អានតួអត្ថបទ
អាមេនី-រុស្ស៊ី

អាមេនី៖ បាតុកម្ម​តវ៉ា​ប្រឆាំង​បក្ស​កាន់​អំណាច​នៅ​តែ​បន្ត ទោះ​បី​នាយករដ្ឋមន្ត្រី​ចុះចេញ​ពី​តំណែង

នៅប្រទេសអាមេនី នាយករដ្ឋមន្ត្រីបានលាលែងចេញពីតំណែង កាលពីថ្ងៃចន្ទកន្លងទៅ​ ក្រោមសំពាធនៃបាតុកម្មតវ៉ា របស់ប្រជាជន។ ក៏ប៉ុន្តែ ចលនាបាតុកម្មនៅតែបន្តធ្វើ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី២៦មេសា ដោយក្រុមបាតុករ បានទាមទារ ឲ្យគណបក្សកាន់អំណាចទាំងមូល លាឈប់ពីកាន់ដឹកនាំប្រទេសតែម្តង។ ដោយឡែក គេសង្កេតឃើញថា រុស្ស៊ី ដែលធ្លាប់ជាមេកើយរបស់អាមេនី កាលពីជំនាន់សូវៀត ហាក់កំពុងតែលូកដៃ ធ្វើខ្លួន​ជា​អាជ្ញា​កណ្តាល ដើម្បីដោះស្រាយវិបត្តិនយោបាយនេះ។

មេដឹកនាំចលនា​ប្រឆាំង​រដ្ឋាភិបាល ​លោក​Nikol Pashinyan និយាយ​ទៅ​កាន់​​ហ្វូង​បាតុករ នៅក្រុង​អេរ៉េវ៉ាន ថ្ងៃទី​២៥ មេសា ២០១៨
មេដឹកនាំចលនា​ប្រឆាំង​រដ្ឋាភិបាល ​លោក​Nikol Pashinyan និយាយ​ទៅ​កាន់​​ហ្វូង​បាតុករ នៅក្រុង​អេរ៉េវ៉ាន ថ្ងៃទី​២៥ មេសា ២០១៨ REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

បាតុកម្មតវ៉ា​នៅតែបន្តធ្វើ នៅរដ្ឋធានី អេរ៉េវ៉ាន ប្រទេសអាមេនី បើទោះបីជាលោកនាយករដ្ឋមន្ត្រី​Serge Sarkissian បានចុះចេញពីតំណែងហើយក៏ដោយ។ លោក Nikol Pachinian ដែលដឹកនាំ​ការធ្វើបាតុកម្ម បានស្រែកទាមទារ ឲ្យគណបក្សសាធារណរដ្ឋ ដែលជាបក្សកាន់អំណាច ថាត្រូវតែលាលែង ឈប់​​ដឹកនាំប្រទេសតទៅទៀត។ សកម្មជនប្រឆាំងម្នាក់នេះ បានស្រែក​ក្នុងឧបករណ៍ឧឃោសនស័ព្ទ ចំពោះមុខហ្វូងបាតុករ រាប់ពាន់នាក់ថា បើសិនជាគណបក្សសាធារណៈរដ្ឋ ហ៊ានដាក់ស្នើបេក្ខជននាយករដ្ឋមន្ត្រី​​ថ្មីមួយទៀតនោះ  នោះប្រជាជននឹងឡើងទៅដល់វិមានរដ្ឋសភា។

កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ប្រធានរដ្ឋសភា បានកោះប្រជុំបន្ទាន់មួយ ដើម្បីរៀបចំធ្វើការបោះឆ្នោតតែងតាំង នាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី ១ ខែឧសភា។ លោក NiKol Pachinian អាយុ​៤២​ឆ្នាំ បានស្នើបេក្ខភាពខ្លួន តំណាងឲ្យគណបក្សប្រឆាំង ឈ្មោះ Yelk។ តែទោះយ៉ាងណា បើយោងតាមសម្តីរបស់សមាជិកបក្ស​ប្រឆាំង​​នេះម្នាក់ បានលើកឡើងថា លោក NiKol Pachinian អាចនឹង​ពិបាករកសំលេងបានគ្រប់ ៥៣សម្លេង ក្នុងរដ្ឋសភា ដើម្បីអាច​ក្លាយជានាយករដ្ឋមន្រ្តី។ បច្ចុប្បន្ន លោក NiKol Pachinian មានការគាំទ្រតែពីបក្ស Yelk ដែលមានតែ៤០តំណាងរាស្ត្រតែប៉ុណ្ណោះ។ ចំណែក គណបក្សសាធារណរដ្ឋ​វិញ មាន​សម្លេង​​ក្នុងសភា ដល់ទៅ៥៨កៅអី។

ដោយឡែក នៅក្នុងរដ្ឋាភិបាលចំរុះបច្ចុប្បន្ន មានរដ្ឋមន្ត្រីមួយចំនួនបានលាលែងចេញពីមុខងារ ដូចជារដ្ឋមន្ត្រីក្រសួងអប់រំ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ រដ្ឋមន្ត្រីទាំងនេះ បានលាលែង ក៏ដោយសារតែគណបក្សរបស់ពួកគេ បានផ្តាច់ខ្លួន ឈប់ចូលរួមក្នុងរដ្ឋាភិបាលចំរុះ ជាមួយនឹងគណបក្សកាន់អំណាច។

គួរកត់សំគាល់ផងដែរ ថាក្រោយកើតវិបត្តិនយោបាយនៅអាមេនីនេះ គេទើបតែឃើញរុស្ស៊ី ចាប់ផ្តើមលូកដៃ ធ្វើជាអាជ្ញាកណ្តាល។ ជាក់ស្តែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះដែរ លោកArmen Guevorkian ឧបនាយករដ្ឋមន្ត្រី អាមេនី បានទៅដល់ក្រុងម៉ូស្គូ ដើម្បីជួបជជែកជាមួយថ្នាក់ដឹកនាំរុស្ស៊ី។ ដូចគ្នាដែរ លោក Edouard Nalbandian រដ្ឋមន្ត្រីក្រសួងការបរទេសអាមេនី ក៏បានទៅក្រុងម៉ូស្គូ ជួបលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីដែរ។ ស្របពេលគ្នានេះ លោក NiKol Pachinian ដែលជាសកម្មជន ដឹកនាំការធ្វើបាតុកម្មតវ៉ានោះ បានចូលទៅស្ថានទូតរុស្ស៊ី ប្រចាំក្រុង អេរ៉េវ៉ាន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីដំណោះស្រាយនយោបាយ ជាមួយមន្ត្រីទូតរុស្ស៊ី។

ចំណែកលោកប្រធានាធិបតីអាមេនី បានទូរស័ព្ទទៅនិយាយជាមួយលោកពូទីន ជាច្រើនលើក។ ប្រធានាធិបតីទាំង២ បានប្រកាស​គោលជំហរ ឲ្យគ្រប់ភាគីនយោបាយទាំងអស់ ទប់អារម្មណ៍ឲ្យនឹងន ហើយដំណោះស្រាយនយោបាយ ត្រូវតែដើរឲ្យស្របនឹងរដ្ឋធម្មនុញ្ញអាមេនី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ