អានតួអត្ថបទ
ឥណ្ឌូណេស៊ី-ភេរវកម្ម

ឥណ្ឌូណេស៊ី​បិទ​បញ្ចប់​ឆ្នាំ​២០១៥​ ជាមួយ​នឹង​ការ​គម្រាម​កំហែង​របស់​ក្រុម​ជីហាដ​អ៊ីស្លាម

ឥណ្ឌូណេស៊ី ​ប្រទេស​កាន់​សាសនា​អ៊ីស្លាម ​ដ៏​ធំ​ជាង​គេ​លើ​លោក។ ថ្វី​ត្បិត​តែ​នៅ​ឆ្ងាយ​ពី​តំបន់​ដើមបូព៌ា ​ទីមូលដ្ឋាន​កណ្តាល​ របស់​ក្រុម​ជីហាដ​អ៊ីស្លាម​ជ្រុល​និយម ​ តែ​ឥណ្ឌូណេស៊ី ​កំពុង​តែ​ជួប​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ ដោយសារ​ចំនួន​អ្នក​ងុបងុល​នឹង​ជំនឿ​ជ្រុល​និយម​ជីហាដ​អ៊ីស្លាម​នេះ ​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង។ កាល​ពី​ដើម​សប្តាហ៍​នេះ​ អាជ្ញាធរ​ឥណ្ឌូណេស៊ី ​បាន​ចេញ​ប្រតិបត្តិការ​ចាប់​ខ្លួន​ ដៃ​ជើង​ក្រុម​ជីហាដ​អ៊ីស្លាម ​ចំនួន​៩នាក់ ​ដែល​ពួក​វា ​មាន​គម្រោង​រៀបចំ​ធ្វើ​ភេរវកម្ម​ ជា​ច្រើន​កន្លែង ​នៅ​ក្នុង​ឱកាស​បុណ្យ​ណូអែល ​និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល។ នៅ​ថ្ងៃ​សៅរ៍​នេះ​ នគរបាល​ឥណ្ឌូណេស៊ី ​កំពុង​តាម​ប្រម៉ាញ់ ​មេ​ក្លោង​ដ៏​ធំ​ម្នាក់​ ឈ្មោះ ​សាន់តូសូ ​ហើយ​ដាក់​កំហិត​ឲ្យ​ជន​នេះ ​ប្រគល់​ខ្លួន​ មុន​ថ្ងៃ​៩​មករា។

នគរបាល​បង្រ្កាប​បណ្តាញ​ភេរវកម្ម​ កំពុងព័ទ្ធចាប់​ក្រុម​ភេរវករ​អ៊ីស្លាម នៅជាយ​ក្រុង​ហ្សាកាតា ថ្ងៃទី ២០ ធ្នូ ២០១៥
នគរបាល​បង្រ្កាប​បណ្តាញ​ភេរវកម្ម​ កំពុងព័ទ្ធចាប់​ក្រុម​ភេរវករ​អ៊ីស្លាម នៅជាយ​ក្រុង​ហ្សាកាតា ថ្ងៃទី ២០ ធ្នូ ២០១៥ REUTERS/M Agung Rajasa
ផ្សាយពាណិជ្ជកម្ម

បើ​និយាយ​ពី​ថា​ ក្រុម​ជីហាដ​អ៊ីស្លាម​​ អាច​បង្ក​គ្រោះថ្នាក់​កំរិត​ណា  ​នៅ​ឥណ្ឌូណេស៊ី ​គឺ​ថា​យើង​មិន​អាច​ធ្វេសប្រហេស ​លេង​សើច​បាន​ទេ។ ព្រោះ​ថា​នេះ ​មិនមែន​ជា​លើក​ទីមួយ​ទេ ​ដែល​ក្រុម​ជីហាដ​អ៊ីស្លាម​នេះ ​បាន​ធ្វើ​ភេរវកម្ម​ នៅ​ឥណ្ឌូណេស៊ី។ ហើយ​មួយ​វិញ​ទៀត ​ ក្រុម​នេះ​កំពុង​តែ​អូសទាញ​មនុស្ស ​ឲ្យ​ដើរ​តាម​ពួកវា​ បាន​កាន់​តែ​ច្រើន។ កន្លង​មក​ ក្រុម​នេះ​ធ្លាប់​ធ្វើ​ភេរវកម្ម​ច្រើន​ដង​មក​ហើយ។ នៅ​ឆ្នាំ​២០០២​ ភេរវកម្ម​នៅ​បាលី ​ស្លាប់​មនុស្ស​ជាង​២០០​នាក់។ ឆ្នាំ​២០០៣​ ឆ្នាំ​២០០៩ ​មាន​ភេរវកម្ម​ដាក់​គ្រាប់​បែប​បន្ត​បន្ទាប់​ទៀត ​ នៅ​ហ្សាកាតា។

 
ចាប់​បាន​៩នាក់ ​ជា​ភេរវករ​កំពុង​ត្រៀម​ដាក់​គ្រាប់បែក៖
សកម្មភាព​បោស​សម្អាត​បណ្តញ​ពួក​នេះ ​ដែល​អាជ្ញាធរ​ឥណ្ឌូណេស៊ី ​បាន​ធ្វើ​នា​ពេល​ថ្មីៗ​នេះ​ គឺ​ត្រូវ​បាន​គេទទួល​ស្គាល់​ថា ​មាន​ប្រសិទ្ធិភាព​គ្រាន់បើ។ បើ​យោង​តាម​ការ​បញ្ជាក់​ ពី​អ្នក​នាំពាក្យ​នគរបាល​ជាតិ​ឥណ្ឌូណេស៊ី​ ពួក​គេ​បាន​ចាប់​បាន​ក្រុម​ភេរវករ​ចំនួន​៩នាក់។ យោង​តាម​ភស្តុតាង ​ផ្សេង​ដែរ​រឹបអូស​បាន​ គឺ​ពួក​ភេរវករ​ទាំង​នោះ ​កំពុង​រៀបចំ​ធ្វើ​ភេរវកម្ម​ជាច្រើន​កន្លែង ​ជា​ពិសេស ​នៅ​លើ​កោះ​ហ្សាវ៉ា​តែ​ម្តង។ នគរបាល​បាន​រឹបអូស​បាន​ សារធាតុ​គីមី ​ដើម្បី​ផលិត​គ្រាប់បែក​ជា​ច្រើន ​ព្រម​ទាំង​សៀវភៅ​ក្បួន​មាគ៌ា​ជីហាដ​ ជា​ច្រើន​ក្បាល​ផងដែរ។ ការ​ធ្វើ​ប្រតិបត្តិការ​ប្រម៉ាញ់ ​បាន​ទាន់​ពេល​វេលា​បែប​នេះ ​ ក៏​ដោយសារ ​មាន​ការ​ផ្តល់​ព័ត៌មាន​ជា​សម្ងាត់​​ ពី​សំណាក់​បណ្តាញ​ស៊ើបការណ៍ ​របស់​អាមេរិក​ និង​អូស្ត្រាលី។

តាម​ការ​សន្និដ្ឋាន ​របស់​ប៉ូលីស​ឥណ្ឌូណេស៊ី ​ក្រុម​នេះ​មាន​គម្រោង​ ដាក់​គ្រាប់បែក ​នៅ​តាម​ទីតាំង​មួយ​ចំនួន​ ​ដូចជា ​នៅ​វិហារ​ម៉ូស្កេ​ របស់​ពួក​អ៊ីស្លាម​ឈីអ៊ីត ​នៅ​តាម​តំបន់​ទេសចរ​ ដែល​មាន​ពួក​បរទេស​ច្រើន​ ​និង​នៅ​កន្លែង​កម្សាន្ត​សប្បាយ ​ក្នុង​ឱកាស​បុណ្យ​ណូអែល ​និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នេះ​តែម្តង។ កង​កម្លាំង​ប្រមាណ​ជា ​១សែន ​៥ម៉ឺន​នាក់ ​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ការពារ​សន្តិសុខ ​ជា​ពិសេស​នៅ​តាម​កន្លែង​ ដែល​មាន​ការ​ជួប​ជុំគ្នា ​រវាង​សហគម​ក្រុម​អ្នក​កាន់​សាសនា​កាតូលិក ​នៅ​ឥណ្ឌូណេស៊ី។
 

នគរ​បាល​កំពុង​ពិនិត្យ​ នៅ​វិហារ​កាតូួលិក ​ក្រែងមាន​ការ​ដាក់​គ្រាប់បែក ​នៅ​ថ្ងៃ​បុណ្យ​ណូអែល ​ទី ២៤​ ធ្នូ ២០១៥
នគរ​បាល​កំពុង​ពិនិត្យ​ នៅ​វិហារ​កាតូួលិក ​ក្រែងមាន​ការ​ដាក់​គ្រាប់បែក ​នៅ​ថ្ងៃ​បុណ្យ​ណូអែល ​ទី ២៤​ ធ្នូ ២០១៥ ADEK BERRY / AFP

ចាប់បាន​តែ​កូនចៅ ​ នៅ​ឡើយ​មេធំ៖
មនុស្ស​ទាំង​៩នាក់ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នេះ​ ជា​បណ្តាញ​របស់​ក្រុម​ជីហាដ​អ៊ីស្លាមីយ៉ាស ​ដែល​ពី​មុន​ជា​កូនចៅ​របស់​ក្រុម​អាល់កាអ៊ីដា ​តែ​ឥឡូវ​ក្រុម​នេះ​ក៏​ប្រកាស​ខ្លួន​ថា​ដើរ​តាម​មាគ៌ា​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម​ដែរ។ តែ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​ គឺ​សុទ្ធ​តែ​ជា​កូនចៅ​តូចតាច​តែ​ប៉ុណ្ណោះ។ មេ​ធំ​របស់​ពួក​វា ​គេ​នៅ​មិន​ទាន់​ចាប់​បាន​នៅ​ឡើយ​ទេ ​ហើយ​ថា​មិនត្រូវ​ ពួក​វា​អាច​កំពុង​តែ​បញ្ជា ​ឲ្យ​ធ្វើ​ភេរវកម្ម​ផ្សេង​ទៀតជា​មិនខាន។
 
មេក្លោង​ដ៏​ធំ​ឈ្មោះ ​សាន់តូសូ ​វា​ប្រកាស​ខ្លួន​វា ​ថា​ជា​មេក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ប្រចាំ​នៅ​ឥណ្ឌូណេស៊ី​តែម្តង។ កាល​ពីមុន​មនុស្ស​នេះ ​ គឺ​ស្ថិត​នៅ​ក្នុង​ក្រុម​ជីហាដ​អ៊ីស្លាមីយ៉ាស។ គេ​ធ្លាប់​លឺ​ឈ្មោះវា​យូរ​ហើយ ​ ទើប​តែ​នៅ​ឆ្នាំ​២០១៣ ​ គេ​បាន​ឃើញ​មុខ​ជន​នេះ ​នៅ​តាម​វីដេអូ​មួយ ​ ដែល​ពួក​ជីហាដ​បាន​បង្ហោះផ្សាយ។

តាម​ចាប់ ​សាន់តូសូ ​ដូច​រាវ​ម្ជុល​ក្នុង​បាត​សមុទ្រ៖
យើងដឹង​ហើយ​ថា ​ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដ៏​ធំ​ជាង​គេ ​ដែល​កាន់​សាសនា​អ៊ីស្លាម ​បើ​យើង​និយាយ​ពីចំនួន​ប្រជាជន។ ក៏​ប៉ុន្តែ​មិន​មាន​មាន​ន័យ​ថា ​ឲ្យតែ​ប្រជាជន​ឥណ្ឌូណេស៊ី ​សុទ្ធ​តែ​ជា​អ្នក​គាំទ្រ​ក្រុម​ជីហាដ​ជ្រុល​និយម​ទាំង​អស់​នោះទេ​។ ជន​ឈ្មោះ ​សាន់តូសូ​នេះ​ ជា​មេក្រុម​ជ្រុល​និយម​ ហើយ​ក៏​ជា​មនុស្ស​ទីមួយ​នៅ​ឥណ្ឌូណេស៊ី ​ដែរ ​ ដែល​ប្រកាស​ខ្លួន​ដើរ​តាម​មាគ៌ា​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ដែល​កំពុង​តែធ្វើ​សង្រ្គាម​នៅ​ស៊ីរី​ និង​អ៊ីរ៉ាក់។
 

មេ​ភេរវកម្ម​អ៊ីស្លាម​ ឈ្មោះ សាន់តូសូ លេច​មុខ​លើក​ដំបូង​នៅ​ក្នុង​វីដេអូ
មេ​ភេរវកម្ម​អ៊ីស្លាម​ ឈ្មោះ សាន់តូសូ លេច​មុខ​លើក​ដំបូង​នៅ​ក្នុង​វីដេអូ

រហូត​មក​ដល់​ឥឡូវ​នេះ​ គេ​មិន​ដឹង​ថា ​ជន​នេះ​លាក់​ខ្លួន​នៅ​កន្លែង​ណាទេ។ ឥណ្ឌូណេស៊ី​ធំ​ណាស់ ​សំបូរ​កោះ​ដាច់​ស្រាយ៉ាល ​និង​ព្រៃឈើ ​ដូច្នេះ​ការ​តាម​ប្រម៉ាញ់​ជន​នេះ ​មិនមែន​ជា​ការ​ងាយ​ស្រួល​ទេ។ ហើយ​បើ​ទោះ​ជា​ជន​នេះ​ នៅ​ចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ ​ពី​ក្រុង​ហ្សាកាតា ​ក៏​ដោយ ​ ក៏​ជន​នេះ​អាច​បញ្ជា ​និង​ប្រើ​ឥទ្ធិពល​ពង្វក់​កូនចៅ​វា ​បាន​ដែរ។ កន្លង​មក​គេ​បាន​ឃើញ​ជន​នេះ ​សកម្ម​ណាស់​នៅ​តាម​បណ្តាញ​អ៊ីនធើនែត​ ដោយ​បាន​បង្ហោះ​ផ្សាយ​វីដេអូ​ អូសទាញ ​ពង្វក់​ស្មារតី​អ្នក​កាន់​សាសនា​អ៊ីស្លាម ​ ដែល​មាន​ទំនោរ​ជ្រុល​និយម។
 
អង្គការ​រដ្ឋអ៊ីស្លាម​ ប្រើ​លុយ ​និង​ប្រព័ន្ធ​អ៊ីនធើនែត ​ដើម្បី​ពង្វក់​មនុស្ស៖
នៅ​សម័យ​ទំនើប​បច្ចុប្បន្ន​នេះ​ ពិភពលោក​យើង​ លែង​មាន​ព្រំដែន​ហើយ។ ជាមួយ​នឹង​បណ្តាញ​អ៊ីនធើណែត ​មនោគមវិជ្ជា​និមួយៗ​អាច​រីក​សាយ​ភាព​បាន​យ៉ាង​ងាយ ​ ហើយ​មនុស្ស​ដែល​ល្ងង់​ ស្មារតី​ទន់ខ្សោយ​តែងតែ​ជា​ចំណី​ នៃ​ការ​ងុបងុល ​ទៅ​តាម​ការ​អូសទាញ។ នេះ​ជា​ភាព​ងាយស្រួល​មួយ​ របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម ​ក្នុងការ​ពង្រីក​ឥទ្ធិពល​ពួកវា។

ចំណុច​មួយទៀត ​គឺ​តាម​រយៈ​ការ​បញ្ជូន​លុយ​ ទៅ​ឧបត្ថម្ភ។ ការ​បញ្ជូន​លុយ​នេះ ​ អាច​ធ្វើ​ដោយ​ត្រង់ៗ​ ដើម្បី​ចាយ​វាយ​ ជួយ​ទិញ​អាវុធ​ដើម្បី​ធ្វើ​សកម្មភាព ​រឺ​តាម​រយៈ​ជា​ជំនួយ​ដើម្បី​ជួប​បណ្តុះ​បណ្តាល​ ក្នុង​ន័យ​មនុស្សធម៌​សាសនា។ ជំនួយ​ក្នុង​ន័យ​មនុស្សធម៌​សាសនា​នេះ​ហើយ​ ដែល​គ្រោះថ្នាក់​ ព្រោះ​វា​ចាក់​ឬស​បន្តិច​ម្តងៗ ​នៅ​ក្នុង​បណ្តា​ក្មេង​ជំនាន់​ក្រោយ ​ តាម​រយៈ​ការ​បង្ហាត់​បង្រៀន ​ផ្សព្វផ្សាយ​ ពី​ជំនឿ​ជ្រុលនិយម។ ឥណ្ឌូណេស៊ី ​បាន​ទទួល​ជំនួយ​ច្រើន​ណាស់ ​ពី​ប្រទេស​អារ៉ាប់​ធំៗ ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​សាសនា​ កសាង​វិហារ​ម៉ូស្កេ ​បង្រៀន​ក្មេង​ឲ្យ​ប្រកាន់​ខ្ជាប់​ក្បួន​ខ្នាត​អ៊ីស្លាម​ជាដើម។

ឥណ្ឌូណេស៊ី ​ ទឹក​ដល់​ច្រមុះ៖
ប៉ូលីស​ឥណ្ឌូណេស៊ី ​បាន​រក​ឃើញ​ថា ​ក្រុម​របស់​ជន​សាន់តូសូ​នេះ ​ ធ្លាប់​បាន​ទទួល​លុយ​ ពី​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម​ដោយ​ផ្ទាល់​ ជា​ច្រើន​លើក។ មនោគមវិជ្ជា​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ គឺ​ពង្រីក​ឥទ្ធិពល​របស់​វា ​ឲ្យ​បាន​ពាសពេញ​ពិភពលោក។ ឥណ្ឌូណេស៊ី ​ជា​ប្រទេស​មួយ​សំខាន់​ណាស់ ​ ព្រោះ​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម ​ច្រើន​លើសលុប ​ ហើយ​មួយ​ទៀត ​មាន​ភូមិសាស្ត្រ​ធំ​ទូលាយ ​ដាច់​ស្រយ៉ាល ​ដែល​អំណាច​កណ្តាល​របស់​រដ្ឋ ​មិន​អាច​គ្រប់គ្រង​បាន​ទាំង​អស់​ទេ។
 

ស្រីជនជាតិឥណ្ឌូណេស៊ី កំពុង​ធ្វើ​ពិធី​សូត្រធម៌
ស្រីជនជាតិឥណ្ឌូណេស៊ី កំពុង​ធ្វើ​ពិធី​សូត្រធម៌ CHAIDEER MAHYUDDIN / AFP

តាម​ការ​សន្និដ្ឋាន ​បច្ចុប្បន្ន​នេះ ​មាន​ជនជាតិ​ឥណ្ឌូណេស៊ី ​យ៉ាង​ហោច​ណាស់ ​ក៏​៣០០​នាក់​ដែរ​ ដែល​កំពុង​តែ​បំរើ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី។ ហើយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​វិញ ​ គឺ​មាន​ពួក​ដែល​ជា​កូន​ចៅ​របស់​ក្រុម​នេះ ​ យ៉ាង​ហោច​ណាស់​ ក៏​១០០០​នាក់​ដែរ។ ចំនួន​នេះ​នឹង​កើន​ឡើង​ទៅ​ទៀត​ ព្រោះ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ហាក់​ដូច​ជា​គ្មាន​គោលនយោបាយ​ទប់​ស្កាត់ ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។ អ្នក​ដែល​ធ្លាប់​ទៅ​ស៊ីរី​ ត្រឡប់​មក​វិញ​ អូស​ទាញ​មនុស្ស​ក្នុង​ស្រុក ​បាន​យ៉ាង​ងាយ ​ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ទេ។

ដូច្នេះ​ ពេល​នេះ​ឥណ្ឌូណេស៊ី ​អាច​ទប់​ស្កាត់​ភេរវកម្ម​បាន​មួយ​រយៈ​មែន ​ ក៏​ប៉ុន្តែ​ក្រុម​នេះ ​កំពុង​ពង្រីក​​បណ្តាញ​​យ៉ាង​ធំ ​ហើយ​អាច​ធ្វើ​ភេរវកម្ម​ គ្រប់​ពេល​ទាំង​អស់។ ហើយ​ប្រទេស​ក្បែរ​ខាង​ឥណ្ឌូណេស៊ី​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​ ​ក៏​ត្រូវ​ត្រៀម​លក្ខណៈ​ប្រុង​ប្រយត្ន័​ដែរ​ អំពី​ចលនា​អ៊ីស្លាម​ជ្រុល​និយម​ប្រភេទ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ