អានតួអត្ថបទ
ម៉ាឡេស៊ី

ឃាតកម្មលើ​​ គីម ជុងណាម៖ ស្ត្រី​ជាប់ចោទ​ទាំងពីរ​អះអាង​ថា​គ្មាន​កំហុស ​នៅ​ចំពោះ​មុខ​តុលាការ

សវនាការ​ជំនុំ​ជំរះ​លើ​រូប​ស្រ្តី​ជាប់ចោទ​ពីររូប ​ទាក់ទិន​នឹង​ឃាតកម្ម​ដ៏​សាហាវ ​ទៅ​លើ​រូប​លោក ​គីម ជុងណាម ​បងប្រុស​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង ​បាន​ចាប់ផ្តើម​បើក​ទ្វារ​ហើយ ​នៅ​ឯ​តុលាការ​ជាយ​ក្រុង​កូឡាឡំពួរ ​ប្រទេស​ម៉ាឡេស៊ី។ ស្ត្រី​ជាប់ចោទ​ទាំង​ពីរ​ ម្នាក់​ជា​ជនជាតិ​ឥណ្ឌូណេស៊ី ​និង​ម្នាក់​ទៀត ​ជា​ជនជាតិ​វៀតណាម​ បាន​ឆ្លើយ​ចំពោះ​មុខ​តុលាការ ​ថា​ខ្លួន​គ្មាន​ទោស​កំហុស​ទេ។

ស្ត្រីឈ្មោះ Siti Aisyahដែលគេចោទ​ថាបានសម្លាប់ លោក Kim Jong Nam ត្រូវនគរបាល​បញ្ជូន​ឡើងតុលាការ​ ថ្ងៃទី២ តុលា ២០១៧
ស្ត្រីឈ្មោះ Siti Aisyahដែលគេចោទ​ថាបានសម្លាប់ លោក Kim Jong Nam ត្រូវនគរបាល​បញ្ជូន​ឡើងតុលាការ​ ថ្ងៃទី២ តុលា ២០១៧ REUTERS/via Reuters TV
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោច​ណាស់ ​មាន​នគរបាល​ប្រមាណ​ជា​២០០​នាក់ ​ដែល​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ ឲ្យ​ការពារ​សន្តិសុខ ​ជុំវិញ​តុលាការ​ជាន់​ខ្ពស់​ ​នៃ​តំបន់​ Shah Alam ​ស្ថិត​នៅ​ជាយ​ក្រុង​កូឡាឡំពួរ។ គឺទីនេះ​ ដែល​នឹង​ត្រូវ​បើក​សវនាការ​ដើម្បី​ជំនុំជំរះ​ លើ​រូប​ស្ត្រី​ជាប់ចោទ​ពីរ​រូប ​ពីបទឃាតកម្មលើរូប​លោក​គីម ជុងណាម។

ស្ត្រី​ទីមួយ​ឈ្មោះ​ Siti Aisyah​ ជនជាតិ​ឥណ្ឌូណេស៊ី​ អាយុ​២៥ឆ្នាំ ​រីឯ​ស្ត្រី​ទីពីរ​ឈ្មោះ ​ Thi Huong ​ជន​ជាតិ​វៀតណាម ​អាយុ​២៩​ឆ្នាំ។ ស្ត្រី​ទាំង​ពីរ​ត្រូវ​បាន​គេ​បញ្ជូន​មក​ដល់​អង្គ​សវនាការ​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​២​ តុលា ​ដៃជាប់​ខ្នោះ ​និង​ដោយ​មាន​ពាក់​អាវ ​ការពារ​គ្រាប់​កាំភ្លើង​​​ទៀតផង។ ដោយ​មាន​ជំនួយ​ពី​អ្នក​បកប្រែ​ភាសា​រៀងៗ​ខ្លួន ​ ស្ត្រី​ជាប់ចោទ​ទាំង​ពីរ​រូប​ បាន​ឆ្លើយ​ថា ​ខ្លួន​គ្មាន​ទោស​កំហុស​អ្វី​ទេ។ គេទាំង​ពី នៅ​តែ​បន្ត​អះអាង ​ថា​ពួក​គេ ​ត្រូវ​គេ​បោកប្រាស់​ ដោយ​កុហក​ថា​មក​សម្តែង​ក្នុង​ការ​ថត ​នូវ​កម្មវិធី​កម្សាន្ត​របស់​ទូរទស្សន៍។

សូមរំលឹកថា ​លោក​គីម ជុងណាម ​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ នៅ​ព្រលាន​យន្តហោះ ​ក្រុង​កូឡាឡំពួរ ​កាលពី​ថ្ងៃ​ទី១៣​ កុម្ភះ ​ដោយ​ប្រើ​សារធាតុ​ពុល​ម្យ៉ាង ​ដ៏​​សាហាវ​បំផុត​ ដែល​អាច​សម្លាប់​ប្រព័ន្ធ​សរសៃ​ប្រសាទ ​ក្នុង​ពេល​ដ៏​ខ្លី។ ​ឃាតកម្ម​លើ​រូប​លោក ​គីម ជុងណាំ ​នៅ​លើ​ដី​ម៉ាឡេស៊ី ​បាន​ធ្វើ​ឲ្យ​កើត​ជា​វិបត្តិ​ការទូត​រវាង​ម៉ាឡេស៊ី ​និង​កូរ៉េ​ខាងជើង។ ប្រទេស​ទាំងពីរ​បាន​កោះហៅ​មន្ត្រី​ទូត​រៀងៗ​ខ្លួន ​ហើយ​បាន​ហាមឃាត់​ប្រជាជន​ខ្លួន​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ទាំង​សង​ខាង។

ឃាតកម្ម ​ដ៏​សាហាវ​នេះ ​បាន​ចោទ​ជា​សំណួរ​ជា​ច្រើន​​ តួយ៉ាង ​អំពី​កត្តា​សន្តិសុខ​នៅ​ប្រលាន​យន្តហោះ​កូឡាឡំពួរ ​ដែល​គេ​អាច​យក​សារធាតុ​ពុល ​ដ៏​កាច​សាហាវ​បែប​នេះ​ចូល​ទៅ​បាន។​ សំណួរ​មួយ​ទៀត​នោះ​ ​គឺ​ថា​​តើ​ ស្ត្រី​ជាប់ចោទ​ទាំង​ពីរ​រូប​ ដែល​សុទ្ធតែ​ជា​អ្នក​ធ្វើការ​ចំណាក​ស្រុក ​គ្មាន​លិខិត​ស្នាម​នៅ​ម៉ាឡេស៊ី​នោះ ​អាច​មាន​លទ្ធភាព​ស្វែងរក​សារធាតុពុល​ដ៏​កំរ​នេះ ​​បាន​ដោយ​របៀបណា ​ហើយតើ​ពួកគេ​ទាំង​ពីរ​ សម្លាប់​ គីម ជុងណាម​​ក្នុង​គោល​បំណង​អ្វី?

ព្រះរាជ​អាជ្ញា​ម៉ាឡេស៊ី ​បាន​សង្កត់​ធ្ងន់​លើ​ការ​ចោទ​ប្រកាន់​ ដោយ​បាន​បង្ហាញ​នូវ​រូបភាព​វីដេអូ ​ក្នុង​ពេល​កើត​ហេតុ ​ដែល​គេ​ឃើញ​រូបស្រ្តី​ទាំង​ពីរ​ បាន​ធ្វើ​សកម្មភាព​ យក​សារធាតុ​ពុល​ ទៅ​​ជះ​ពី​លើ​មុខ​ជន​រងគ្រោះ។ ស្ត្រី​ជាប់ចោទ​ទាំងពីរ​ អាច​ប្រឈម​មុខ​ នឹង​ទោស​ប្រហារ​ជីវិត។ ចៅក្រម​ម៉ាឡេស៊ី ​បាន​អះអាង​ថា​ ស្ត្រី​ទាំង​ពីរ​នឹង​ទទួល​បាន​នូវ​ការ​ជំនុំ​ជំរះ​ប្រកបដោយក្រិត្យក្រមយុត្តិធម៌។​

តែ​យ៉ាងណា​ មេធាវី ​របស់​ស្រ្តី​ជាប់​ចោទ​ទាំង​ពីរ​ បាន​លើក​ឡើង​ថា ​ឃាតករ​ពិត​ប្រាកដ ​គឺ​ជា​ក្រុម​បណ្តាញ​សំងាត់​របស់​កូរ៉េ​ខាងជើង ​ឯណោះ​ទេ។ មនុស្ស​ទាំង​នោះ ​បាន​រត់​គេច​ទៅ​កូរ៉េ​ខាង​ជើង​វិញ​អស់​ហើយ។ ចំណែក​កូនក្តី​ខ្លួន​​ទាំង​​ពីរ​​រូប​ គ្រាន់​តែត្រូវ​គេ​បោក​ប្រើ​តែ​ប៉ុណ្ណោះ។ មេធាវី​ស្ត្រី​ជាប់ចោទ ​និយាយ​បន្ត​ថា ​ការ​ដែល​តុលាការ​ម៉ាឡេស៊ី ​ចោទ​ប្រកាន់​ស្ត្រី​ទាំង​ពីរ​រូប​ គឺ​ជា​ចេតនា​ចង់​រក​អ្នក​ទទួល​ខុសត្រូវ​ ឲ្យ​ខាង​តែ​បាន ​ដើម្បី​បិទ​បញ្ចប់​រឿង​នេះ ​បើ​ទោះ​បី​អ្នក​នោះ​មិនមែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ​ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ