អានតួអត្ថបទ
ចិន-អាមេរិក

ប្រធានាធិបតី​ចិន ប្រាប់​រដ្ឋមន្ត្រី​ការពារជាតិអាមេរិក​ថា ចិន​មិនឲ្យ​បាត់ទឹក​ដី​សូម្បី​១ចង្អាម

លោក Jim Mattis រដ្ឋមន្ត្រីការពារជាតិអាមេរិក បានទៅដល់ទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃពុធ ទី២៧មិថុនា ជាទីដែលលោក បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិ ព្រមទាំងលោកប្រធានាធិបតីចិន ស៊ី ជីនពីង។ នេះគឺទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លើកទីមួយហើយ បើគិតពីឆ្នាំ២០១៤មក។ លោកប្រធានាធិបតីចិន បានថ្លែងប្រាប់ទៅរដ្ឋមន្ត្រីការពារជាតិអាមេរិកថា ចិនមិនមានចេតនាវាទីទេ តែចិននឹងធ្វើគ្រប់យ៉ាង ដើម្បីកុំឲ្យបាត់បងទឹកដី សូម្បីទេមួយចង្អាម។

លោករដ្ឋមន្ត្រីការពារចិនWei Fenghe និងរដ្ឋមន្ត្រី​ការពារជាតិ​​​អាមេរិក Jim Mattis ដើរ​ត្រួតពល នៅ​ក្រុង​ប៉េកាំង ថ្ងៃ​ទី​​២៧ មិថុនា ​២០១៨
លោករដ្ឋមន្ត្រីការពារចិនWei Fenghe និងរដ្ឋមន្ត្រី​ការពារជាតិ​​​អាមេរិក Jim Mattis ដើរ​ត្រួតពល នៅ​ក្រុង​ប៉េកាំង ថ្ងៃ​ទី​​២៧ មិថុនា ​២០១៨ Mark Schiefelbein/Pool via Reuters
ផ្សាយពាណិជ្ជកម្ម

នៅវិមានប្រជាជនចិន លោក Jim Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានចូលទៅជួប លោកស៊ីជីនពីង។ បន្ទាប់ពីបានអះអាងថា ទំនាក់ទំនងរវាងចិន និងអាមេរិក គឺជាទំនាក់ទំនងដ៏សំខាន់​បំផុត លោកស៊ី ជីនពីង បានបន្ថែមថា ចិនបានប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីរក្សាស្ថិរភាព និងសន្តិភាព ក្នុងពិភពលោក។​ ក៏ប៉ុន្តែ ចិនមិនអាចបណ្តោយឲ្យបាត់បង់ទឹកដី ដែលដូនតារបស់ខ្លួន បានបន្សល់ទុកឲ្យឡើយ កុំថាឡើយមួយចង្អាម។

សម្តីរបស់លោក ស៊ី ជីនពីងនេះ គឺត្រូវបានយល់ថា គាត់ចង់សំដៅទៅដល់កោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន។ ផ្ទុយទៅវិញ អាមេរិក តែងតែងលួចលាក់ជួយទំនុកបំរុងផ្នែកកងទ័ព ជួយរដ្ឋបាលតៃវ៉ាន់ ក្នុងការពារពារខ្លួន តទល់ជាមួយចិន។

ចំណែកលោក រដ្ឋមន្ត្រីការពារជាតិចិនវិញ បានថ្លែងទៅកាន់សហភាគីអាមេរិកថា  ចិនមានបំណងពង្រឹងសន្តិសុខ សហប្រតិបត្តិការក្នុងវិស័យការពារជាតិ ដោយសន្តិភាព ដើម្បីតែការពារអធិបតេយ្យភាព របស់ខ្លួនតែប៉ុណ្ណោះ។ លោកបន្តថា ចិន និងអាមេរិក មិនត្រូវប្រឈមមុខដាក់គ្នាបានទេ មិនថាវិស័យកងទ័ព ឬវិស័យផ្សេងក៏ដោយ។ ផ្ទុយទៅវិញ គឺត្រូវតែគោរពគ្នា ទើបអាចទទួលផលល្អទាំងសងខាងបាន។

ដោយឡែក លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានថ្លែងប្រាប់អ្នកកាសែតថា កិច្ចសន្ទនារវាងលោក និងមេដឹកនាំចិនទាំងពីរ បានប្រព្រឹត្តិធ្វើទៅ ដោយរលូន ក្នុងបរិយាកាសល្អបំផុត។ លោកបញ្ជាក់ថា ភាគីអាមេរិក បាននិយាយដោយត្រង់ជាមួយភាគីចិន អំពីការព្រួយបារម្ភ ទាក់ទិននឹងសកម្មភាពវាទី នៅក្នុងសមុទ្រចិនខាងត្បូង។ លោក Jim Mattis បានអញ្ជើញលោកWei Fenghe រដ្ឋមន្ត្រីការពារជាតិចិត ឲ្យទៅធ្វើទស្សនកិច្ចនៅ មន្ទីរប៉ង់តាហ្គោនទៀតផង។ តែទន្ទឹមគ្នានេះ អាមេរិកទើបតែបានសម្រេចចិត្ត មិនអញ្ជើញកងទ័ពចិន ឲ្យចូលរួមក្នុងការធ្វើសមយុទ្ធកងទ័ពជើងទឹកអន្តរជាតិ ដែលរៀបដឹកនាំដោយកងទ័ពអាមេរិកទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ