អានតួអត្ថបទ
កូរ៉េខាងជើង

ប្រទេស​មហា​អំណាច​ និយាយ​មិនត្រូវ​គ្នា ​រឿង​ដំណោះ​ស្រាយ​វិបត្តិ​កូរ៉េ​ខាង​ជើង

មួយថ្ងៃ​ក្រោយ​ពេល​ដែល​កូរ៉េ​ខាង​ជើង ​បាន​បាញ់​សាក​ល្បង​គ្រាប់​នុយក្លេអ៊ែរ ​ ក្រុម​ប្រឹក្សា​សន្តិសុខ​ បាន​បើក​ការ​ប្រជុំ​បន្ទាន់ ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ​ដើម្បី​រក​ដំណោះស្រាយ។ ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ ទាមទារ​ឲ្យ​ដាក់​ទណ្ឌកម្ម​ឲ្យ​ធ្ងន់​ ដើម្បី​បិទ​ដង្ហើម​សេដ្ឋកិច្ច ​កូរ៉េ​ខាង​ជើង ​រុស្ស៊ី​និង​ចិន​ឯណោះ ​មាន​គំនិត​ដូចគ្នា ​គឺ​ថា​ទណ្ឌកម្ម​សេដ្ឋកិច្ច ​មិន​បាន​ហុចផល​អ្វី​ទេ​ ក្រៅពី​រុញ​របប​កូរ៉េ​ខាង​ជើង ​ឲ្យកាន់​តែ​ទ័លច្រក។ ចិន​និង​រុស្ស៊ី ​អំពាវនាវ​ឲ្យ​អាមេរិក ​និង​កូរ៉េ​ខាងត្បូង​ធ្វើ​សម្បទាន ​ដើម្បី​​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង។

អគ្គរដ្ឋទូតរុស្ស៊ី Vasilly Nebenzia (ឆ្វេង) និយាយ​​ជាមួយ​អគ្គរដ្ឋទូត​ចិន Liu Jieyi (កណ្តាល​) និងលោកស្រី​អគ្គរដ្ឋទូត​អាមេរិក​ Nikki Haley
អគ្គរដ្ឋទូតរុស្ស៊ី Vasilly Nebenzia (ឆ្វេង) និយាយ​​ជាមួយ​អគ្គរដ្ឋទូត​ចិន Liu Jieyi (កណ្តាល​) និងលោកស្រី​អគ្គរដ្ឋទូត​អាមេរិក​ Nikki Haley REUTERS/Joe Penney
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​បាន​ស្នើ​នូវ​វិធានការ​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ជា​ច្រើន​ចំណុច ​ទាក់​ទិន​នឹង​ការ​នាំចូល​ប្រេង ​វិស័យ​ទេសចរណ៍ ​និង​ក្រុម​បុគ្គលិក​កូរ៉េ​ខាងជើង ​ដែល​ព្យុង​យ៉ាង​បញ្ជូន​ ឲ្យទៅ​ធ្វើ​ការ​នៅ​បរទេស។ ក្រុមហ៊ុន​ ឬ​មនុស្ស​ដែល​អាច​ជាប់​ក្នុង​ទណ្ឌកម្ម​នេះ ​មាន​ភាគច្រើន ​គឺ​ជា​ក្រុមហ៊ុន​ចិន​ និង​រុស្ស៊ី​តែ​ម្តង។ តាម​ការ​គ្រោងទុក​ ក្រុម​ប្រឹក្សា​សន្តិសុខ ​នឹង​​បោះឆ្នោត​សម្រេច​ នៅ​ថ្ងៃ​ទី​១១​កញ្ញា។

រដ្ឋាភិបាល​ចិន​ ដែល​បាន​ប្រកាស​ថ្កោលទោស​កូរ៉េ​ខាង​ជើង​នោះ ​ បាន​សន្យា​ថា​នឹង​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​ របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ឲ្យ​បាន​ខ្ជាប់ខ្ជួន។ តែ​យ៉ាងណា ​ចិន​ និង​រុស្ស៊ី ​មាន​ជំហរ​ដូចគ្នា ​ដោយ​បាន​លើកឡើង​ថា ​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េ​ខាង​ជើង ​គឺ​មិន​បាន​ផល​ទេ ​ព្រោះ​នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ​ដែល​គេដាក់​ទណ្ឌកម្ម ​តែ​កូរ៉េ​ខាងជើង​ នៅតែ​មិន​ឈប់ដដែល។

លោក​ពូទីន​ ​បាន​ថ្លែង​ថា ​"ដ៏រាប​ណា ​កូរ៉េ​ខាង​ជើង​ នៅ​តែ​មាន​អារម្មណ៍​ខ្លាច​ថា​មាន​គេ​មក​វាយ​ប្រហារ​ខ្លួន​ នោះ​កូរ៉េ​ខាង​ជើង​ នឹង​នៅ​តែ​បន្ត​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ"។ លោក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ ​លើក​ឡើង​ថា​ "មធ្យោបាយ​តែ​មួយ​គត់​ គឺ​ដោះស្រាយ​ដោយ​សន្តិវិធី​ តាម​រយៈ​ការ​ចរចា"។ លោក​ទូត​ចិន​ដដែល​បញ្ជាក់​ថា ​ចិន​ និង​រុស្ស៊ី ​បាន​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​សម្បទាន ​ពី​សំណាក់ ​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាងត្បូង ​តាម​រយៈ​ការ​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា។ ​ ហើយ​ជា​ថ្នូរ​ កូរ៉េ​ខាង​ជើង​នឹង​ព្រម​ចូល​តុ​ចរចា ​ដើម្បី​បញ្ឈប់​ផលិត​មីស៊ីល​ និង​អាវុធ​នុយក្លេអ៊ែរ។

សំណើរ​នេះ ​ត្រូវ​បាន​លោកស្រី ​Nikki Haley ​អគ្គរដ្ឋ​ទូត​អាមេរិក​ ច្រាន​ចោល​ភ្លាម​ ហើយ​បាន​ចាត់​ទុក​ថា​ជា​សំណើរ​ដែល​មា​នន័យ​ "ជេរ​ប្រមាថ”។ លោកស្រី ​Nikki Haley ​បាន​លើក​ឡើង​ថា​ "ទង្វើ​របស់​កូរ៉េ​ខាងជើង ​គឺ​ជា​ការ​ដុត​ភ្លើង​សង្រ្គាម។ នៅ​ចំពោះមុខ​របបយូកូង​ផ្តាច់ការ ​កំរោល​​ចូល​ដូច​កូរ៉េ​ខាង​ជើង​នេះ​ យើង​ដាច់ខាត​ ត្រូវតែ​ប្រុង​​ប្រយ័ត្ន​ជានិច្ច "។

ដោយឡែក​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​កងទ័ព​កូរ៉េ​ខាង​ត្បូង ​បាន​ធ្វើការ​បាក់​សាកល្បង​គ្រាប់​ពិត ​នៅ​តំបន់​មាត់​សមុទ្រ ​ដើម្បី​ជា​ការ​កំញើញ​តបវិញ។ កូរ៉េ​ខាងត្បូង ​និង​អាមេរិក​ ក៏​បាន​ព្រម​ព្រៀង​គ្នា​ បំពាក់​បន្ថែម​នូវ​ប្រព័ន្ធ​ខែល​ការពារ​គ្រាប់​មីស៊ីល​ដែរ។

យ៉ាងណា​ក៏ដោយ ​អ្នក​វិភាគ​ស្ថានការណ៍​ជាច្រើន ​បាន​លើក​ឡើង​ថា ​ការ​ប្រើ​កម្លាំង​តប​វិញ ​គឺ​ជា​រឿង​មួយ​ខុស​ធ្ងន់ ​និង​គ្រោះថ្នាក់​ណាស់។ កូរ៉េ​ខាងជើង​កំពុង​ទ័លច្រក​ ហើយ​ត្រូវ​ការ​ការ​ចរចា​ ដើម្បី​ធានា​ពី​អាយុ​ជីវិត​របស់​របប​ដឹក​នាំ​ខ្លួន ​ ដូច្នេះ​ភាគី​ផ្សេង​ទៀត ​ត្រូវតែ​ពិចារណា​ឲ្យ​បាន​ច្បាស់ ​មុននឹង​សម្រេច​ធ្វើ​អ្វី​មួយ​ទៅ​តាម​ចិត្ត​ខឹង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ