អានតួអត្ថបទ
ឥណ្ឌា​ និង​ប៉ាគីស្តង់

ឥណ្ឌា​ និង​ប៉ាគីស្តង់​ព្រម​សន្ទនា​ជាមួយ​គ្នា​ឡើង​វិញ

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ម៉ាន់ ម៉ូហាន់ ស៊ីន (Manmohan Singh) និង​នាយក​រដ្ឋមន្រ្តី​ប៉ាគីស្តង់​រ៉ាហ្សា ហ្ស៊ីឡានី (Raza Gilani) បាន​ជួបគ្នា នៅ​ថ្ងៃ​ព្រហស្បិ៍​ទី​២៩​មេសា​នេះ នៅ​ប្រទេស​ប៊ូតង់។ ជំនួប​ដែល​ប្រព្រឹត្ត​ទៅ នៅ​ក្រៅ​ក្រប​ខណ្ឌ​នៃ​ជំនួប​កំពូល​សមាគមន៍​ប្រជាជាតិ​អាស៊ី​ខាង​ត្បូង មាន​គោលដៅ​មួយ​ច្បាស់ នោះ​គឺ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​កិច្ចចរចា​សន្តិភាព​ជាមួយ​គ្នា​ឡើង​វិញ រវាង​ឥណ្ឌា និង​ប៉ាគីស្តង់។

លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​(ឆ្វេង) និង​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្តង់
លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​(ឆ្វេង) និង​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្តង់ © Reuters
ផ្សាយពាណិជ្ជកម្ម

 

01:06

សេចក្តី​រាយការណ៍​របស់ តាន់ ហ្សង់-ហ្វ្រង់ស័រ

ប្រទេស​បងប្អូន​គូ​សត្រូវ​ទាំងពីរ បាន​ផ្អាក​ការ​ចរចា​សន្តិភាព​ តាំងពី​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨ គឺ​ក្រោយ​ពី​មាន​ភេរវកម្ម​នៅ​ទី​ក្រុង​ ប៊ុំបៃ​(Bombay) ដែល​កាលណោះ ឥណ្ឌា​បាន​ចោទ​ថា ជា​ស្នាដៃ​របស់​ក្រសួង​ស៊ើប​ការណ៍​សម្ងាត់​ប៉ាគីស្តង់។

យ៉ាងណាមិញ ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា និង​លោក​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្តង់​នៅ​ធីមហ៊្វូ​(Thimphu) ប្រទេស​ប៊ូតង់​ថ្ងៃ​នេះ ក៏​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​មួយ​តាន​តឹង​ដែរ។ ពីព្រោះ កាលពី​ថ្ងៃ​អង្គារ​ទី​២៧​មេសា​កន្លង​ទៅ អាជ្ញាធរ​ឥណ្ឌា​បាន​ចាប់​ខ្លួន​អ្នក​ការទូត​របស់​ខ្លួន​ម្នាក់​ដែល​ធ្វើការ​នៅ​ស្ថានទូត​ឥណ្ឌា ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាត​(Islamabad) ប្រទេស​ប៉ាគីស្តង់។ ឥណ្ឌា​ចោទ​មន្រ្តី​រូប​នេះ ថា​បាន​ផ្តល់​ព័ត៌មាន​ទៅ​ឲ្យ​ក្រសួង​ស៊ើប​ការណ៍​សម្ងាត់​ប៉ាគីស្តង់។

ដើម​ដំបូង គេ​បារម្ភ​ក្រែង​រឿង​អាស្រូវ​ចារកិច្ច​នេះ បង្ក​ជា​ឧបសគ្គ​មួយ​ថ្មី​សម្រាប់​កិច្ចចរចា សន្តិភាព​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​ធ្វើ​សង្គ្រាម​នឹង​គ្នា​អស់​បី​លើក​រួច​មក​ហើយ​ តាំង​ពី​ឆ្នាំ​១៩៤៧​មក។ នៅ​ទី​បំផុត ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា និង​នាយក​រដ្ឋមន្រ្តី​ប៉ាគីស្តង់​បាន​ប្រព្រឹត្ត​ទៅ​រលូន​ល្អ ហើយ​ភាគី​ទាំងពីរ​សន្យា​ថា នឹង​ជួប​គ្នា​ជា​ថ្មី នា​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​កំណត់​របៀប​បែប​បទ​នៃ​កិច្ច​ចរចា​សន្តិភាព។

កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ប្រទេស​គូ​សត្រូវ​ទាំងពីរ​បាន​សាកល្បង​ផ្តើម​កិច្ចចរចា​ជាមួយ​គ្នា​ឡើង​វិញ ត្រឹម​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស រួច​ម្តង​ទៅ​ហើយ។ តែ​គ្មាន​បាន​ផល​អ្វី​ទាំងអស់។ កាលណោះ ប៉ាគីស្តង់​ចង់​បាន​ការ​ចរចា​ទាំង​ស្រុង​មួយ​ឡើង​វិញ រី​ឯ​ឥណ្ឌា​វិញ ដាក់​លក្ខខណ្ឌ​ឲ្យ​ប៉ាគីស្តង់​ចាប់​ខ្លួន​អ្នក​បង្ក​ភេរវកម្ម​នៅ​ទីក្រុង​ប៊ុំបៃ​ឲ្យ​បាន​សិន រួច​ហើយ​ចាំ ​ការ​ចរចា​សន្តិភាព​ជាមួយ​គ្នា​ឡើង​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ