អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន៖ ភេរវកម្ម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម សម្លាប់​ជាង​៦០នាក់ នៅ​ក្រុង​កាប៊ូល

កាលពី​ថ្ងៃ​សៅរ៍ ​ទី​២៣​កក្កដា ​មាន​ភេរវកម្ម​អត្តឃាត​មួយ​បាន​កើតឡើង ​នៅ​ទីក្រុង​កាប៊ូល ​ប្រទេស​ អាហ្វហ្កានីស្ថាន ​ក្នុង​ពេល​ដែល​សហគមន​ជនជាតិ​អ៊ីស្លាម​និកាយ​ឈីអ៊ីត ​បាន​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ យ៉ាង​ហោច​ណាស់ ​មាន​មនុស្ស​ជាង​៦០នាក់ ​បាន​ស្លាប់ ​ ហើយ​របួស​ជាង​២០០​នាក់។ ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម​ បាន​ចេញ​មុខ​ភ្លាមៗ ​ថា​នេះ​ជា​ស្នាដៃ​របស់​ជន​ជីហាដ​អ៊ីស្លាម​ពីរនាក់​ ដែល​ជា​បណ្តាញ​របស់​ពួកវា​នៅ​អាហ្វហ្កានីស្ថាន។

សាកសព​​ជនរងគ្រោះ​ នៅតាម​ផ្លូវ​​​ក្រោយ​ភេរវកម្ម​នៅទីក្រុង​កាប៊ូល ថ្ងៃទី​២៣ កក្កដា ២០១៦
សាកសព​​ជនរងគ្រោះ​ នៅតាម​ផ្លូវ​​​ក្រោយ​ភេរវកម្ម​នៅទីក្រុង​កាប៊ូល ថ្ងៃទី​២៣ កក្កដា ២០១៦ REUTERS/Omar Sobhani
ផ្សាយពាណិជ្ជកម្ម

មនុស្ស​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម ​ អាវៈយាវៈ ​ដាច់​ជា​ពីរ​ជា​បី​កំណាត់ ​នៅ​ពាសពេញ​ផ្លូវ ​ សម្លេង​ទ្រហោរ​យំ ​ឮ​កង​រំពង។ នេះ​គឺ​ជា​សម្តី​រាយការណ៍​របស់​អ្នក​យក​ព័ត៌មាន​បារាំង​ ប្រចាំការ​នៅ​ទីក្រុង​កាប៊ូល ​រដ្ឋធានី​ប្រទេស​អាហ្វហ្កានីស្ថាន។ ហេតុការណ៍​ភេរវកម្ម​ដ៏​កាច​សាហាវ​នេះ ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ ​កក្កដា​ ក្នុង​ពេល​ដែល​មនុស្ស​ម្នា​រាប់រយ​នាក់ ​កំពុងតែ​ដង្ហែរ​ក្បួន​ដោយ​សន្តិវិធី ​នៅ​កណ្តាល​ក្រុង​កាប៊ូល។

 
គឺ​សហគម​ជនជាតិ​ Hazara​ ដែល​ជា​ជនជាតិ​ភាគ​តិច​អ៊ីស្លាម​និកាយ​ឈីអ៊ីត ​នៅ​អាហ្វហ្កានីស្ថាន ​ដែល​បាន​ធ្វើ​បាតុកម្ម​អហិង្សា​ ដើម្បី​ប្រឆាំង​នឹង​គម្រោង​សាងសង់​បណ្តាញ​ខ្សែ​អគ្គីសនី ​ ដែល​បាន​ធ្វើ​បញ្ជៀស​ពី​ទីតាំង​ភូមិ​ស្រុក​របស់​ពួកគេ។ សហគម​ជនជាតិ​នេះ ​បាន​ស្តី​បន្ទោស​រដ្ឋាភិបាល ​ដែល​ជា​ក្រុម​អ៊ីស្លាម​ស៊ុនីត ​ថា​បាន​ធ្វើ​អំពើ​រើសអើង ​មិន​អើរពើរ​នឹង​ពួក​គេ​ ដែល​ជា​ក្រុម​អ៊ីស្លាម​ឈីអ៊ីត។

យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួង​មហាផ្ទៃ​អាហ្វហ្កានីស្ថាន ​ជន​ដៃដល់​បាន​បន្លំ​ខ្លួន​ ក្នុង​ក្បួន​បាតុកម្ម ​នៅ​ខាងចុង ​ហើយ​បាន​បំផ្ទុះ​គ្រាប់បែក​ដើម្បី​សម្លាប់​ហ្វូង​មនុស្ស។ មិន​ប្រមាណ​ម៉ោង​ក្រោយ​មក​ផង ​ ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ បាន​ចេញ​មក​ប្រកាស​ នៅ​លើ​គេហទំព័រ​ Amaq ​របស់​ពួក​វា​ថា ​ជន​ជីហាដ​ពីរ​នាក់ ​ដែល​ជា​កូនចៅ​របស់​ពួកវា​ បាន​ពលី​ជីវិត​ ដោយ​បាន​រំខ្សែ​ក្រវ៉ាត់​គ្រាប់​បែក​ជាប់ខ្លួន​ ហើយ​បំផ្ទុះ​សម្លាប់​មនុស្ស​នៅ​កាប៊ូល។

ក្រុម​តាលីបង់ ​ដែល​កន្លង​មក​ជា​មេ​ក្អេងក្អាង​នៅ​អាហ្វហ្កានីស្ថាន​ បាន​ចេញ​មុខ​មក​ប្រកាស​ភ្លាមៗ​ផងដែរ​ ថា​ភេរវកម្ម​នេះ ​មិនមែន​ជា​ស្នាដៃ​របស់​ខ្លួន​ទេ។ នេះ​ជា​លើក​ទីមួយ​ហើយ ​ដែល​ភេរវកម្ម​ជា​ស្នាដៃ​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​បាន​សម្លាប់​ជីវិត​មនុស្ស​ដ៏​ច្រើន ​ នៅ​លើ​ទឹកដី​អាហ្វហ្កានីស្ថាន។ ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​កំពុងតែ​ពង្រីក​ឥទ្ធិពល​យ៉ាងលឿន ​នៅ​អាហ្វហ្កានីស្ថាន ​ភាគ​ខាងកើត ​ដោយ​បាន​អូស​ទាញ​ពួក​ឧទ្ទាម​តាលីបង់​ បាន​ខ្លះ​មកផង។

ម្ខាង​ចង្កូម​របស់​ពួក​តាលីបង់ ​ម្ខាង​ក្រញ៉ាំ​របស់​ពួក​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម ​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​សន្តិសុខ ​របស់​អាហ្វហ្កានីស្ថាន ​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់​ដ៏ធំ ​ ហើយ​ បាន​បង្ខំចិត្ត​ឲ្យ​សហរដ្ឋ​អាមេរិក​ បន្ត​រក្សា​កងទ័ព​ចំនួន​៨៤០០នាក់ ​ឲ្យ​នៅ​បន្ត​ក្នុង​ប្រទេស​នេះ ​រហូត​ដល់​ដើម​ឆ្នាំ​២០១៧៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ