កម្មវិធីស្បៀងអាហារពិភពលោក៖ ប្រជាជនកូរ៉េខាងជើងជិត១០លាននាក់ ខ្វះអាហារូបត្ថម្ភ
អង្គការកម្មវិធី ស្បៀងអាហារពិភពលោក ដែលមានទីតាំងនៅក្រុងហ្សឺណែវ បានទាញសញ្ញាអាសន្ន តាមរយៈតួលេខមួយស្តីពីកម្រិត នៃកង្វះអាហារូបត្ថម្ភរបស់ប្រជាជនកូរ៉េខាងជើង។ យោងតាមតួលេខអង្គការ នេះ បង្ហាញថាប្រជាជនកូរ៉េខាងជើង ជិត១០លាននាក់ ពោលគឺប្រមាណ៤០% នៃប្រជាជនសរុប ដែលជួបនឹងបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ អង្គការនេះ អំពាវនាវឲ្យមានការផ្តល់ជំនួយថវិកា ពុំនោះទេ អង្គការខ្លួន ប្រាកដជាត្រូវ បិទបញ្ចប់បេសកកម្មនៅកូរ៉េខាងជើង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៨
បើទោះបី ជាស្ថានភាពទូទៅ បានប្រសើរឡើងបន្តិច ក្នុងឆ្នាំ២០១៨នេះ ក៏ប៉ុន្តែបញ្ហាកង្វះអាហារូបត្ថម្ភ នៅកូរ៉េខាងជើង គឺនៅតែចោទជាបញ្ហាយ៉ាងធ្ងន់ធ្ងរ។ លោក Hervé Verhoosel អ្នកនាំពាក្យអង្គការកម្មវិធីស្បៀងអាហារពិភពលោក (PAM) បានលើកឡើងថា បញ្ហាអសន្តិសុខស្បៀងអាហារ និងកង្វះអាហារូបត្ថម្ភនៅកូរ៉េខាងជើង គឺជាបញ្ហាដ៏ធំ ចាក់ជ្រៅជាយូរឆ្នាំមកហើយ។ ប្រជាជនជិត១០លាននាក់ ពោលគឺប្រមាណ៤០% នៃប្រជាជនសរុប ពុំមានចំណីអាហារគ្រប់គ្រាន់ ដើម្បីចិញ្ចឹមសារពាង្គកាយទេ។
កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដែលធ្វើឲ្យរាងកាយគ្មានវីតាមីន និងប្រូតេអ៊ីនគ្រប់គ្រាន់ បានបណ្តាលឲ្យប្រជាជនកូរ៉េខាងជើង ជាពិសេសកុមារ ប្រឈមនឹងជំងឺរ៉ាំរ៉ៃ ជាច្រើនសណ្ឋាន។ កុមារម្នាក់ ក្នុងចំណោម៥នាក់ នៅកូរ៉េខាងជើង កំពុងមានជំងឺក្រិនឆ្អឹង មិនលូតធំធាត់ ដោយសារតែខ្វះវីតាមីនD និងជាតិដែក។
អ្នកនាំពាក្យកម្មវិធីស្បៀងអាហារពិភពលោក បានលើកឡើងថា អង្គការស្បៀងអាហារពិភពលោក អាចនឹងកាត់ផ្តាច់បេសកកម្មនៅកូរ៉េខាងជើង ដោយសារតែខ្វះថវិកា។ ក្នុងឆាំ្ន២០១៨នេះ អង្គការកម្មវិធីស្បៀងអាហារពិភពលោក ត្រូវការថវិកាចំនួន៥២លានដុល្លារ ដើម្បីអនុវត្តយុទ្ធនាការការងារ នៅកូរ៉េខាងជើង។ ក៏ប៉ុន្តែបច្ចុប្បន្ន អង្គការនេះ កំពុងខ្វះថវិកាប្រមាណ១៥លាន២សែនដុល្លារទៀត ដើម្បីបំពេញការងារ រវាង៥ខែទៅមុខទៀត។
សូមបញ្ជាក់ថា អង្គការកម្មវិធីស្បៀងអាហារពិភពលោក (PAM) និងអង្គការ Unicef គឺជាអង្គការដ៏កម្រ ដែលរដ្ឋាភិបាលផ្តាច់ការកូរ៉េខាងជើង បានអនុញ្ញាតិ ឲ្យចូលទៅធ្វើការងារមនុស្សធម៌ ជួយប្រជាជនកូរ៉េខាងជើង តាំងតែពីមានគ្រោះទុរភិក្ខ កាលពីទសវត្សឆ្នាំ៩០។ ជំនួយចំណីអាហារ ថ្នាំបំប៉នវីតាមីន និងប្រូតេអ៊ីន ដែលផ្តល់ឲ្យដោយអង្គការទាំង២នេះ បានជួយសង្រ្គោះជីវិត ប្រជាជនកូរ៉េខាងជើង ជាច្រើនលាននាក់។
ដោយឡែក បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់អង្គការស្បៀងអាហារពិភពលោក (FAO) បានបង្ហាញថា នៅទូទាំងពិភពលោក មានមនុស្ស១ម្នាក់ ក្នុងចំណោម៩នាក់ ដែលខ្វះអាហារូបត្ថម្ភ។ ក្រៅពីសង្រ្គាម ជំលោះប្រដាប់អាវុធ ដែលជាប្រភពនៃបញ្ហា បង្កឲ្យមានអសន្តិសុខចំណីអាហារ ការប្រែប្រួលអាកាសធាតុ ក៏បានបំផ្លាញភោគផលដំណាំ គ្រាប់ធុញ្ញជាតិ ដែលជាប្រភពសំខាន់នៃជីវជាតិ។ ទិន្នផលធ្លាក់ចុះ តម្លៃឡើងថ្លៃ បូកបន្ថែមជាមួយសង្រ្គាម និងវិបត្តិសេដ្ឋកិច្ច ទាំងអស់នេះ បានញ៉ាំងឲ្យបញ្ហាកង្វះអាហាររូបត្ថម្ភ កាន់តែរីកធំឡើង ជាប្រចាំនៅទូទាំងពិភពលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ