អានតួអត្ថបទ
ថៃ

ព្រះចៅ​ភូមិបុល អាឌុលយ៉ាដេ ជា​ក្តី​សង្ឃឹម​តែ​មួយ​គត់​ដើម្បី​បញ្ចប់​វិបត្តិ ?

ស្ថានការណ៍​នៅ​ក្នុង ​ទីក្រុង​បាងកក​ កំពុង​បន្ត​តាន​តឹង​ដដែល។ តែ​បើ​គេ​កត់​សម្គាល់​ជា​រួម​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៦ ឧសភា​នេះ ភាព​ពុះ​កញ្រ្ជោល​ហាក់​ដូច​ជា​មិន​សូវ​ខ្លំាង​ក្លា​ដូច​កាល​ពី ២​ថ្ងៃ​មុន​នេះ​ទេ។ គិត​តំាង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣ ឧសភា​មក ភាព​ប្រទូស្តប្រទំាង​គ្នា​រវាង​ពួក​អាវ​ក្រហម និង​កំលំាង​ទ័ព​បាន​ផ្តាច់​ជីវិត​មនុស្ស ២៤ នាក់ និង​របួស​យ៉ាង​តិច ១៧៩​នាក់។ រហូត​មក​ទល់​ពេល​នេះ គ្មាន​ភាគី​ណា​មួយ​បាន​ត្រៀម​ខ្លួន​ដើម្បី​វិល​ទៅ​កាន់​តុ​ចរចា​ទេ។

ស្ថានការណ៍​កំពុង​បន្ត​ពុះ​កញ្ជ្រោល​ក្នុង​ទីក្រុង​បាងកក
ស្ថានការណ៍​កំពុង​បន្ត​ពុះ​កញ្ជ្រោល​ក្នុង​ទីក្រុង​បាងកក ©REUTERS/Sukree Sukplang
ផ្សាយពាណិជ្ជកម្ម

06:46

បទវិភាគ​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

នៅ​មិន​ទាន់​មាន​ភាគី​ណា​មួយ​យល់​ព្រម​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ទេ ខាង​ពួក​អាវក្រហម​ក៏​គ្មាន រខាង​រដ្ឋាភិបាល​ក៏​គ្មាន។ មិន​តែ​ប៉ុណ្ណោះ លោក​នាយក​រដ្ឋមន្រ្តី​ថៃ អាប់ភីស៊ីត​បាន​ប្រកាស​ជា​ចំហរ​តាម​កញ្ចក់​ទូរទស្សន៍​កាល​ពី​ថ្ងៃ​អាទិត្យ ទី ១៥ ឧសភា​ថា នឹង​បិទ​បញ្ចប់​ក្បួន​បាតុកម្ម​របស់​ពួក​អាវក្រហម​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ លោក​អាប់ភីស៊ីត​បាន​និយាយ​ដោយ​ម៉ឹងម៉ាត់​ថា ទោះ​បី​ជា​ត្រូវ​ប្រើ​មធ្យោបាយ​អ្វី​ក៏​ដោយ ក៏​រដ្ឋាភិបាល​មិន​ដក​ថយ និង​មិន​ចុះ​ញ៉ម​នៅ​ចំពោះ​មុខ​ពួក​អាវក្រហម​ជា​ដាច់​ខាត។ ជា​មួយ​គ្នា​នេះ លោក​អាប់ភីស៊ីត​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ ថា​កង​ទ័ព​នឹង​បើក​ការ​វាយ​បំបែក​ជំរំ​បាតុករ​នៅ​ក្នុង​ សង្កាត់​ពាណិជ្ជកម្ម Rachaprasong នា​ពេល​ខាង​មុខ ដោយ​មិន​បាន​បញ្ជាក់​ពី​ថ្ងៃ​ណា​ទេ។ អ្វី​ដែល​លោក​អាប់ភីស៊ីត​ចង់​ប្រាប់​ប្រជារាស្រ្ត​ថៃ​ទូទៅ​ឲ្យ​យល់​នោះ​គឺ​ថា អន្តរាគមន៍​របស់​រដ្ឋាភិបាល​ពេល​នេះ គឺ​ជា​ការ​បោស​សំអាត​ក្រុម​ដែល​កំពុង​រំលោភ​បំពាន​ច្បាប់​របស់​រាជាណាចក្រ។

ងាក​ទៅ​មើល​ពួក​បាតុករ​អាវក្រហម​ឯ​ណោះ​វិញ បើ​យោង​តាម​តួលេខ​ផ្តល់​ដោយ​រដ្ឋាភិបាល ចំនួន​បាតុករ​នៅ​ក្នុង​ជំរំ​បាន​ថយ​ចុះ​ពី​១ម៉ឺន​នាក់ មក​នៅ​ត្រឹម​តែ ៥ពាន់​នាក់​ប៉ុណ្ណោះ។ នេះ​ជា​តួលេខ​មួយ​ដែល​ពិបាក​នឹង​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ច្បាស់លាស់។ តែ​យ៉ាង​ណា​ក៏​ដោយ គ្នា​តិច ឬ​ច្រើន ពួក​អាវក្រហម​ហាក់​ដូច​ជា​មិន​បាក់​ស្មារតី ចុះ​ញ៉ម​នឹង​ការ​ត​ទល់​នឹង​កំលំាង​ទ័ព​ដែល​បំពាក់​ដោយ​អាវុធ​ទំនើបៗ។ សូម​ជម្រាប​ជូន​ថា​ខណៈ​នេះ កំលំាង​ទាហាន​កំពុង​បន្ត​ឡោម​ព័ទ្ធ​ជំរំ​របស់​ពួក​អាវក្រហម ដោយ​បាន​បិទ​ច្រក​ចេញ ចូល ការ​កាត់​ផ្តាច់​ទឹក កាត់​ផ្តាច់​ចរន្ត​អគ្គិសនី និង​ហាម​មិន​ឲ្យ​មាន​ការ​នំា​ស្បៀង​អាហារ​ចូល​ក្នុង​ជំរំ​នោះ​ទៀត​ផង។

 

លោកនាយករដ្ឋមន្រ្តីថៃ អាប់ភីស៊ីត
លោកនាយករដ្ឋមន្រ្តីថៃ អាប់ភីស៊ីត ©Reuters

លោក អាប់ភីស៊ីត គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ប្រើ​កំលំាង​បាយ

ការ​ដោះស្រាយ​បញ្ហា​មួយ​ដោយ​ប្រើ​កំលំាង​បាយ មិន​មែន​ជា​ដំណោះ​ស្រាយ​មួយ​ល្អ​ទេ កុំ​ថា​ឡើយ​សម្រាប់​ប្រទេស​ថៃ ទោះ​បី​ជា​ប្រទេស​ណា​ក៏​ដោយ។ តែ​បើ​ការ​ព្យាយាម​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ឬ​តាម​ការ​ចរចា​មិន​បាន​សម្រេច​ទេ ដំណោះស្រាយ​ដោយ​ប្រើ​កំលំាង​បាយ​គឺ​ជា​រឿង​មួយ​មិន​អាច​ចៀស​ផុត​ដើម្បី​រៀប​ចំ​សណ្តាប់ធ្នាប់​សង្គម​ឡើង​វិញ។ ករណី​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ រដ្ឋាភិបាល​របស់​លោក​អាប់ភីស៊ីត​មាន​ជម្រើស ៣ ទីមួយ៖ ព្យាយាម​រក​ដំណោះស្រាយ​តាម​ផ្លូវ​ចរចា ទីពីរ៖ ប្រើ​កំលំាង​បាយ​ដើម្បី​បញ្ចប់​វិបត្តិ និង​ទី​បី៖ ទុក​បណ្តោយ​ឲ្យ​ស្ថានការណ៍​អូស​បន្លាយ ដែល​បង្ក​ឲ្យ​មាន​ភាព​អណាធិបតេយ្យ​ពេញ​ទីក្រុង និង​បន្ត​ឆ្លង​រាល​ដាល​ពេញ​ផ្ទៃ​ប្រទេស​ទៀត​ផង។

កន្លង​មក ពួក​អាវ​ក្រហម និង​រដ្ឋាភិបាល​បាន​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី តាម​រយៈ​ការ​អង្គុយ​ចរចា​ទល់​មុខ​គ្នា​ចំនួន​ពីរ​លើក​បន្ត​បន្ទាប់​គ្នា។ តែ​គ្មាន​ទទួល​បាន​លទ្ធផលអ្វី​ជា​ដុំកំភួនទេដោយ​ភាគី​ម្ខាងៗ​បន្ត​ប្រកាន់​ជំហរ​តែ​រៀងៗ​ខ្លួន។ រហូត​មក​ដល់​ថ្ងៃ​ទី ៣ ឧសភា​កន្លង​ទៅ​ថ្មីៗ​នេះ​ទៀត លោក​អាប់ភីស៊ីត​បាន​ស្នើ​ឡើង​នូវ​ផែនទី​ចង្អុល​ផ្លូវ​មួយ ដោយ​បាន​ដាក់​បញ្ចូល​នូវ​ការ​ទាមទារ​ចង់​បាន​របស់​ពួក​អាវ​ក្រហម​ទៀត​ផង នោះ​គឺ ការ​រំលាយ​សភា​នៅ​ខែ​កញ្ញា និង​ការ​រៀប​ចំ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា។ តែ​បន្ទាប់​ពី​យល់​ព្រម​ទទួល​រួច​ហើយ​មក ពួក​អាវក្រហម​នៅ​តែ​មិន​ព្រម​បំបែក​ហ្វូង និង​ថែម​ទំាង​បាន​ទាមទារ​លក្ខខណ្ឌ​ថ្មី​មួយ​ទៀត នោះ​គឺ​ឲ្យ​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ស៊ូថេប (Suthep) ដែល​ពួក​គេ​ចោទ​ថា ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃទី​១០ មេសា​ ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២៥នាក់ និង​របួស​ជាង ៨០០នាក់​ផ្សេង​ទៀត។
ឃើញថាជម្រើសប្រើកំលំាងបាយរបស់លោកអាប់ភីស៊ីតពេលនេះអាចជាជម្រើស​មួយ​ដែល​លោក​គ្មាន​ជម្រើស​ផ្សេង​ទៀត ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល។ តែ​ទន្ទឹម​គ្នាពួក​អាវ​ក្រហម​ក៏​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ការ​តស៊ូ​រហូត​ដល់​ដំណក់​ឈាម​ចុង​ក្រោយ។ ដូច​ដែល​សុភាសិត​ខ្មែរ​មួយ​បាន​ពោល​ថា បើ​លូក​ប្រហុក ត្រូវ​លូក​ឲ្យ​កប់​ដៃ។

មហាក្សត្រ​ថៃ ព្រះចៅភូមិបុល អាឌុលយ៉ាដេ និង​ព្រះរាជ​អគ្គមហេសី
មហាក្សត្រ​ថៃ ព្រះចៅភូមិបុល អាឌុលយ៉ាដេ និង​ព្រះរាជ​អគ្គមហេសី ©Reuters

ព្រះមហាក្សត្រ ជា​តួអង្គ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​បញ្ចប់​វិបត្តិ ?

រហូត​មក​ដល់​ម៉ោង​នេះ តួ​អង្គ​សំខាន់​ដែល​អាច​បញ្ចប់​វិបត្តិ ឬ​ក៏​អាច​រំងាប់​ភាព​ច្របូកច្របល់​បាន គឺ​មាន​តែ​ព្រះមហាក្សត្រ ព្រះចៅភូមិបុល អាឌុលយ៉ាដេ​មួយ​អង្គ​គត់។ ព្រះចៅ​ភូមិបុល អាឌុលយ៉ាដេ​ដែល​ប្រជារាស្រ្ត​ថៃ​គោរព​ស្មើ​នឹង​ព្រះអាទិទេព។ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា កាល​ពី​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​ក្នុង​ឆ្នំា ១៩៩២ កុំ​តែ​មាន​អន្តរាគមន៍​ពី​ព្រះចៅ​ភូមិបុល ម្ល៉េះ​មិន​ដឹង​ជា​វិបត្តិ​ធ្លាក់​ដុន​ដាប​ដល់​កម្រិត​ណា​ទេ។ វិបត្តិ​នយោបាយ​ដែល​កាល​ណោះ ព្រះចៅភូមិបុល​បាន​កោះ​ហៅ​ភាគី​ជម្លោះ ទំាង​ស៊ីវិល និង​យោធា​ចូល​ក្នុង​វំាង។ មាន​បន្ទូល​តែ​មួយ​ម៉ាត់​ឲ្យ​បញ្ឈប់​ជម្លោះ ទំាង​អស់​គ្នា​ក៏​បាន​លត់​ជង្គន់​សន្យា​ឈប់​ឈ្លោះ​គ្នា​ភ្លាម។
តែ​សំណួរ​ដែល​ចោទ​នៅ​ពេល​នេះ​ថា តើ​ព្រះចៅភូមិបុល នៅ​តែ​មាន​ឥទ្ធិពល និង​ទឹក​មាត់​ប្រៃ​ដូច​កាល​ពី​ជិត ២០​ឆ្នំា​មុន ដែរ​ឬ​ទេ ?
និយាយ​ជា​រួម នៅ​តែ​មាន គ្រាន់​តែ​តិច ឬ​ច្រើន។ មាន​ព្រះជន្ម ៨២​ព្រះវស្សា ព្រះចៅ​ភូមិបុល​កំពុង​គង់​ព្យាបាល​រោគ​ក្នុង​មន្ទីរពេទ្យ​តំាង​ពី​ខែ​កញ្ញា ឆ្នំា ២០០៩​មក​ម្ល៉េះ ហើយ​តំាង​ពី​វិបត្តិ​ផ្ទុះ​ឡើង ២​ខែ​មក ព្រះ​អង្គ​មិន​មាន​ព្រះ​រាជ​បន្ទូល​អ្វី​ទំាង​អស់។ គេ​ក៏​មិន​អាច​ដឹង​ទេ​ថា តើ​នៅ​ពេល​ណា​ទើប​​ព្រះចៅ​ភូមិបុល នឹង​ចេញ​ព្រះភ័ក្រ្ត​​អន្តរាគមន៍​នៅ​ក្នុង​វិបត្តិ​នយោបាយ​នា​ពេល​នេះ​នោះ។ នៅ​ក្នុង​សង្គម​ថៃ​បច្ចុប្បន្ន មាន​មតិ​ពីរ​បាន​លើក​ឡើង​ជុំ​វិញ​តួអង្គ​ព្រះមហាក្សត្រ​នៅ​ក្នុង​វិបត្តិ​នយោបាយ។ អ្នក​ខ្លះ​យល់​ថា ព្រះមហាក្សត្រ​ជា​តួ​អង្គ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ។ តែ​សម្រាប់​អ្នក​ខ្លះ​ទៀត​គិត​ថា បើ​គេ​ចង់​កសាង​សង្គម​មួយ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ គេ​ត្រូវ​តែ​ហ៊ាន​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង ដោយ​មិន​ចំា​បាច់​ពឹង​ផ្អែក​លើ​ព្រះមហាក្សត្រ​​ទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ