អតីតប្រធានាធិបតីកៀហ្ស៊ីស្ថាន អាតាំបាយ៉េវ ជាប់ឃុំបណ្តោះអាសន្ន ពីបទពុករលួយ
លោក អាតាំបាយ៉េវ អតីតប្រធានាធិបតីកៀហ្សីស្ថាន ត្រូវបាសមត្ថកិច្ចចាប់ដាក់ឃុំបណ្តោះអាសន្ន កាលពីយប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ។ អតីតប្រធានាធិបតីរូបនេះ ត្រូវបានជាប់ចោទ ពីបទពុករលួយ និងត្រូវបានសភាដកហូតអភ័យឯកសិទ្ធិ។ តែយ៉ាងណា លោកអាតាំបាយ៉េវ បានបរិហារថា ថាចោទប្រកាន់មកលើរូបលោក គឺជាឆាកល្ខោននយោបាយ រៀបចំដោយប្រធានាធិបតីថ្មី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៨
លោកអាល់ម៉ាសបេក អាតាំបាយ៉េវ (Almazbek Atambaïev) អតីតប្រធានាធិបតីកៀហ្ស៊ីស្ថាន បានប្រគល់ខ្លួនឲ្យសមត្ថកិច្ច ដើម្បីទទួលការឃុំខ្លួនបណ្តោះអាសន្ន រងចាំថ្ងៃសវនាការបស់តុលាការ។ ការឡោមព័ទ្ធរបស់សមត្ថកិច្ច នៅជុំវិញគេហដ្ឋានរបស់លោក អាតាំបាយ៉េវ បានចំណាយពេលចំនួន២ថ្ងៃ ដោយសមត្ថកិច្ច ត្រូវប្រឈមមុខ នឹងការរារាំង ពីសំណាក់មនុស្សជាច្រើនរយនាក់ ដែលបានមកជួបជុំគ្នាការពារ លោកអាតាំបាយ៉េវ កុំឲ្យគេចាប់ខ្លួន។
ការប្រឈមមុខរវាងសមត្ថកិច្ច និងក្រុមអ្នកគាំទ្រលោកអាតាំបាយ៉េវ បានបណ្តាលឲ្យស្លាប់មនុស្សម្នាក់ នឹងរបួសជាច្រើននាក់។ នៅក្នុងវីដេអូមួយ ដែលគេថតបាន បានបង្ហាញឲ្យឃើញ លោក អាតាំបាយ៉េវ ព្យាយាមចរចាជាមួយនឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាលោកសុខចិត្តប្រគល់ខ្លួន តែសមត្ថកិច្ចត្រូវតែសន្យា មិនប៉ះពាល់ ក្រុមអ្នកគាំទ្រលោកជាដាច់ខាត។
សូមរំលឹកថា លោកអតីតប្រធានាធិបតី វ័យ៦២ឆ្នាំរូបនេះ ត្រូវបានរដ្ឋអាជ្ញាកៀហ្ស៊ីស្ថាន ចោទប្រកាន់ជាផ្លូវការ កាលពីខែមិថុនា ពីបទប្រព្រឹត្តិអំពើពុករលួយ កិបកេងយកដីរដ្ឋ និងឯកជន ព្រមទាំងបានឃុបឃិតដោះលែងឧក្រិដ្ឋជនម៉ាហ្វយ៉ាម្នាក់ ក្នុងអំឡុងពេលលោកកាន់តំណែង ចន្លោះពីឆ្នាំ២០១១ ដល់២០១៧។ក្រោយមករដ្ឋសភា បានបោះឆ្នោត ដកអភ័យឯកសិទ្ធិ ក្នុងនាមជាអតីតប្រធានាធិបតី ចេញពីលោកអាតាំបាយ៉េវ។ ទោះយ៉ាងនេះក្តី លោកអាតាំបាយ៉េវ បានបរិហារថា ការចោទប្រកាន់មកលើរូបលោក គឺជាកលល្បិចនយោបាយរបស់ប្រធានាធិបតីថ្មី ដែលចង់កំចាយរូបលោក ឲ្យចេញពីឆាកនយោបាយកៀហ្ស៊ីស្ថាន។
សូមរំលឹកថា លោក Sooronbaï Jeenbekov ដែលជាប្រធានាធិបតីថ្មី ធ្លាប់ជាមនុស្សជំនិតបំផុត របស់លោកអាតាំបាយ៉េវ។ តែយ៉ាងណា ក្រោយពេលលោកជីនបេកូវបានឡើងកាន់តំណែង ទំនាក់ទំនងរវាងមនុស្សទាំង២នេះ បានរង្គោះរង្គើ ក្លាយជាជម្លោះយ៉ាងចំហ រវាងបក្សពួកទាំងសងខាង។
ដោយឡែក រុស្ស៊ី ដែលធ្លាប់ជាមេកើយ របស់កៀហ្ស៊ីស្ថាន កាលពីជំនាន់សូវៀត បានសំដែងការព្រួយបារម្ភដែរ ទាក់ទិននឹងជម្លោះនយោបាយនេះ។ លោក ពូទីន កាលពីខែកក្កដាកន្លងទៅ បានជួបនិយាយគ្នាជាមួយ លោកអាតាំបាយ៉េវផង និង លោកជីនបេកូវផង ក្នុងគោលបំណងផ្សះផ្សាអ្នកទាំង២។ តែយ៉ាងណា ការចាប់ឃុំខ្លួនលោកអាតាំបាយ៉េវនាពេលនេះ បានបង្ហាញថា លោកប្រធានាធិបតី ជីនបេកូវ គ្មានចេតនា ជានាជាមួយលោកអាតាំបាយ៉េវឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ