សធម៌។

​មនុស្សធម៌​ជា​កាតព្វកិច្ច​មួយ​ តែ​ទន្ទឹម​នឹង​នោះ អ្នក​សម្រប​សម្រួល​​របស់​សហភាព​អឺរ៉ុប​ ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​ ក៏​បាន​ទាញ​សញ្ញា​អាសន្ន រំលឹក​ដល់​ភ្នាក់​ងារព្រំដែន​អឺរ៉ុប​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខ្លាច​មាន​ជន​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម បន្លំ​ខ្លួន​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន ដើម្បី​ចូល​មកធ្វើ​សកម្មភាព​នៅអឺរ៉ុប។ អ្នក​សម្របសម្រួល​សញ្ជាតិ​ប៊ែលហ្សិក បាន​អះអាង​ថ្វីបើ​ការ​វាយប្រហារ​ភេរវកម្ម​ប្រឆាំង​អឺរ៉ុប​មាន​លក្ខណៈ​ជា​បុគ្គល​ប្រកាស​ខ្លួន​ជា​អង្គការ​រដ្ឋ​អ៊ីស្លាម​មែន​ តែ​សហភាព​អឺរ៉ុប​ប្រឈម​ខ្លាំង​នឹង​ភេរវកម្ម​ទ្រង់​ទ្រាយ​ធំ ដូច​សកម្មភាព​របស់​ពួក​អាល់កៃដា​ជា​និច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ