អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី​បញ្ជូន​សព្វាវុធ ​និង​ចង់​បង្កើត​មូលដ្ឋាន​ទ័ព​ នៅ​លើ​កោះ​គូរីល

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ថ្ងៃទី​ ២៥ ​មីនា​ថា ​ រុស្ស៊ី​នឹង​សម្រេច​បញ្ជូន​គ្រឿង​សព្វាវុធ ​ព្រមទាំង​ឧបករណ៍​ដ្រូន​ប្រភេទ​ទំនើប​របស់​រុស្ស៊ី ​ជាច្រើន​គ្រឿង​ទៅ​កាន់​ប្រជុំ​កោះ​គូរីល ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ការ​សម្រេច​ធ្វើ​បែប​នេះ ​គឺ​ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ខ្លួន​រុស្ស៊ី ​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។ ប៉ុន្តែ​ការ​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​កោះ​គូរីល ​ពិត​ជា​នឹង​បង្ក​ជា​បញ្ហា​ជាមួយ​ជប៉ុន ​ ព្រោះ​ជប៉ុន​បាន​ទាមទារ​ថា​ប្រជុំកោះ​នេះ​ ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្លួន។

លោក​ប្រធានាធិបតីរុស្ស៊ី Vladimir Poutine អមដំណើរ​ដោយ​​រដ្ឋមន្ត្រី​​ការពារជាតិ​ Sergeï Choïgou
លោក​ប្រធានាធិបតីរុស្ស៊ី Vladimir Poutine អមដំណើរ​ដោយ​​រដ្ឋមន្ត្រី​​ការពារជាតិ​ Sergeï Choïgou REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

លោក ​ស៊ែកហ្គៃ ឆួហ្គូ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​រុស្ស៊ី ​បាន​បញ្ជាក់​ប្រាប់​ថា ​រុស្ស៊ី​នឹង​បញ្ជូន​គ្រឿង​សព្វាវុធ​ ប្រព័ន្ធ​ការពារ​ការ​វាយ​ប្រហារ​តាម​សមុទ្រ ​និង​ឧបករណ៍​ដ្រូន​រុស្ស៊ី​ ទៅ​ប្រចាំការ​នៅ​លើ​កោះ​គូរីល ​ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ បន្ថែម​ពី​នេះ ​ លោក​រដ្ឋមន្រ្តី​រុស្ស៊ី​បញ្ជាក់​ថា ​រុស្ស៊ី ​មាន​គម្រោង​សាងសង់​មូលដ្ឋានទ័ព​ដ៏​ធំ​មួយ ​នៅ​លើ​កោះ​គូរីល​ទៀតផង។ នៅ​ដើម​ខែ​មេសា​ខាងមុខ​នេះ ​ទាហាន​ជើងទឹក​រុស្ស៊ី ​និង​ចេញ​ធ្វើ​ប្រតិបត្តិការ​ពិនិត្យ​មើល​ស្ថានភាព​ភូមិសាស្ត្រ ​នៅ​ជុំវិញ​កោះ​គូរីល​ ក្នុង​រយៈពេល​៣ខែ ​ មុន​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​សាងសង់​មូលដ្ឋាន​ទ័ពថ្មី។

 
សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ ​នៅ​ប៉ែក​ចុង​បូព៌ា ​ឆ្នេរ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​ រុស្ស៊ី​មាន​មូលដ្ឋាន​ទ័ព​ចំនួន​ពីរ​កន្លែង ​គឺ​មួយ​នៅ​ក្រុង​ Vladivostok ​និង​នៅ ​Viliouchinsk។ កាល​ពី​ខែ​ធ្នូ ​រដ្ឋាភិបាល​រុស្ស៊ី​ ធ្លាប់​បាន​ប្រកាស​រួចទៅ​ហើយ​ថា​នឹង​កសាង​មូលដ្ឋាន​ទ័ព​ថ្មី ​បន្ថែមទៀត​ ដើម្បី​ត្រៀម​ការពារ​ខ្លួន​ នៅ​តាម​ឆ្នេរ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

ការ​បញ្ជូន​សម្ភារៈ​ សព្វាវុធ​ ព្រមទាំង​គម្រោង​សាងសង់​មូលដ្ឋាន​ទ័ព​នៅ​លើ​ប្រជុំ​កោះគូរីល​ ពិត​ជា​អាច​បង្កើន​ភាព​តាន​តឹង​រវាង​ជប៉ុន​និង​រុស្ស៊ី។ រដ្ឋាភិបាល​ជប៉ុន​ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ទាំង​អស់​ ជុំវិញ​ដំណឹង​នេះ។ តែយ៉ាង​ណាក៏​ដោយ ​គេ​មិន​ជឿថា​ជប៉ុន​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​មួយ​ដែរ ​ សុខចិត្ត​ឲ្យ​រុស្ស៊ី​ធ្វើ​បែប​នេះ​ដោយ​ស្រួសៗ​ទេ។
 

គួរ​រំលឹក​ថា ​ប្រជុំកោះ​គូរីល​ស្ថិតនៅ​ខាង​ជើង​បង្អស់​ នៃ​ប្រជុំកោះ​របស់​ជប៉ុន។ ទី​កោះតូចៗ​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​ជា​ជិត​២ម៉ឺន​នាក់​នេះ ​ ធ្លាប់​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន ​ តែ​ត្រូវ​សហភាព​សូវៀត​ចូល​មក​ត្រួតត្រា ​នៅ​ពេល​ដែល​ជប៉ុន​បាន​ចាញ់​សង្រ្គាម​លោក​លើក​ទីពីរ។ តាំងពី​នោះ​មក​ ជប៉ុន​តែងតែ​ធ្វើ​ការ​តវ៉ា​ថា ​ប្រជុំកោះ​គូរីល ​គឺ​ជា​របស់​ខ្លួន។

ក្រៅ​ពីចង់​សម្តែង​កម្លាំង​ដាក់​ជប៉ុន ​ការ​បញ្ជូន​សម្ភារៈ ​និង​គម្រោង​សាងសង់​មូលដ្ឋាន​ទ័ព​នេះ ​ ​គឺ​រុស្ស៊ី​ចង់​សំដៅ​ប្រាប់​ទៅ​ដល់​សម្ព័ន្ធមិត្ត​របស់​អង្គការ​អូតង់។ សម្រាប់​រុស្ស៊ី​​វា​ជា​រឿង​ដែល​ត្រូវ​តែ​ធ្វើ​តប​វិញ​ ព្រោះ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ​អូតង់​ដែល​មាន​កងទ័ព​អាមេរិក​នាំមុខ ​ បាន​បន្ថែម​កម្លាំង​ដាក់​រាយ ​នៅ​តាម​តំបន់​អឺរ៉ុប​ខាង​កើត។ លោក​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​បាន​ថ្លែង​ចំៗ​ថា ​ រុស្ស៊ី​ត្រូវ​ត្រៀម​កំលាំង​ការពារ​ខ្លួន​ ពីគ្រប់​ច្រក​ទាំង​អស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ