អានតួអត្ថបទ
ឥណ្ឌូណេស៊ី

រញ្ជូយដី​ឥណ្ឌូណេស៊ី៖ ​​បិទ​បញ្ចប់​ការ​រុករក​សាកសព ខណៈ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​ជាង​២ពាន់​នាក់

កាលពីថ្ងៃព្រហស្បតិ៍ ទី១១ តុលា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសបិទបញ្ចប់ ការរុករកសាកសពមនុស្ស ដែលបាត់ខ្លួន ដោយគ្រោះរញ្ជូយដី បើទោះបីជានៅមានមនុស្សយ៉ាងហោចណាស់ ៥០០០នាក់ទៀត នៅមិនទាន់រកសាកសពឃើញនៅឡើយ ក៏ដោយ។ បើតាមតួលេខផ្លូវការ គិតមកត្រឹមពេលនេះ ក្រុមសង្រ្គោះ​ បានប្រមូលសាកសពមនុស្ស បានចំនួន២០៧៣នាក់ នៅក្នុងតំបន់Palu ដែលជាតំបន់រងគ្រោះ ដោយការរញ្ជួយដី និងរលកស៊ូណាមី កាលពីថ្ងៃទី ២៨ កញ្ញា។

គំនរបាក់បែក វិហារអ៊ីស្លាម និងផ្ទះ​ប្រជាជន​បន្ទាប់​​ពី​រញ្ជួយដី និង​រលក​ស៊ូណាមី នៅតំបន់Palu
គំនរបាក់បែក វិហារអ៊ីស្លាម និងផ្ទះ​ប្រជាជន​បន្ទាប់​​ពី​រញ្ជួយដី និង​រលក​ស៊ូណាមី នៅតំបន់Palu REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

លោក បំបាង ស៊ូរីយូ មន្ត្រីទទួលខុសត្រូវ ក្នុងប្រតិបត្តិការរុករកសាកសពមនុស្ស ដោយគ្រោះរញ្ជួយដី នៅឥណ្ឌូណេស៊ី បានប្រកាសថា ប្រតិបត្តិការរុករកសាកសព ត្រូវបិទបញ្ចប់ នៅរសៀលថ្ងៃព្រហស្បតិ៍ទី១១តុលា។ លោកពន្យល់ថា ដោយយោងទៅលើស្ថានភាព​ដ៏លំបាក នៃប្រតិបត្តិការរុករកនេះ អាជ្ញាធរបានផ្តល់​​អាទិភាព​ ទៅដល់ស្ថានភាព​សុខភាព និងកត្តាសន្តិសុខ របស់ក្រុមការងាររុករកជាង។​ ដូច្នេះ ក្រុមសង្រ្គោះ មិន​អាច​បន្តយកជីវិតទៅប្រថុយ ក្នុងប្រតិបត្តិការ ដ៏លំបាកនេះទៀតបានទេ។ តែយ៉ាងណា ក្រុមសង្រ្គោះ នឹងនៅឈរជើង ប្រចាំនៅតំបន់រងគ្រោះ រហូតដល់ថ្ងៃទី​២៦​តុលា ដែលជាថ្ងៃផុតកំណត់ នៃការប្រកាសអាសន្ន ដាក់ចុះដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី។

យោងតាមតួលេខថ្មី ផ្តល់ឲ្យដោយអាជ្ញាធរឥណ្ឌូណេស៊ី ចំនួនសាកសព ដែលគេរកឃើញ មានចំនួនសរុប ២០៧៣នាក់។ បន្ថែមពីនេះ នៅមានមនុស្សយ៉ាងហោច ៥០០០​នាក់​ផ្សេងទៀត ដែលមិនទាន់រកសាកសពឃើញនៅឡើយទេ។

សូមរំលឹកថា គ្រោះរញ្ជួយដី កម្រិត ៧,៥ រិច្ឆទឺ បានកើតឡើង​ នៅតំបន់Palu នៃប្រជុំ​កោះCélèbes របស់ឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៨កញ្ញា។ គ្រោះរញ្ជួយដី បានបង្កជា​រលក​យក្ស​ស៊ូណាមី លេបត្របាក់ ភូមិជាច្រើននៅតាមមាត់សមុទ្រ។ ទីប្រជុំជន៣នៃតំបន់Palu ដែល​រង​គ្រោះខ្លាំងជាងគេបំផុត គឺ Balaroa Petobo  និង Jono Oge។ រដ្ឋាភិបាលឥណ្ឌូណេស៊ី​ មានបំណង រក្សាទុកតំបន់រងគ្រោះទាំងនេះ ឲ្យនៅក្នុងសភាបាក់បែក ដើម្បីធ្វើជា​តំបន់បៃតង និងជាទីបូជនីយដ្ឋានរំលឹកវិញ្ញាខន្ធដល់អ្នកស្លាប់។

គួរកត់សម្គាល់ថា នេះគឺជាមហន្តរាយធម្មជាតិ ដ៏ធ្ងន់ធ្ងរបំផុត សម្រាប់ប្រជាជនឥណ្ឌូណេស៊ី បន្ទាប់ពីគ្រោះស៊ូណាមី កាលពីចុងឆ្នាំ២០០៤។ បច្ចុប្បន្ន មនុស្សប្រមាណ២សែននាក់ នៅតំបន់Palu កំពុងត្រូវការជំនួយបន្ទាន់ ដូចជាចំណីអាហារ និងទឹកស្អាត។ មនុស្សប្រមាណ៨ម៉ឺននាក់ ដែលបាត់បង់ផ្ទះសំបែង កំពុងតែលតោល ស្នាក់នៅតាមគំនរបាក់បែក និងតាមជំរកបណ្តោះអាសន្ន។ តាមការគ្រោងទុក លោកអគ្គលេខាធិការ អង្គការ​សហប្រជាជាតិ នឹងអញ្ជើញទៅដល់តំបន់រងគ្រោះ នៅថ្ងៃសុក្រទី ១២តុលានេះ។ អង្គការ​សហប្រជាជាតិ កំពុងអំពាវនាវ ត្រូវការជំនួយថវិកា ចំនួន៥០លានដុល្លារ ដើម្បីអនុវត្តគំរោង​ជំនួយ​សង្រ្គោះបន្ទាន់ ដល់ប្រជាជនដែលរងគ្រោះដោយមហន្តរាយរញ្ជួយដីនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ