អានតួអត្ថបទ
កូរ៉េខាងត្បូង

រដ្ឋអាជ្ញាកូរ៉េ​ខាងត្បូង ចោទ​លោក​ស្រី​ប៉ាក់ គុនហេ ជា​ផ្លូវការ ​ពី​បទ​ពុក​រលួយ

ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​បាន​ចាប់​លោកស្រី ​ប៉ាក់ គុនហេ​ ដាក់​ឃុំ​បណ្តោះ​អាសន្ន ​រដ្ឋអាជ្ញា​និង​ក្រុម​ស៊ើប​អង្កេត​ កូរ៉េ​ខាងត្បូង​ បាន​សម្រេច​កាល​ពី​ថ្ងៃ​ចន្ទ​ ​ទី១៧ មេសា​ ធ្វើការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ ទៅ​លើ​រូប​លោក​ស្រី ​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​ ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ​ព្រម​ទាំង​ ប្រើប្រាស់​អំណាច ​ឥទ្ធិពល​ខុស​ច្បាប់។ ចាប់​ពី​ពេល​នេះ​ទៅ ​ នីតិវិធី​ជំនុំ​ជំរះ ​ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ ​ ដែល​នឹង​ត្រូវ​ធ្វើ​ការ​កាត់​ក្តី ​លើ​សំណុំ​រឿង​នេះ។

លោកស្រី ប៉ាក់ គុនហេ ពេល​​ធ្វើ​ដំណើរ​ ទៅដល់​កន្លែង​ឃុំឃាំង​បណ្តោះ​​អាសន្ន នៅ​​ថ្ងៃ​ទី​៣០ មីនា ២០១៧
លោកស្រី ប៉ាក់ គុនហេ ពេល​​ធ្វើ​ដំណើរ​ ទៅដល់​កន្លែង​ឃុំឃាំង​បណ្តោះ​​អាសន្ន នៅ​​ថ្ងៃ​ទី​៣០ មីនា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

លោកស្រី​ប៉ាក់ គុនហេ ​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​ត្រូវ​បាន​រដ្ឋ​អាជ្ញា​ចោទ​ជា​ផ្លូវការ ​ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ​រំលោភ​អំណាច​ប្រើប្រាស់​ឥទ្ធិពល​ខុស​ច្បាប់ ​និង​ពី​បទ​ធ្វើ​ឲ្យ​ខូច​កិច្ចការ​សម្ងាត់​របស់​ជាតិ។ ទាំងនេះ ​គឺ​ជា​បទ​ចោទ​ប្រកាន់​ធ្ងន់ៗ​បំផុត ​ ដែល​ក្រុម​ការងារ​ស៊ើបអង្កេត​ បាន​សម្រេច​ប្រកាស​ផ្សាយ ​ កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​មេសា។

 
សំណុំ​រឿង​នេះ ​សង្កត់​ធ្ងន់​ទៅ​លើ​ករណី​រឿង​អាស្រូវ ​ដែល​ពាក់​ព័ន្ធ​រវាង​លោកស្រី ​ប៉ាក់ គុនហេ ​និង​ស្ត្រី​ជំនិត​ម្នាក់​ឈ្មោះ ​ឆយ ស៊ុនស៊ីល។ ស្រ្តីឈ្មោះ​ឆយ ស៊ុនស៊ីល​នេះ ​បច្ចុប្បន្ន​ស្ថិត​ក្នុង​នីតិវិធី​ជំនុំ​ជំរះ ​ដែល​តុលាការ​ចោទ​ប្រកាន់​ស្ត្រី​រូប​នេះ ​ ថា​បាន​បង្កើត​មូលនិធី២​ ដោយ​ប្រើ​ឈ្មោះ​ខ្លួន​ និង​លោក​ស្រី​ប៉ាក់ គុនហេ ​ដើម្បី​ជំរិត​ទារប្រាក់ ​ពី​ក្រុមហ៊ុន​សហគ្រាស​ធំៗ ​​ ជា​ថ្នូរ​នឹង​សម្បទាន​ផ្សេងៗ។ ទឹកប្រាក់​ដែល​គេ​សង្ស័យ ​ថា​ស្ត្រីនេះ​ប្រមូល​បាន​យក​ទៅ ​ចាយ​វាយ​ផ្ទាល់​ខ្លួន​ មាន​ប្រមាណ​ជា​៧០​លាន​ដុល្លារ។

ដោយឡែក ​ក្រុម​ស៊ើបអង្កេត ​កូរ៉េ​ខាងត្បូង ​ក៏​បាន​ទើប​ចោទ​ប្រកាន់​លោក​ប្រធាន​ក្រុមហ៊ុន​បណ្តាញ​ផ្សារ​ទំនើប​ Lotte​ របស់​កូរ៉េ​ខាង​ត្បូង ​ក្នុង​សំណុំ​រឿង​នេះ​ដែរ។ ក្រុមហ៊ុន​នេះ ​ត្រូវ​បាន​គេ​សង្ស័យ​ថា ​បាន​សូក​ប្រាក់​ប្រមាណ​ជា​ជិត​៦លាន​ដុល្លារ ​ទៅ​មូលនិធី​របស់​ស្ត្រី​ឈ្មោះ ​ឆយ ស៊ុនស៊ីល​ ដើម្បី​ជា​ថ្នូរ ​ឲ្យ​លោកស្រី​ប្រធានាធិបតី​ប៉ាក់​ គុនហេ ​អនុញ្ញាតិ​ឲ្យ​បើក​ហាង​ទំនិញ ​ដោយ​មិន​បាច់​ជាប់​ពន្ធ។ នេះ​គឺ​ជា​ប្រធាន​ក្រុម​ហ៊ុន​កូរ៉េ​ខាងត្បូង​ទី​២​ហើយ ​បន្ទាប់​ពី​នាយករង​ក្រុមហ៊ុន​ Samsung ​ដែល​ត្រូវ​បាន​ក្រុម​ស៊ើបអង្កេត​ សម្រេច​ចោទ​ប្រកាន់​ ក្នុង​សំណុំ​រឿង​នេះ​ដែរ។

សូមរំលឹកថា​ រឿង​អាស្រូវ​នេះ ​បាន​ធ្វើ​ឲ្យ​មហាជន​ ភ្លឺភ្នែក ​បាន​ដឹង​ពី​ទំនាក់ទំនង​យ៉ាង​ស្អិត​រមួត ​ និង​ស្មោគ​គ្រោគ ​រវាង​លោកស្រី​ប្រធានាធិបតី​ប៉ាក់ គុនហេ ​ជាមួយ​នឹង​ក្រុមហ៊ុន​គ្រាក់ៗ​ នៅ​កូរ៉េ​ខាងត្បូង។ ជាង​នេះ​ទៅ​ទៀត ​ គ្រប់គ្នា​បាន​ស្រង៉ាក​ចិត្ត ​នៅ​ពេល​បាន​ដឹង​ថា ​លោកស្រី​ប៉ាក់ គុនហេ ​បាន​បណ្តោយ ​យក​កិច្ច​ការ​រដ្ឋ​ មិន​ថា​ការ​តែងតាំង​មន្ត្រី​មុខ​តំណែង​ធំៗ ​រឺ​ក៏​សេចក្តី​សម្រេច​សំខាន់ៗ​ យក​ទៅ​សួរ​យោបល់​ ​ពី​ស្រ្តី​ឈ្មោះ ​ឆយ ស៊ុនស៊ីល ​ទាំង​ដែល​ស្ត្រី​រូប​នោះ ​គ្មាន​មុខ​តំណែង​អ្វី​សោះ។ លោកស្រី ​ប៉ាក់ គុនហេ គឺ​ជា​​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ទី​បី​ហើយ​ ដែល​ត្រូវ​តុលាការ​ចោទ​ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ