អានតួអត្ថបទ
សហរដ្ឋអាមេរិក-ហ្វីលីពីន

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ទៅ​ហ្វីលីពីន​ ដើម្បី​បង្កើត​មូលដ្ឋាន​ទ័ព

លោក ​អាហ្សតុន ការទឺ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក ​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​ហ្វីលីពីន ​ដើម្បី​រៀបចំ​ជា​ស្ថាពរ​នូវ​ការ​ដាក់តាំង​មូលដ្ឋាន​ទ័ព​អាមេរិក ​ក្នុង​ប្រទេស​នេះ ​សារជា​ថ្មី។ មូលដ្ឋាន​ទ័ព​ចំនួន​៥ នឹង​ត្រូវ​បើក​ឲ្យ​ដំណើរការ​ជា​បឋម ​មុន​នឹង​ចាប់ផ្តើម​បន្ថែម​មូលដ្ឋាន​ផ្សេង​ទៀត ​ ក្នុង​ពេល​ខាង​មុខ។​ ការវិល​ត្រលប់​ទៅ​កាន់​ហ្វីលីពីន​របស់​កងទ័ព​អាមេរិក​ ​គឺ​ជា​ការ​ចង់បាន​របស់​ហ្វីលីពីន ​ដែល​កំពុងតែ​ព្យាយាម​រក​មធ្យោបាយ​ការពារ​ខ្លួន​ ទល់​នឹង​ភាព​ក្អេងក្អាង​របស់​មហា​យក្ស​ចិន​ ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Ashton Carter រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ពេល​ទៅ​ដល់​ប្រទេស​ហ្វីលីពីន
លោក Ashton Carter រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ពេល​ទៅ​ដល់​ប្រទេស​ហ្វីលីពីន REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​ និង​ហ្វីលីពីន​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា ​ដើម្បី​អនុញ្ញាតិ​ឲ្យ​បើក​មូលដ្ឋាន​ទ័ព​ចំនួន​៥​កន្លែង​ នៅ​ហ្វីលីពីន ​សម្រាប់​កងទ័ព​អាមេរិក។ ក្រសួង​ការពារ​ជាតិ​អាមេរិក​ បាន​បញ្ជាក់​បន្ថែម​ថា ​ចំនួន​មូលដ្ឋាន​ទ័ព​នឹង​ត្រូវ​បើក​បន្ថែម​ឲ្យ​លើស​នេះ​ទៀត ​ក្នុង​ពេល​ខាង​មុខ។

 
លោក​អាហ្សតុន ការទឺ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក ​ កំពុងតែ​មាន​វត្តមាន​នៅ​ហ្វីលីពីន ​ដើម្បី​ដាក់​សម្ភោធ​កិច្ច​ព្រមព្រាង​ថ្មី​នេះ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៤​ មេសា​នេះ ​ លោក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ទៅ​កាន់​មូលដ្ឋាន​យោធា​ឈ្មោះ Antonio Bautista  ​ដែល​ស្ថិត​នៅ​លើ​កោះ ​Palawan  ​ទល់មុខ​នឹង​ប្រជុំ​កោះ ​Spratleys។ លោក​បាន​មាន​ប្រសាសន៍​ថា ​កោះ ​Palawan ​នេះគឺ​​ជា​តំបន់​យុទ្ធសាស្ត្រ​សម្រាប់​ហ្វីលីពីន ​ដូច្នេះ​ហើយ​ទើប​លោក​បាន​មក​ដល់​មូលដ្ឋាន​ទ័ព​នៅ​លើ​កោះ​នេះ​ មុន​ដំបូង​គេ​បង្អស់។

គួរ​បញ្ជាក់​ថា ​កោះ ​Palawan​នេះ​ឯង ​ស្ថិតនៅ​ទល់​មុខ​នឹង​ប្រជុំ​កោះ​ Spratleys ​ដែល​ជា​ប្រជុំ​កោះ​មាន​ជម្លោះ​ជាមួយ​ចិន។ មួយឆ្នាំ​ចុងក្រោយ​នេះ ​ចិន​បាន​ចាក់​បំពេញ​ខ្សាច់​ នៅ​តាម​ចន្លោះ​កោះ​តូចៗ ​កសាង​ជា​មូលដ្ឋាន​ទ័ព ​និង​ព្រលាន​យន្តហោះ ​ដោយ​គ្មាន​រងចាំ​ការ​កាត់​សេចក្តី​ពី​ស្ថាប័ន​អន្តរជាតិ​ណា​ទេ។ ហ្វីលីពីន ​នៅតែ​បន្ត​ទាមទារ​ថា​នេះ​ជា​ការ​រំលោភ​បំពាន​ មក​ក្នុង​ដែនទឹក​របស់​ខ្លួន។ ដោយ​ហេតុ​នេះ​ហើយ​ ទើប​ហ្វីលីពីន​ អូសដៃ​កងទ័ព​អាមេរិក​ ឲ្យ​មក​តាំង​មូលដ្ឋាន​ក្នុង​ទឹកដី​ខ្លួន ​ដើម្បី​បាន​ជា​បង្អែក។

សូម​រំលឹក​ផង​ដែរ​ថា ​ កងទ័ព​អាមេរិក​ បាន​ដក​ចេញ​ពី​ហ្វីលីពីន ​អស់​ទាំង​ស្រុង​ ក្នុង​រវាង​ទសវត្ស​ឆ្នាំ​១៩៩០។ ការ​វិល​ត្រលប់​មក​វិញ​នៃ​កងទ័ព​អាមេរិក​នា​ពេល​នេះ  ​គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​បង្កើត​មូលដ្ឋានទ័ព ​និង​បេសកកម្ម​យាមល្បាត​ឃ្លាំមើល ​ដែល​បាន​ចុះ​ក្នុង​កិច្ច​ព្រមព្រាង​សហប្រតិបត្តិការ​យោធា​ រវាង​ប្រទេស​ទាំងពីរ។ កិច្ច​ព្រមព្រាង​នេះ ​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​២០១៤​ ហើយ​ទើបតែ​ថ្មីៗ​នេះ​ត្រូវ​បាន​តុលាការ​កំពូល​ហ្វីលីពីន​សម្រេច​យល់ព្រម​ផង​ដែរ។
 

ដោយឡែក ​ការ​ចាប់ផ្តើម​បើក​មូលដ្ឋាន​យោធា​ថ្មី​នេះ ​ គឺ​ធ្វើឡើង​ស្របពេល​ដែល​​ ហ្វីលីពីន ​និង​​អាមេរិក​ កំពុងតែ​បិទ​បញ្ចប់​សមយុទ្ធ​យោធា​រួមគ្នា ដែលមានឈ្មោះថា Balikatan ប្រែថា​”ស្មាប្រកៀកស្មា” ។ សមយុទ្ធ​​ដែល​​បាន​​ចាប់ផ្តើម ​តាំង​​ពីថ្ងៃ​​ទី៤​​មេសា​​នេះ​ មាន​​ការ​​ចូលរួម​​ពី​ទាហាន​​អាមេរិក​​ចំនួន​​៤៤០០​​នាក់ ​ទាហាន​ហ្វីលីពីន​៣០០០​នាក់ ​និង​ទាហាន​អូស្ត្រាលី​៨០​នាក់​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ