អានតួអត្ថបទ
MH370

MH370៖ របាយការណ៍​ចុងក្រោយ​របស់​ក្រុម​ស្រាវជ្រាវ​អូស្ត្រាលី ​បញ្ជាក់​ពី​បរាជ័យ​ក្នុង​ការ​រុករក​យន្តហោះ

ក្រុម​ការងារ​ស្រាវជ្រាវ​អូស្ត្រាលី ​ដែល​សហការ​ក្នុង​ការ​រុករក​យន្តហោះ ​ម៉ាឡេស៊ី ​ជើង​ហោះហើរ​លេខ​ MH370​ ដែល​បាន​បាត់​កាល​ពី​ឆ្នាំ​២០១៤​នោះ ​ទើប​បាន​ចេញ​របាយការណ៍​ចុងក្រោយ​ របស់​ខ្លួន​ នៅ​ថ្ងៃអង្គារ​ ទី៣ ​តុលា​នេះ។​ យោង​តាម​របាយការណ៍​នេះ ​ ក្រុម​ការងារ​អូស្ត្រាលី ​បាន​ត្រឹម​តែ​បញ្ជាក់ ​ពី​បរាជ័យ ​ក្នុង​ការ​រុករក​យន្តហោះ​នេះ​ តែប៉ុណ្ណោះ។ សម្រាប់​ក្រុម​ការងារ ​វា​គឺ​ជា​រឿង​មួយ ​មិន​អស់​ចិត្ត​សោះ ​និង​មិន​អាច​ទទួល​យក​បាន​ទេ ​ដែល​យន្តហោះ​មួយ​ទាំងមូល ​បាត់​ស្រមោល​ឈឹង​សូន្យ​បែបនេះ។

ស្ត្រី​សមាជិក​​គ្រួសារ​​ជន​រងគ្រោះ ​នៃ​យន្តហោះ MH370
ស្ត្រី​សមាជិក​​គ្រួសារ​​ជន​រងគ្រោះ ​នៃ​យន្តហោះ MH370 REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ដឹក​អ្នក​ដំណើរ ​របស់​ក្រុមហ៊ុន ​Malaysia Airlines ​ជើង​ហោះហើរ​លេខ ​MH370 ​បាន​បាត់​ដំណឹង​នៅ​ថ្ងៃ​ទី ​៨ ​ខែ​មីនា ​ឆ្នាំ​២០១៤ ​ដោយ​នាំ​យក​ទៅ​ជាមួយ ​នូវ​ជីវិត​មនុស្ស​ចំនួន​២៣៩​នាក់។ យន្តហោះ​ដ៏​ទំនើប​ ប្រភេទ​Boeing777 ​បាត់​ស្រមោល​ឈឹងសូន្យ​ ដោយ​គ្មាន​ទុក​ដាន​បែប​នេះ ​ ​គឺ​ជា​រឿង​មួយ​ដ៏​អាថ៌កំបាំង​បំផុត ​ ក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍​ស៊ីវីល។

ក្រុម​ការងារ​ស្រាវជ្រាវ​អូស្ត្រាលី ​ATSB ​ដែល​សហការ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី ​ទើបតែ​បាន​ចេញ​របាយការណ៍​ចុងក្រោយ​បង្អស់​របស់​ខ្លួន ​ស្តីពី​លទ្ធផល​នៃ​ការ​រុករក​សាកសព​យន្តហោះ​នេះ​។ ក្រុម​ការងារ​នេះ ​គ្មាន​ពាក្យ​អ្វី​នឹង​ថ្លែង​ក្រៅ ​តែ​ពី​បញ្ជាក់​ពី​ការ​អស់​សង្ឃឹម ​ ដែល​ការ​រុករក ​នៅតែ​បរាជ័យ ​អស់​រយៈពេល​ជាង​៣ឆ្នាំ​មក​នេះ។

ក្រុម​ការងារ ​ATSB ​ បាន​លើកឡើង​ថា ​ ដ៏រាប​ណា​ នៅ​តែ​រក​យន្តហោះ​មិន​ទាន់​ឃើញ ​ នោះ​គេ​មិន​អាច​សន្និដ្ឋាន​ពី​មូល​ហេតុ​ពិត​ប្រាដក ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​ទេ។ បន្ថែម​ពី​នេះ ​ របាយការណ៍​ដែល​មាន​កំរាស់​ ៤៤០​ទំព័រ​នេះ ​បាន​បន្ត​ថា​ វា​ជា​រឿង​មួយ​ដែល​មិន​គួរ​ឲ្យជឿ ​ មិន​អាច​ទទួល​យក​បាន ​ និង​មិន​អស់​ចិត្ត​ទាល់​តែ​សោះ ​ដែល​ក្នុង​សម័យ​បច្ចេកវិទ្យា​ដ៏​ទំនើប ​ក្នុង​សតវត្សទី​២១​នេះ ​ យន្តហោះធំ​ ដ៏​ទំនើប​មួយ​ បាន​បាត់​ដាន​ស្រមោល ​ដោយ​មិនអាច​ស្វែង​រក​ឃើញ​បែប​នេះ។

គួរ​រំលឹក​ថា ​ ប្រតិបត្តិការ​ស្រាវជ្រាវ​រុករក​យន្តហោះ ​MH370​ បាន​ចាប់ផ្តើម​ឡើង​ ជាមួយ​នឹង​លក្ខខណ្ឌ​ដ៏​លំបាក​បំផុត​ ដោយសារ​ក្រុម​ការងារ​ ពុំមាន​ព័ត៌មាន​ ឬ​ទិន្ន័យ​អ្វី​ច្រើន ​ស្តីពី​យន្តហោះ​នេះ​ទេ។ ជា​បឋម​ ក្រុម​ការងារ​រុករក​ បាន​កំណត់​ទីតាំង​ធ្លាក់ ​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា ​ភាគ​ខាង​ត្បូង ​ក្នុង​រង្វង់​ប្រមាណ​ជា ​២៥០០០ ​គីឡូម៉ែត្រ ​ក្រឡា ​មុន​នឹង​ពង្រីក​ រហូត​ដល់ ​១២០០០០ ​គីឡូម៉ែត្រ​ក្រឡា។ តែ​បើ​តាម​ការ​សន្និដ្ឋាន ​របស់​ទីភ្នាក់ងារ​​អូស្ត្រាលី ​ដើម្បី​ការ​ស្រាវជ្រាវ ​CSIRO ​ យន្តហោះ ​MH370 ​អាច​ស្ថិត​នៅ​ភាគ​ខាង​ជើង​បង្អស់​ នៃ​តំបន់​រុករក​តំបូង​បំផុត។ រហូត​មក​ទល់​ពេល​នេះ ​ មាន​បំណែក​យន្តហោះ ​MH370​នេះ ​តែ៣​ដុំ​ប៉ុណ្ណោះ ​ដែល​គេ​បាន​រកឃើញ ​នៅតាម​ឆ្នេរ ​ភាគ​ខាង​លិច​មហា​សមុទ្រ​ឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ