អានតួអត្ថបទ
រ៉ូហ៊ីងយ៉ា

ភូមា៖ មន្ត្រីការ​ទូត​អាមេរិក​ លាចេញ​ពី​គណៈកម្មការ​ប្រឹក្សា​យោបល់​​ស្តីពី​វិបត្តិ​រ៉ូហ៊ីងយ៉ា

លោក Bill Richardson មន្ត្រីទូតអាមេរិក ដែលជាសមាជិក ក្នុងគណៈកម្មការប្រឹក្សាយោបល់ ស្តីពីវិបតិ្តជនជាតិរ៉ូហ៊ីងយ៉ា នៅភូមា ទើបបានលាឈប់ពីគណកម្មការនេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៥មករានេះ។ បើតាមការឲ្យដឹងពីមន្ត្រីទូតអាមេរិករូបនេះ លោកលាឈប់​ ដោយសារតែលោកសង្កេតឃើញថា លោកស្រីអ៊ុងសាន ស៊ូជី ពុំមានមនសិកាដឹកនាំ ឲ្យមានដំណោះស្រាយណាមួយ ជួយដល់សហគមជនជាតិ រ៉ូហ៊ីងយ៉ា ទាល់តែសោះ។

លោក Bill Richardson ពេល​ផ្តល់​បទ​សម្ភាសន៍​ឲ្យ ​​Reuters នៅ​ក្រុង​​រ៉ង់ហ្គូន ថ្ងៃទីី២៥ មករា ២០១៧​
លោក Bill Richardson ពេល​ផ្តល់​បទ​សម្ភាសន៍​ឲ្យ ​​Reuters នៅ​ក្រុង​​រ៉ង់ហ្គូន ថ្ងៃទីី២៥ មករា ២០១៧​ REUTERS/Ann Wang
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបានចូលរួមជជែកពិភាក្សា អស់រយៈពេល៣ថ្ងៃ ក្នុងក្របខណ្ឌនៃគណៈកម្មការពិសេសមួយ​ ដែលគេបានបង្កើតឡើង ដើម្បីប្រឹក្សាយោបល់ស្តីពីស្ថានភាពនៅរដ្ឋរ៉ាឃីន ព្រមទាំងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ានោះ លោក Bill Rechardson មន្ត្រីទូតអាមេរិក​ ដែលជាសមាជិកនោះ ទើបតែបានប្រកាសលាលែងចេញពីក្រុមការងារនេះ ទាំងក្តីខកចិត្តជាទីបំផុត។

លោក Rechardson បានសរសេរនៅក្នុងលិខិតប្រកាសរបស់លោកថា​លោកមានការព្រួយណាស់ ដោយសង្កេតឃើញថា លោកស្រីអ៊ុងសាន ស៊ូជី ពុំមាន “មនសិកាដឹកនាំ” ការជជែកប្រឹក្សាយោបល់ ដើម្បីឈានទៅរកដំណោះស្រាយទាល់តែសោះ។ លោកបន្ថែមថា លោកបារម្ភ ក្រែងតែគណៈកម្មការពិសេសនេះ គ្រាន់តែបង្កើតឡើងឲ្យល្អ យកតែមុខ ដើម្បីបំភ័ន្តភ្នែកមតិសាធារណៈអន្តរជាតិតែប៉ុណ្ណោះ ដែលធាតុពិត គណៈកម្មការនេះ គ្មានភាពស្មោះត្រង់ មិនព្រមកំរើក ដើម្បីស្វែងរកដំណោះស្រាយ​ពិតប្រាកដ ជាក់ស្តែងណាមួយ ស្តីពីការសង្រ្គោះ និងការពារសិទ្ធិប្រជាជនរ៉ូហ៊ីងយ៉ា នោះទេ។

លោក​បានឆ្លៀតបន្ថែមថា ដរាបណា អាជ្ញាធរភូមា នៅតែរឹងទទឹង មិនព្រមផ្លាស់ប្តូរគោលនយោបាយ បញ្ចប់អំពើហិង្សា ការធ្វើទុក្ខបុកម្នេញទៅលើជនជាតិរ៉ូហ៊ីងយ៉ា នោះសន្តិភាពនឹងគ្មានឡើយ។ ជា​ចុងក្រោយ លោកលើកឡើងថា លោកខកចិត្តជាទីបំផុត នៅពេលដែលបានស្តាប់ សម្តីឆ្លើយប្រកែកយ៉ាងសោះកក្រោះ​ របស់លោកស្រីអ៊ុងសាន ស៊ូជី នៅពេលដែលគេចាប់ផ្តើមនិយាយ ពីការទាមទារឲ្យដោះលែង អ្នកកាសែត២នាក់ ដែលធ្វើការស៊ើបអង្កេតពីករណីកាប់សម្លាប់ជនជាតិរ៉ូហ៊ីយ៉ា។

សូមរំលឹកថា អ្នកកាសែតភូមា២នាក់ ដែលធ្វើការឲ្យទីភ្នាក់ងារព័ត៌មាន Reuters ត្រូវបានអាជ្ញាធរភូមាចាប់ខ្លួន ក្នុងពេលដែលអ្នកទាំង២ កំពុងតាមដានស្រាវជ្រាវ ស្តីពីករណីឃាតកម្ម លើប្រជាជនរ៉ូហ៊ីងយ៉ា។ ដោយ​​ជាប់​ចោទពីបទ កាន់កាប់​ឯកសារសំងាត់របស់រដ្ឋ អ្នកកាសែតទាំង២នាក់ អាចប្រឈមមុខ នឹងទោសជាប់ពន្ធនាគារ រហូតដល់១៤ឆ្នាំ។

ជំរំ ដែលភូមា​សាងសង់ ដើម្បិ​យក​​ប្រជាជន​រ៉ូហ៊ីងយ៉ា ​ជាង​៧សែន​នាក់ ទៅទុក
ជំរំ ដែលភូមា​សាងសង់ ដើម្បិ​យក​​ប្រជាជន​រ៉ូហ៊ីងយ៉ា ​ជាង​៧សែន​នាក់ ទៅទុក Reuters

ដោយឡែក គំរោងបញ្ជូនជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ឲ្យត្រលប់មកភូមាវិញ ដែលត្រូវចាប់ផ្តើមអនុវត្ត តាំងតែ ពីថ្ងៃទី២៣មករា កំពុងតែជួបការរាំងស្ទះ មិនអាចអនុវត្តបាននៅឡើយ។ អង្គការមនុស្សធម៌ ក៏ដូចជាអង្គការសហប្រជាជាតិ បានបរិហារថា គេមិនអាចបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាង៧សែននាក់ ឲ្យត្រលប់ទៅភូមាវិញទេ ដរាបណា ភូមាមិនធានាសន្តិសុខ និងសិទ្ធិរបស់ពួកគេ។ ជាងនេះទៅទៀត ភូមា​មានផែនការយកពួកគេទៅទុកចោលក្នុងជំរំ ដោយពុំមានបំណងបញ្ជូនពួកគេទៅភូមិស្រុក និងប្រគល់ដីស្រែចំការ ឲ្យពួកគេវិញទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ