អានតួអត្ថបទ
ជប៉ុន

រញ្ជួយដី​នៅ​ភាគ​ខាង​ត្បូង​ជប៉ុន

ប្រទេស​ជប៉ុន​បាន​ជួប​គ្រោះ​រញ្ជួយដី ​នៅ​វេលា​ម៉ោង​ប្រែល​ជា​៩ ​និង​៣០​នាទី​យប់ ​កាល​ពី​ថ្ងៃទី​១៤​ មេសា ​នៅ​ភាគ​ខាងត្បូង​ប្រទេស ​ក្នុង​ស្រុក​គូម៉ាម៉ូតូ​ ដែស​ស្ថិត​លើ​កោះ​ឃ្យូស៊ូ។ រហូត​មក​ត្រឹម​ពេល​នេះ ​ចំនួន​មនុស្ស​ស្លាប់ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ចំនួន​៩នាក់ ​តែ​អ្នក​របួស​មាន​ជាង​៨០០​នាក់​ ដែល​ក្នុង​នោះ ​ជាង​៥០​នាក់ ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។ ប្រជាជន​ប្រមាណ​ជា​៤៤០០០​នាក់ ​កំពុង​តែ​ស្ថិត​នៅ​ជួបជុំគ្នា​ នៅ​ក្នុង​ទីវាល ​ដោយ​ក្រែង​មាន​ការ​រំជួយ​ជាថ្មី​ធ្វើ​ឲ្យ​បាក់​ស្រុត​អាគារ។

ផ្ទះស្រុតរលំ ដោយសាររញ្ជួយដី​នៅយប់ថ្ងៃព្រហស្បតិ៍ ទៅ​១៤ មេសា​២០១៦ ​នៅស្រុក​ គូម៉ាម៉ូតូ
ផ្ទះស្រុតរលំ ដោយសាររញ្ជួយដី​នៅយប់ថ្ងៃព្រហស្បតិ៍ ទៅ​១៤ មេសា​២០១៦ ​នៅស្រុក​ គូម៉ាម៉ូតូ REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

សំណង់​អាគារ​ ផ្ទះ​សម្បែង ​ដែល​ភាគ​ច្រើន​សង់​ពី​ឈើ ​នៅ​ក្នុង​ស្រុក​គូម៉ាម៉ូតូ​ បាន​ដួល​រលំ​ស្ទើតែ​ទាំងស្រុង ​ដោយសារ​គ្រោះ​រញ្ជួយដី ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៩ ​និង​២៦​នាទី​យប់។ គ្រោះ​រញ្ជួយដី ​ដែល​មាន​កំរិត​ប្រមាណ​ជា​ ៦,៥​ រិចទើរ ​បាន​បង្ករ​ឲ្យ​មាន​រំញោច ​ដល់​ទៅ​១២៣​ដង ​ក្នុង​វេលា​យប់​ថ្ងៃ​ព្រហស្បតិ៍ ​នេះ​បើ​តាម​ការ​ផ្តល់​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ធរណីវិទ្យា​របស់​ជប៉ុន។ ក៏​ប៉ុន្តែ​ករណី​រញ្ជួយ​ដីនេះ​ ផ្តើម​ចេញ​ពី​ស្នាម​ប្រេះ​ដំបូង​ ដែល​មាន​ជំរៅ​ប្រមាណ​តែ​១១​គីឡូម៉ែត្រ ​តែ​ប៉ុណ្ណោះ។

 
ប្រជាជន​ប្រមាណ​ជា​ជាង​៤ម៉ឺន​នាក់ ​ដែល​បាត់បង់​ផ្ទះ​សំបែង ​បាន​នាំគ្នា​ជួបជុំ​គ្នា​នៅ​ទីវាល ​ទាំង​កណ្តាល​យប់ ​ហើយ​មួយ​ចំនួន​ធំ​ត្រូវ​បាន​ទទួល​ឲ្យ​សំរាក​នៅ​តាម​មណ្ឌល​ទទួល​ជនរងគ្រោះ ​ដើម្បី​បញ្ចៀស​ពី​ការ​បាក់​ស្រុត​អាគារ​ថ្មី​ផ្សេងទៀត។ ផ្ទះ​១៤០០០​ខ្នង​ ត្រូវ​រង​ការ​ខូច​ខាត ​ដោយ​គ្មាន​ភ្លើង​អគ្គីសនី ​បណ្តាញ​ហ្គាស ​និង​ទឹកស្អាត​ត្រូវ​បាន​កាត់ផ្តាច់។ ដោយ​ឡែក​ប្រាសាទ​បុរាណ​មួយ ​ដែល​មាន​ចំណាស់​៤០០​ឆ្នាំ ​ក៏​បាន​រង​ការ​ខូចខាត​មួយ​ផ្នែក​ផង​ដែរ។ ទូរថភ្លើង​ល្បឿន​លឿន​មួយ​ខ្សែរ ​ត្រូវ​បាន​ខ្ទាត​ធ្លាក់​ពី​ផ្លូវ​ដែក​ ក៏​បន្តែ​មិនមាន​អ្នក​ដំណើរ​នៅ​ក្នុង​នោះ​ទេ។ សេវា​ដឹក​ជញ្ជូន​ផ្លូវដែក ​ក្នុង​តំបន់​នោះ ​ត្រូវ​បាន​ផ្អាក ​ដូចគ្នា​នឹង​ចរាចរណ៍​ផ្លូវថ្នល់​ផងដែរ​ ដែល​រង​ការ​ខូចខាត​យ៉ាង​ដំណំ។

រដ្ឋាភិបាល​ជប៉ុន​ បាន​ធ្វើការ​ប្រកាស​អាសន្ន​ភ្លាមៗ ​ហើយ​បាន​បញ្ជូន​កម្លាំង​សង្រ្គោះ​ប្រមាណ​ជា​៦៥០០​នាក់​ ទៅដល់​តំបន់​ដែល​មាន​គ្រោះថ្នាក់។ ចំណែក​សហគ្រាស​ធំៗ​របស់​ជប៉ុន​ ដែល​មាន​ទីតាំង​ក្នុង​តំបន់​រញ្ជួយដី ​មាន​ដូចជា ​ក្រុមហ៊ុន​Toyota​ Bridgeston​ Honda ​និង​ Sony​ ជាដើម​ បាន​សម្រេច​បិទទ្វារ​ ផ្អាក​ការ​ផលិត​នៅ​ថ្ងៃ​សុក្រ​នេះ ​ដើម្បី​ធ្វើការ​បូក​សរុប​ការ​ខូចខាត។
 

សូម​បញ្ជាក់​ថា ​អ្វីដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​អាជ្ញាធរ​ជប៉ុន​ គឺ​ស្ថានីយ៍​ផលិត​ថាមពល​នុយក្លេអ៊ែរ​ ២​កន្លែង ​ដែល​មាន​ទីតាំង​នៅ​មិន​ឆ្ងាយ​ពី​តំបន់​កើតហេតុ។ យោង​តាម​ព័ត៌មាន​បឋម​ ស្ថានីយ៍​ទាំង​នោះ​ មិន​បាន​ទទួល​រង​ការ​ខូចខាត​ទេ។

ប្រជាជន​ជប៉ុន​នៅ​ចាំ​មិន​ទាន់​ភ្លេច​ទេ ​កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១១​ ដែល​មាន​រញ្ជួយដី​នៅ​ហ្វូគូឈីម៉ា ​បង្ករ​ជា​រលក​ស៊ូណាមី ​ហើយ​បាន​វាយ​កម្ទេច​រោងចក្រ​ផលិត​ថាមពល​នុយក្លេអ៊ែរ​​ពីរ​កន្លែង។ គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ ​បង្ករ​ឡើង​ដោយ​ការ​រញ្ជួយដី​ ​រឺ​រលក​ស៊ូណាមី ​ស្ថិត​នៅ​ក្នុង​ការ​ភ័យខ្លាច​របស់​ប្រជាជន​ជប៉ុន​ជានិច្ច។ តែ​យ៉ាងណាក៏​ដោយ​ យោង​តាម​អ្នក​ជំនាញ ​ការ​រញ្ជួយ​នៅ​តំបន់​ គូម៉ាម៉ូតូ​លើក​នេះ ​គឺ​មាន​កំរិត​ខ្សោយ​ជាង​ខ្លាំង ​បើ​ប្រៀបធៀប​ទៅ​ករណី​រញ្ជួយ​កាល​ពី​ឆ្នាំ​២០១១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ