អានតួអត្ថបទ
ចិន-ឥណ្ឌា​

ទំនាក់ទំនង​ចិន-ឥណ្ឌា​

លោក​នាយករដ្ឋមន្ត្រីចិន​Wen Jiabao ​បាន​បញ្ជូន​នៅថ្ងៃសុក្រ​នេះ​នូវ​សញ្ញា​មួយ​ដ៏​វិជ្ជមាន​ទៅកាន់​ប្រទេស​ឥណ្ឌា​ ​ ដោយបាន​ថ្លែងថា​ ពិភពលោក​យើង​នេះ​មាន​ទំហំ​ដ៏​សែន​ធំ​ទូលំ​ទូលាយ​សម្រាប់​មហា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ពីរ​អាច​រួមរស់​និង​ធ្វើ​សហប្រតិបត្តិការ។​ ប្រទេស​ឥណ្ឌា​ដែល​លោក​ Wen Jiabao​ត្រូវ​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ខែធ្នូ​ខាងមុខនេះ។ 

លោក​នាយករដ្ឋមន្ត្រីចិន ​Wen Jiabao
លោក​នាយករដ្ឋមន្ត្រីចិន ​Wen Jiabao © Reuters
ផ្សាយពាណិជ្ជកម្ម

01:58

សេចក្តីរាយការណ៍របស់​ សៀក សារិន

ទោះបីជា​ មហា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងពីរ​ ពោលគឺ​ចិន​និង​ឥណ្ឌា​បាន​ធ្វើ​ការដោះដូរ​ពាណិជ្ជកម្ម​នឹងគ្នា​យ៉ាង​សែន​សកម្ម​រហូតដល់​ទៅ​មាន​​បរិមាណ​គុណ​នឹង​៣០ដង​ក្នុង​រយៈពេល​តែ​១០ឆ្នាំ​ក៏​ដោយ​ ​ ក៏​មហាយក្ស​អាស៊ី​ទាំងពីរ​នៅតែ​មាន​ទំនាក់​ទំនង​ពុំ​ល្អ​នឹងគ្នា។​ តើ​ទាំងនេះ​ បណ្តាល​មក​ពី​មូលហេតុអ្វី?

 
មូលហេតុ​ចម្បង​មាន​ពីរ៖

ទី១-​មហា​ប្រទេសចិន​និង​មហាប្រទេស​ឥណ្ឌា​មាន​អធិករណ៍​ព្រំដែន​នឹងគ្នា​ជាយូរ​មកហើយ។

ទី២-​មហាយក្ស​អាស៊ីទាំងពីរ​កំពុង​ប្រកួត​ប្រជែង​គ្នា​ដណ្ដើម​ចង់បាន​ឋានៈ​ជា​អ្នក​នាំមុខ​នៃ​ក្រុម​ប្រទេស​មហាអំណាច​កំពុងអភិវឌ្ឍន៍។

នាឱកាស​ជំនួប​ក្រៅក្របខ័ណ្ឌ​នៃ​កិច្ច​ប្រជុំ​អាស៊ី-ប៉ាស៊ីហ្វិក​នៅ​ទីក្រុង​ហាណូយ​ ​ លោក​នាយក​រដ្ឋមន្ត្រីចិន​Wen Jiabao​បាន​ថ្លែង​ទៅកាន់​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ថា​៖​”​ពិភពលោក​យើង​នេះ​មាន​ទំហំ​ដ៏​សែន​ធំ​ទូលំ​ទូលាយ​សម្រាប់​មហា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ពីរ​ពោលគឺ​ចិន​និង​ឥណ្ឌា​អាច​រួមរស់​និង​ធ្វើ​សហប្រតិបត្តិការ​នឹងគ្នា​”​។

គួរកត់​សម្គាល់ថា​ ​ លោក​នាយករដ្ឋមន្ត្រីចិន​Wen Jiabao​នឹង​ត្រូវ​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​នៅចុងឆ្នាំនេះ។​ បើយោងតាម​សារព៌តមាន​ឥណ្ឌា​ ​ ប្រហែលជា​អាច​ប្រព្រឹត្ត​ទៅ​នៅ​ខែធ្នូ​ ​ បានសេចក្តីថា​ នៅ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​ការ​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​នៅ​ទីក្រុង​ញីវ​ដែលី។

អ្នក​សង្កេតការណ៍​ខ្លះ​យល់ថា​ ​ ការ​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​នៅ​ប្រទេស​ឥណ្ឌា​នេះ​គឺ​ធ្វើឡើង​ដើម្បី​ទប់ទល់​នឹង​អានុភាព​និង​ឥទ្ធិពល​របស់​ប្រទេសចិន​ដែល​បាន​កើន​កាន់តែ​ខ្លាំងឡើងៗ​នៅ​អាស៊ី​ ​ ហើយ​ដែល​បាន​បណ្តាល​ឲ្យ​ប្រទេស​ឥណ្ឌា​កើត​មាន​ក្តីបារម្ភ។

សូម​បញ្ជាក់ថា​ ​ ប្រទេស​ចិន​ធ្លាប់បាន​ដណ្តើម​យក​ជោគជ័យ​លើ​ប្រទេស​ឥណ្ឌា​ក្នុង​វិស័យ​យោធា​នៅឆ្នាំ១៩៦២​ ​ ហើយ​ប្រទេស​ទាំងពីរ​នៅតែ​បន្តមាន​អធិករណ៍​ព្រំដែន​នឹងគ្នា​ទៀត។​ ព្រំដែន​ចិន-ឥណ្ឌា​ដែល​មាន​ប្រវែង​ប្រមាណ​៣ ៥០០គីឡូម៉ែត្រ។​ ចំណែកឯ​វត្តមាន​របស់​សម្តេច​សង្ឃ​ដាឡៃ​​ឡាម៉ា​នៅ​ប្រទេស​ឥណ្ឌា​ក៏​ជា​មូលហេតុ​មួយទៀត​នៃ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ